អន្តរជាតិ
រុស្ស៊ី នឹងពិចារណាស្ដារទំនាក់ទំនងជាមួយលោកខាងលិច តែទំនាក់ទំនងជាមួយចិននឹងកាន់តែរឹងមាំ
24, May 2022 , 2:20 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែយហ្គេយ៍ ឡាវរ៉ូវ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែយហ្គេយ៍ ឡាវរ៉ូវ។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃទី២៣ ខែឧសភា លើកឡើងថា ទីក្រុងមូស្គូនឹងគិតគូរជាមុនពីភាពចាំបាច់ក្នុងការស្ដារទំនាក់ទំនងជាមួយលោកខាងលិចជាមុន ខណៈទំនាក់ទំនងនេះធ្លាក់ចុះខ្លាំងតាំងពីផ្ទុះសង្រ្គាមនៅអ៊ុយក្រែនមក។ ផ្ទុយទៅវិញ លោក ឡាវរ៉ូវ និយាយច្បាស់ៗថា ក្រុងមូស្គូនឹងផ្ដោតលើការពង្រីកទំនាក់ទំនងជាមួយក្រុងប៉េកាំង ហើយរក្សាការ​ប្រាស្រ័យ​ទាក់ទងតែជាមួយប្រទេសណាដែលអាចទុកចិត្តគ្នាបាននៅពេលអនាគតផងដែរ។



ទំនាក់ទំនងលោកខាងលិច និងរុស្ស៊ី ប្រែរទៅល្អក់កករ ក្រោយរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន ហើយ​លោកខាងលិច ក៏ឆ្លើយតបវិញជាមួយការដាក់ទណ្ឌកម្មដ៏សន្ធឹកលើសេដ្ឋកិច្ច និងយោធារុស្ស៊ី។ ទ្រព្យ​ធនរបស់រុស្ស៊ី និងសេដ្ឋីពាក់ព័ន្ធជាច្រើននាក់ ក៏ត្រូវបានបណ្ដាប្រទេសលោកខាងលិចបង្កកដើម្បី​ដាក់​សម្ពាធឱ្យរុស្ស៊ីឈប់សកម្មភាពលុកលុយ។ អស់រយៈពេលបីខែមកនេះ រុស្ស៊ីនៅតែបន្តសកម្មភាព ឯលោកខាងលិចក៏នៅតែបន្តរឹតត្បិតទំនាក់ទំនងជាមួយមូស្គូដដែល។
 
ខណៈទំនាក់ទំនងជាមួយលោកខាងលិចតានតឹង រុស្ស៊ីក៏ងាកទៅចាប់ដៃចិនយ៉ាងណែនវិញ។ កន្លងមក ចិន​មិនបានថ្កោលទោសការឈ្លានពាន​របស់​រុស្ស៊ីនោះ តែបានរិះគន់​ទណ្ឌកម្ម​លោកខាងលិច​ និងចោទ​ថា លោកខាងលិចជាអ្នកបង្ករឿង។ នៅពេលពាណិជ្ជកម្មជាមួយលោកខាងលិចជួបបញ្ហា ទំហំ​ពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិន ក៏ហក់ឡើងខ្ពស់ជាងមុន​ដោយពាណិជ្ជកម្មរួ​មរវាង​ប្រទេស​ទាំង​ពីរ​កើន​ឡើងជាង១២ភាគរយ។
 
អំឡុងវគ្គសំណួរចម្លើយក្នុងកម្មពិធីមួយនៅក្រុងមូស្គូនៅថ្ងៃទី២៣ ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បញ្ជាក់ថា រុស្ស៊ីកំពុងតែស្វែងរកប្រភពនាំចូលទំនិញថ្មីដើម្បីជំនួសទំនិញពីទីផ្សារ​លោកខាងលិច ហើយនៅពេលអនាគតរុស្ស៊ីនឹងពឹងផ្អែកតែលើប្រទេសទាំងឡាយណាដែល​អាច​ទុក​ចិត្តបាន និងមិនស្ដាប់បង្គាប់ ឬធ្វើតាមលោកខាងលិច។ នេះបើតាមសេចក្ដីប្រកាសមួយចុះ​ផ្សាយ​លើ​គេហទំព័ររបស់ក្រសួងការបរទេសរុស្ស៊ី។
 
«ប្រសិនបើពួកគេ (លោកខាងលិច) ចង់ផ្តល់អ្វីមួយទាក់ទងនឹងការស្ដារទំនាក់ទំនងឡើងវិញ នោះ​យើងនឹងពិចារណាយ៉ាងហ្មត់ចត់ថា តើយើងនឹងត្រូវការវាឬអត់»។ ប្រមុខការទូតរុស្ស៊ី សង្កត់​ធ្ងន់​បែប​នេះ រួចក៏បន្តថា រុស្ស៊ីត្រូវតែបញ្ឈប់ការពឹង​លើការផ្គត់ផ្គង់អ្វីៗគ្រប់យ៉ាង​ពី​លោក​ខាង​លិច​ដើម្បី​ធានា​ការ​អភិវឌ្ឍវិស័យសំខាន់ៗសម្រាប់ សន្តិសុខ សេដ្ឋកិច្ច និងសង្គមរុស្ស៊ី។
 
រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បង្ហាញការស្ដោកស្ដាយជាមួយទង្វើរបស់លោកខាងលិចកន្លងមកនេះ​ដែលបានព្យាយាមផ្ដាស់ប្តូរច្បាប់ទំនាក់ទំនងអន្តរជាតិ និងបានធ្វើឱ្យប៉ះពាល់ដល់រុស្ស៊ី។ លោក ឡាវរ៉ូវ ក៏រិះគន់លោកខាងលិចទៀតថា បានប្រកាន់ជំហរផ្ដាច់ការមកកាន់រុស្ស៊ី​ តែវាក៏ជាឱកាសមួយដែលរឹត​តែ​ជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចរុស្ស៊ីជាមួយចិនកាន់តែកើនឡើង និងអនុញ្ញាតឱ្យរុស្ស៊ីបង្កើត​ទំនាក់​ទំនង​ជិតស្និទ្ធជាមួយប្រទេសនៅភាគខាងកើតខ្លួន៕
 

Tag:
 រុស្ស៊ី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com