អន្តរជាតិ
ចិន អបអរនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី ខណៈទំនាក់ទំនងទ្វេភាគីបន្តជាប់គាំង
24, May 2022 , 5:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានផ្ញើសារអបអរសាទរនាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី អាន់ថូនី អាល់បានីស ដែលទើបតែបានចូលកាន់តំណែង។ នេះបើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃទី ២៣ ខែឧសភា។ មេដឹកនាំចិនបានអះអាងថា ចិនបានត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ពិនិត្យរឿងចាស់ៗ​ និងទំនាក់ទំនងនាពេលអនាគតដើម្បីបង្កើតភាពរីកចម្រើនសម្រាប់ភាគីទាំងពីរ។

 
ទំនាក់ទំនងចិន-អូស្ត្រាលី មិនល្អឡើយអំឡុងពីរឆ្នាំចុងក្រោយនេះ បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា​ទទូចឱ្យ​មាន​ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ ការហាមឃាត់ក្រុមហ៊ុនចិន Huawei ពីការអភិវឌ្ឍបណ្ដាញ 5G និងការរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងជាដើម។ ជាការឆ្លើយតប ចិនបានចាត់វិធានការតបវិញដូចជាការដាក់ពន្ធលើស្រា និងធ្យូងថ្មដែលនាំចូលពីអូស្ត្រាលី។
 
ជាជំហានដែលត្រូវមើលឃើញថាអាចបើកផ្លូវដល់ទំនាក់ទំនងល្អ នាយករដ្ឋមន្រ្តីចិន លី ខឹឈាំង បានផ្ញើសារទៅកាន់នាយករដ្ឋមន្រ្តីថ្មីអូស្ត្រាលី អាន់ថូនី អាល់បានីស ដែលទើបស្បថកាន់តំណែង។ 
 
«ភាគីចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយភាគីអូស្ត្រាលីដើម្បីពិនិត្យឡើងវិញពីរឿង​អតីត​កាល និងសម្លឹងមើលទៅរឿងនៅអនាគត»។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ស្រង់សំណេរក្នុងសំបុត្រលោក លី បែបនេះ រួចបន្តថា ​ចិននឹងព្យាយាមចូលរួម​ជំរុញឱ្យមានការ​រីកចម្រើនក្នុងភាព​ជា​ដៃគូ​យុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងក្រុងប៉េកាំង និងកង់ប៉េរ៉ាផងដែរ។
 
ទោះជាយ៉ាងណា លោក អាល់បានីស ក្នុងសុន្ទរកថារបស់ខ្លួន លើកឡើងថា​ ទំនាក់ទំនងជាមួយចិន អាចបន្តពិបាកទៅមុខទៀត។ លោកក៏ទទូចឱ្យចិនត្រូវតែផ្លាស់ប្តូរទង្វើដែលកំពុងធ្វើដើម្បីស្ដារស្ថានភាព ទំនាក់ទំនងទ្វេភាគីឡើងវិញ។
 
សាររបស់មេដឹកនាំចិន ផ្ញើចំពេលដែលលោក អាល់បានីស កំពុងធ្វើដំណើរទស្សនកិច្ចនៅជប៉ុនជា​លើក​ដំបូងក្នុងនាមជាមេដឹកនាំអូស្ត្រាលី។ នៅទីក្រុងតូក្យូ នាយក​រដ្ឋមន្ត្រីអូស្ត្រាលី ជួប​ជាមួយ​មេដឹកនាំ​សន្តិសុខចតុភាគី (Quad) មានជប៉ុន ឥណ្ឌា និងអាម៉េរិក៕
 

Tag:
 ចិន
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com