អន្តរជាតិ
មនុស្សយ៉ាងហោចណាស់២១នាក់ ត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងក្នុង​បឋមសិក្សា​នៅរដ្ឋតិចសាស
25, May 2022 , 11:48 am        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
កុមារ ១៩នាក់ និងមនុស្សពេញវ័យ ២នាក់ នៅថ្ងៃទី ២៤ ខែឧសភា ត្រូវបានបាញ់សម្លាប់​ដោយខ្មាន់កាំភ្លើងវ័យ ១៨ឆ្នាំម្នាក់ ក្នុងបឋមសិក្សា Robb Elementary នៅរដ្ឋតិចសាស (Texas) មុនពេលត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ខ្មាំងកាំភ្លើង។  នេះគឺជាឧក្រិដ្ឋកម្មបាញ់សម្លាប់ដ៏ឃោឃៅមួយទៅលើកុមារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនៅអាម៉េរិក។

 
ក្មេងប្រុសជំទង់អាយុ ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់កុមារ ១៩នាក់ និងគ្រូបង្រៀនម្នាក់ក្នុង​បឋម​សិក្សា Robb នៃរដ្ឋតិចសាស (Texas) ក្រោយសង្ស័យថា ខ្មាំងកាំភ្លើងនេះ បានបាញ់ជីដូនរបស់ខ្លួននៅឯផ្ទះហើយ។ ខ្មាន់កាំភ្លើងបានបើក​រថយន្តគេចចេញពីផ្ទះ ក្រោយបាញ់ជីដូន ហើយតម្រង់ទៅសាលារៀន ដោយបានបន្ដសកម្មភាព​បាញ់ក្មេងៗនិងគ្រូបង្រៀនម្នាក់។ យ៉ាងណាមិញ ទំនាក់ទំនងរវាងព្រឹត្តិ​ការណ៍ទាំងពីរនេះ​នៅមិនទាន់មានការសន្និដ្ឋានច្បាស់ឡើយពីមន្ត្រីអាជ្ញាធរក្នុងតំបន់។ 
 
មន្ត្រីនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋតិចសាស លោក Erick Estrada បានប្រាប់ភ្នាក់ងារ​ព័ត៌មាន CNN ថាខ្លួនបានឃើញខ្មាន់កាំភ្លើងពាក់អាវក្រោះការពារខ្លួន ងើបចេញពីរថយន្ត​ដែលបានខូចខាតពីការបុកទង្គិច ដើម្បីគេចខ្លួន។ ឃាតកររូបនេះ បានកាន់កាំភ្លើងចូលទៅក្នុងសាសារៀន ហើយធ្វើសកម្មភាព​បាញ់ប្រហារតែម្តង។ 
 
កុមារ ១៩នាក់ដែលបានបាញ់សម្លាប់ គឺជាសិស្សរៀនថ្នាក់ទី២ ទី៣ និងទី៤ ដែលពួកគេមាន​អាយុចន្លោះពី ៧ទៅ១០ឆ្នាំ នៅក្នុងសាលា Robb Elementary។ ​លោក Pete Arredondo ប្រធាន​នាយកដ្ឋាន​ប៉ូលិស​ខណ្ឌ Uvalde បានថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បែបនេះ។ 
 
ក្រោយព្រឹត្តិការណ៍បាញ់សម្លាប់នេះ មន្ទីរពេទ្យ Uvalde Memorial បានបញ្ជាក់ថា សិស្ស ១៥នាក់ក្នុងហេតុការណ៍ និងជនរងគ្រោះវ័យ ៤៥ឆ្នាំ ដែលរងរបួស ត្រូវបាន​បញ្ជូនមកបន្ទប់សង្គ្រោះបន្ទាន់ ដោយពីរនាក់ទៀតត្រូវបានផ្ទេរទៅ San Antonio ដោយត្រូវ​ការការថែ​ទាំបន្ថែម។ ជនរងគ្រោះទាំងអស់មិនទាន់អាចធានាបានទេថាពួកគេនឹង​ឆ្លងផុតការ​ស្លាប់។​ 
 
ដោយឡែក មនុស្ស២នាក់ ដែលបានបញ្ជូនទៅមន្ទីរពេទ្យសាកលវិទ្យាល័យនៅ San Antonio សុទ្ធតែ​ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ។ អ្នកទាំង២នោះមានម្នាក់ជាមនុស្ស​ចាស់អាយុ ៦៦ឆ្នាំ និងកុមារីម្នាក់អាយុ១០ឆ្នាំ។ មន្ទីរពេទ្យរបស់សាកលវិទ្យាល័យនៅ San Antonio បានអះអាងបែបនេះលើបណ្ដាញ Twitter។ 
 
បន្ទាប់ពីហេតុការណ៍នេះ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ជំរុញឱ្យប្រឆាំងនឹងក្រុមបញ្ចុះបញ្ជូលលើសិទ្ធិកាន់អាវុធ ដើម្បីបញ្ឈប់ករណីបាញ់ប្រហារនៅអាម៉េរិក។ បើតាមលោកបៃឌិន អាម៉េរិក ត្រូវតែដាក់ចេញចំណាត់ការ ដើម្បីទប់ស្កាត់ហេតុការណ៍អាក្រក់ទាំងនោះ។ 
 
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅរដ្ឋតិចសាសនេះ គឺជាហេតុការណ៍ដ៏សាហាវបំផុតមួយ​នៅសាលារៀននៅ​អាម៉េរិកក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយ។ កាលពីឆ្នាំ ២០១២ ហេតុការណ៍បែបនេះបានកើតឡើងដែរ ដោយខ្មាន់កាំភ្លើងបានសម្លាប់​មនុស្ស ២៦នាក់ រួមទាំងកុមារ២០ នាក់នៅសាលាបឋមសិក្សា Sandy Hook ក្នុងរដ្ឋ Connecticut៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com