អន្តរជាតិ
តើអ្វីជាក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិក?
24, May 2022 , 8:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (កណ្តាល) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ (ខាងឆ្វេង) ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (កណ្តាល) និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅលើទឹកដីជប៉ុន ក្នុងថ្ងៃទី២៣ ខែឧសភា បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថី្ម។ វាមានចំណុចខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមុនៗ ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

 
ពីទឹកដីជប៉ុន ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកជាផ្លូវការ ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្រ្តីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ រួមទាំងមេដឹកនាំបណ្តាប្រទេសផ្សេងទៀត តាមប្រព័ន្ធវីដេអូ។ 
 
សមាជិកដំបូងនៃIPEF មានចំនួន ១៣ប្រទេស​ ដោយក្នុងនោះមានដូចជា អាម៉េរិក, អូស្រ្តាលី, ព្រុយណេ, ឥណ្ឌា, ឥណ្ឌូណេស៊ី, ជប៉ុន, ម៉ាឡេស៊ី, នូវែលសេឡង់, ហ្វីលីពីន, សិង្ហបុរី, កូរ៉េខាងត្បូង, ថៃ និងវៀតណាម។ សមាជិកទាំង ១៣ប្រទេសនេះ មានទំហំសេដ្ឋកិច្ចចំនួន៤០ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។​
 
តើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ជាអ្វី? 
 
ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) លេចជារូបរាងដំបូង នៅចុងឆ្នាំ២០២១ និងត្រូវបានអាម៉េរិកចាត់ទុកជាការរៀបចំសេដ្ឋកិច្ចបែបថ្មីក្នុងសតវត្សរ៍ទី២១។ តាមសេចក្តីថ្លែងការណ៍របស់សេតវិមានអាម៉េរិកចេញនៅថ្ងៃទី២៣ ខែឧសភា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក បានផ្តោតលើសសរស្តម្ភចំនួន៤ ដូចជា ការតភ្ជាប់សេដ្ឋកិច្ចជាមួយដៃគូ, ការស្តារសេដ្ឋកិច្ចឡើងវិញ,​ សេដ្ឋកិច្ចដើរដោយថាមពលស្អាត និងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ។ 
 
គោលបំណងរបស់IPEF គឺដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសនៅក្នុងតំបន់ សម្រាប់សេដ្ឋកិច្ចសកល និងគំនិតបង្កើតថ្មីលើវិស័យបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ ក្របខណ្ឌសេដ្ឋកិច្ចមួយនេះ នឹងធ្វើឱ្យមានសេដ្ឋកិច្ចរឹងមាំ ត្រឹមត្រូវ និងខ្លាំងជាងមុនសម្រាប់កម្មករ និងធុរកិច្ចនៅអាម៉េរិក រួមទាំងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ 
 
បើទោះគម្រោងសេដ្ឋកិច្ចមួយនេះ មិនទាន់ត្រូវបានបញ្ចេញព័ត៌មានលម្អិតក្តី កន្លងមក មន្រ្តីអាម៉េរិក បានបកស្រាយថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ខុសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមុនៗ ដែលត្រូវចំណាយពេលយូរ ក្នុងការចរចា។ 
 
ក្នុងសន្និសីទសារព័ត៌មានតាមទូរសព្ទ​ជុំវិញការសម្ពោធ IPEF នៅថ្ងៃទី២៣ ខែឧសភា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក បានពន្យល់ថា ក្របខណ្ឌសេដ្ឋកិច្ចថ្មីនេះ នឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចក្នុងសតវត្សរ៍ទី២១ ដោយមានចាប់ពីសេដ្ឋកិច្ចបែបឌីជីថល ច្រវាក់ផលិតកម្ម ការប្រឆាំងអំពើពុករលួយ ដល់ការវិនិយោគលើថាមពលស្អាត ខណៈគំរូពាណិជ្ជកម្មបែបចាស់ មិនបានកំណត់ពីការប្រឈមទាំងនេះឡើយ។ 
 
សម្រាប់គំរូពាណិជ្ជកម្មចាស់នោះ លោក Sullivan គឺចង់សំដៅដល់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ បើតាមទីប្រឹក្សាសន្តិជាតិអាម៉េរិករូបនេះ គំរូពាណិជ្ជកម្មចាស់នេះ បានធ្វើឱ្យកម្មករ ធុរកិច្ច និងប្រជាជនអាម៉េរិករងផលប៉ះពាល់យ៉ាងខ្លាំង។ 
 
ចំណែកលោកស្រី​ Katherine Tai តំណាងពាណិជ្ជកម្មអាម៉េរិកវិញ បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះ អាចមិនរួមបញ្ចូលការកាត់បន្ថយពន្ធនាំចូល ដូចដែលមានក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានធ្វើឱ្យអាម៉េរិករងគ្រោះយ៉ាងខ្លាំង។ ប៉ុន្តែគម្រោងខាងលើ នឹងផ្តោតលើការងារអាទិភាពជាច្រើន ដែលពិភពលោក កំពុងជួបប្រទះ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ 
 
ពីទីក្រុងតូក្យូក្នុងថ្ងៃទី២៣ ខែឧសភា លោកបៃឌិន បានលើកឡើងថា អនាគតនៃសេដ្ឋកិច្ចសតវត្សរ៍ទី២១ នឹងត្រូវបានសរសេរនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 
 
«យើងកំពុងសរសេរវិធានថ្មី»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីសម្ពោធ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបន្តថា គម្រោងសេដ្ឋកិច្ចថ្មីនេះ នឹងផ្តោតលើស្តង់ដារខ្ពស់ និងការរួមបញ្ចូល។ បើតាមប្រធានាធិបតីអាម៉េរិក IPEF នឹងបើកចំហ សម្រាប់បណ្តាប្រទេសផ្សេង ដែលចង់ចូលជាសមាជិក នាពេលអនាគត។ 
 
បើទោះមេដឹកនាំអាម៉េរិក បានអះអាងបែបនេះក្តី ប៉ុន្តែសមាជិកភាពរបស់ចិន ក្នុងក្របខណ្ឌសេដ្ឋកិច្ចមួយនេះ ទំនងមិនមែនជារឿងងាយស្រួលឡើយ ខណៈចិន បានរិះគន់ IPEF ធ្វើឱ្យមានការប្រឈមមុខដាក់គ្នានៅក្នុងតំបន់។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៣ ខែឧសភា លោក Sullivan បានបញ្ជាក់ថា អ្វីដែលសមាជិកក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក កំពុងធ្វើ គឺកំណត់ពីនីតិវិធី និងលក្ខខណ្ឌចូលជាសមាជិកចូលថ្មី។ លោក Sullivan បានបន្តថា ប្រទេសមួយចំនួន មិនអាចចូលរួមជាសមាជិកភាពបាន ដោយគ្រាន់តែប្រកាសពីការចូលរួមនោះទេ។ យ៉ាងណាមិញ មន្រ្តីអាម៉េរិករូបនេះ មិនបានបកស្រាយឱ្យបានលម្អិតឡើយ លើនីតិវិធីនៃសមាជិកភាព IPEF។ 
 
សមាជិកIPEF ភាគច្រើនសុទ្ធតែមានភាពតានតឹងជាមួយចិនដូចជា អាម៉េរិក ឥណ្ឌា ជប៉ុន និងអូស្រ្តាលី ខណៈបណ្តាប្រទេសអាស៊ានមួយចំនួន មានជម្លោះជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។ 
 
មុនសម្ពោធក្របខណ្ឌសេដ្ឋកិច្ចខាងលើមួយថ្ងៃ រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី ក្នុងជំនួបជាមួយសមភាគីប៉ាគីស្ថាន បានរិះគន់គំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចថ្មីរបស់អាម៉េរិក និងជំរុញឱ្យក្រុងវ៉ាស៊ីនតោនបន្តអនុវត្តបទបញ្ញត្តិពាណិជ្ជកម្មសេរី ជាជាងបង្កើតអ្វីថ្មី ដែលបំផ្លាញដល់ស្ថិរភាពតំបន់។ មិនតែប៉ុណ្ណោះ លោក វ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានយល់ឃើញថា IPEF គួរតែមានលក្ខណៈបើកចំហរជាជាងការបង្កើតការប្រឈមមុខ ក្នុងភូមិសាស្រ្តនយោបាយ៕ 
 

Tag:
 អាម៉េរិក
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com