អន្តរជាតិ
ក្រុមប្រទេស QUAD ដាក់ចេញគំនិតផ្តួចផ្តើមដែនសមុទ្រថ្មី ដើម្បីទប់ស្កាត់នាវាចរណ៍ខុសច្បាប់
25, May 2022 , 9:29 am        
រូបភាព
មេដឹកនាំក្រុមប្រទេស QUAD នាក្រុងតូក្យូ។ រូបភាព៖ Kyodo
មេដឹកនាំក្រុមប្រទេស QUAD នាក្រុងតូក្យូ។ រូបភាព៖ Kyodo
ក្រុមប្រទេសក្នុងយន្តការដៃគូសន្តិសុខចតុភាគី (QUAD) នៅថ្ងៃទី២៤ ខែឧសភា បានបង្ហាញគំនិតផ្តួតផ្តើមលើដែនសមុទ្រថ្មី ដោយផ្អែកលើផ្កាយរណប ដើម្បីតាមដានការនេសាទ និងសកម្មភាពនាវាចរណ៍ខុសច្បាប់ក្នុងដែនសមុទ្ររបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របពេលចិន និងជប៉ុនមានជម្លោះនៅក្នុងតំបន់សមុទ្រខាងកើត និងបន្ទាប់ពីអូស្រ្តាលីបានចោទនាវាចារកិច្ចចិនបង្ហាញវត្តមានក្បែរមូលដ្ឋានយោធាខ្លួន។

 
មេដឹកនាំភាពជាដៃគូសន្តិសុខចតុភាគី នៅថ្ងៃទី២៤ ខែឧសភា បានជួបជុំគ្នានៅទីក្រុងតូក្យូ ដោយមាននាយករដ្ឋមន្រ្តីជប៉ុន  គីស៊ីដា ហ្វូមីអូ ជាប្រធាន។ ក្នុងជំនួបជួបផ្ទាល់លើកទីពីរ បន្ទាប់ពីកិច្ចប្រជុំនាក្រុងវ៉ាស៊ីនតោន ក្នុងខែកញ្ញា ឆ្នាំ២០២១ មេដឹកនាំអាម៉េរិក ឥណ្ឌា អូស្រ្តាលី និងជប៉ុន បានជជែកពីបញ្ហាដូចជាអ៊ុយក្រែន យុទ្ធសាស្រ្តសេរី និងបើកចំហរក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការដាក់ចេញគំនិតផ្តួតផ្តើមលើដែនសមុទ្រថ្មី ដោយផ្អែកលើផ្កាយរណប។ 
 
គំនិតផ្តួចផ្តើមថ្មីនេះ នឹងជួយឱ្យបណ្តាសមាជិក QUAD អាចតាមដានសកម្មភាពនេសាទ និងនាវាចរណ៍ខុសច្បាប់តាមរយៈប្រព័ន្ធផ្កាយរណប។ គម្រោងមួយនេះ ត្រូវបានហៅថា ភាពជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ការយល់ដឹងផ្នែកសមុទ្រ (Indo-Pacific Partnership for Maritime Domain Awareness)។ 
 
តាមការបញ្ជាក់របស់រដ្ឋាភិបាលអាម៉េរិក សមាជិកក្រុមប្រទេស QUAD ត្រូវប្តេជ្ញាផ្តល់រូបភាពទាក់ទិនសកម្មភាពក្នុងសមុទ្រឱ្យបានលឿន ធំទូលាយ និងត្រឹមត្រូវ នៅក្នុងតំបន់ដែនទឹកនៃសមាជិកទាំងអស់។ រូបភាពទាំងនោះ នឹងជួយប្រទេសទាំង ៤ ការពារការនេសាទ និងការរត់ពន្ធអាវុធខុសច្បាប់  រួមទាំងការឆ្លើយតបនឹងហេតុការណ៍អាកាសធាតុ និងមនុស្សធម៌ផ្សេងៗ។ 
 
ក្រោមគម្រោងខាងលើ ប្រទេសជាសមាជិក ក៏អាចតាមដានការធ្វើនាវាចរណ៍ខុសច្បាប់ ឬវត្តមានរបស់នាវាដែលបិទប្រព័ន្ធតាមដាននៅក្នុងសមុទ្រផង។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo មន្រ្តីអាម៉េរិកមួយរូប បានអះអាងថា គំនិតផ្តួចផ្តើមលើដែនសមុទ្រថ្មីនេះ ទាមទារឱ្យប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងប្រទេសនៅតំបន់ផ្សេងទៀត កែលម្អសមត្ថភាពរបស់ខ្លួនដើម្បីដឹងពីអ្វីកំពុងកើតឡើងនៅក្នុងដែនទឹករបស់គេ។
 
ការដាក់ចេញភាពជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់ការយល់ដឹងផ្នែកសមុទ្រ ធ្វើឡើងស្របពេលចិន និងជប៉ុន កំពុងមានជម្លោះនៅក្នុងសមុទ្រចិនខាងកើត។ នៅក្នុងថ្ងៃទី២០ ខែឧសភា ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ទីក្រុងប៉េកាំងកំពុងទាញយកធនធានធម្មជាតិនៅសមុទ្រចិនខាងកើត ដែលចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន។ 
 
បន្ថែមពីនេះ ប្រមាណពីសប្តាហ៍មុន អូស្រ្តាលីបានថ្កោលទោសចិន បន្ទាប់ពីនាវាចារកិច្ចចិនមួយគ្រឿង បានបង្ហាញវត្តមាននៅក្បែរឆ្នេរភាគខាងលិចរបស់ខ្លួន ដែលជាតំបន់ប្រមូលផ្តុំដោយមូលដ្ឋានយោធា។ ការណ៍នេះ បានធ្វើឱ្យយោធាអូស្រ្តាលីតាមដានយ៉ាងដិតដល់៕ 
 

Tag:
 QUAD
  ចិន
  អាម៉េរិក
  ជប៉ុន
  ឥណ្ឌា
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com