អន្តរជាតិ
ក្នុងទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី បន្ទោសចិនដែលបានដាក់ពន្ធលើទំនិញរបស់ខ្លួន
25, May 2022 , 10:55 am        
រូបភាព
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី។ រូបភាព៖ Reuters
លោក អាន់ថូនី អាល់បានីស នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី។ រូបភាព៖ Reuters
នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្មី លោក អាន់ថូនី អាល់បានីស នៅថ្ងៃទី២៤ ខែឧសភា បានស្ដី បន្ទោសចិន ដែលបានតម្លើងពន្ធលើទំនិញរបស់អូស្ត្រាលីនៅពីរឆ្នាំមុន។ លោកអាល់បានីស បានសង្កត់ធ្ងន់ថា ទណ្ឌកម្មចិនគ្មានហេតុផលត្រឹមត្រូវ ហើយវាគួរតែត្រូវលុបចោល។

 
អំឡុងសន្និសីទកាសែតក្រៅជំនួបភាពជាដៃគូសន្តិសុខចតុភាគី (Quad) នៅថ្ងៃទី២៤ ខែឧសភា នាទីក្រុងតូក្យូ ជប៉ុន នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាល់បានីស បានបញ្ជាក់ថា លោកបានទទួល លិខិតអបអរសាទរ ទាក់ទិនការចូលកាន់តំណែងមេដឹកនាំអូស្ត្រាលីពីសមភាគីចិន លោក លី ខឺឈាំង។ ខណៈរវល់នឹងជំនួប Quad នៅទីក្រុងតូក្យូ លោកអាល់បានីបានសន្យាថា ឆ្លើយ​តប​ក្រុងប៉េកាំងវិញ ឱ្យ​បាន​ទាន់​ពេល​វេលា នៅ​ពេល​ ត្រឡប់​ទៅ​អូស្ត្រាលី​វិញ។
 
ក្នុងសន្និសីទកាសែតនេះ លោកអាល់បានីសក៏បាននិយាយថា លោកព្រួយបារម្ភ  កាន់តែខ្លាំងឡើងអំពីពន្ធដ៏ច្រើន ដែលដាក់ដោយក្រុងប៉េកាំងលើទំនិញអូស្ត្រាលី រួមមានពីធ្យូងថ្មរហូតដល់បង្កង នៅក្នុងត្រឹមតែប៉ុន្មានឆ្នាំ បន្ទាប់ពីប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
 
«អូស្ត្រាលីមិនបានផ្លាស់ប្តូរ (គោលជំហរ) នោះឡើយ តែជាចិនទៅវិញទេ»។ នាយករដ្ឋមន្ត្រី អូស្ត្រាលី បានលើកឡើងបែបនេះ រួចបន្តថា ចិនបានដាក់ទណ្ឌកម្មលើទីក្រុងកង់ប៉េរ៉ា ដោយមិនមានហេតុផល។ ត្រង់ចំណុចនេះ មេដឹកនាំអូស្រ្តាលីបានជំរុញឱ្យចិនលុបចោលពន្ធលើទំនិញអូស្រ្តាលី។  
 
ក្នុងលិខិតទៅកាន់សមភាគីអូស្រ្តាលី លោកលី បានអះអាងថាភាគីចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយភាគីអូស្ត្រាលីពិនិត្យឡើងវិញពីរឿងអតីតកាល និងសម្លឹងមើលរឿងនៅអនាគត។ ការផ្ញើលិខិតអបអរសាទរនេះត្រូវបានមើលឃើញថា ជាការព្យាយាមរបស់ក្រុងប៉េកាំង ក្នុងការបើកផ្លូវសម្រាប់ការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។
 
គួរបញ្ជាក់ថាទំនាក់ទំនងចិន-អូស្ត្រាលីរឹតតែតានតឹងឡើងក្នុងពេលពីរឆ្នាំចុងក្រោយ បន្ទាប់ពីទីក្រុងកង់ប៉េរ៉ា​ទទូចឱ្យ​មាន​ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ ការហាមឃាត់ក្រុមហ៊ុនចិន Huawei ពីការអភិវឌ្ឍបណ្ដាញ 5G និងការរិះគន់បញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងជាដើម។ កន្លងមក ចិន បានដំឡើងពន្ធលើស្រាអូស្រ្តាលីជាច្រើ​ន ក្រោមហេតុផលប្រឆាំងចំណាត់ការចាក់ចោល និងដំឡើងពន្ធលើទំនិញផ្សេងទៀត ដើម្បីការពារតម្លៃផលិតផលខ្លួន៕ 
 

Tag:
 អូស្រ្តាលី
  ចិន
  ជប៉ុន
  QUAD
© រក្សាសិទ្ធិដោយ thmeythmey.com