ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់បក្សភ្លើងទៀនថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធាន គឺខុសនឹងលក្ខន្តិកៈ ហើយត្រូវពិនិត្យឡើងវិញ
25, May 2022 , 1:37 pm        
រូបភាព
លោក សុន ឆ័យ (អត់ពាក់មួក) និង លោក ទាវ វណ្ណុល ស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ (អត់ពាក់មួក) និង លោក ទាវ វណ្ណុល ស្ថិតក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
ដោយ: ថ្មីៗ
សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រាប់ទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺផ្ទុយនឹងប្រការ២០ និងប្រការ៣៣ ក្នុងលក្ខន្តិកៈរបស់គណបក្សភ្លើងទៀន។ លិខិតរបស់រដ្ឋមន្រ្តីមហាផ្ទៃ ដែលផ្ញើទៅប្រធានគណបក្សភ្លើងទៀន គឺចុះកាលបរិច្ឆេទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។



តាមរយៈលិខិត រដ្ឋមន្រ្តីមហាផ្ទៃ បានណែនាំគណបក្សភ្លើងទៀន ឲ្យពិនិត្យឡើងវិញ ចំពោះការតែងតាំងលោក សុន ឆ័ន ជាអនុប្រធាន ហើយត្រូវអនុវត្តតាមលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ។

ប្រការ២០ ក្នុងលក្ខន្តិកៈរបស់គណបក្សភ្លើងទៀន ចែងថា សមាជ បោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនាយកគណបក្ស ដោយមតិភាគច្រើនដាច់ខាត (៥០% +១) នៃសមាជិកដែលមានវត្តមាន។ ចំណែកប្រការ៣៣ ចែងថា ប្រធានគណបក្ស តែងតាំងអនុប្រធានយ៉ាងតិច១រូប ក្នុងចំណោមសមាជិកគណៈកម្មាធិការនាយក បន្ទាប់ពីមានការយល់ព្រមពីមតិភាគច្រើនដាច់ខាតនៃគណៈកម្មាធិការនាយក។ 

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ថាច់ សេដ្ឋា អ្នកនាំពាក្យ និងជាអនុប្រធានគណបក្សភ្លើងទៀនដែរនោះ បានបកស្រាយថា ដំណើរការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ស គឺធ្វើឡើយតាមនីតិវិធី ហើយក៏មិនមានខុសលក្ខន្តិកៈដែរ។ ប៉ុន្តែ លោក អះអាងថា ដោយសារការបោះឆ្នោតកាន់តែខិតជិតមកដល់ ហើយមមាញឹកនឹងការឃោសនាបោះឆ្នោត ទើបគណបក្សភ្លើងទៀន មិនបានធ្វើរបាយការណ៍ស្ដីពីដំណើរការតែងតាំងលោក សុន ឆ័យ ទៅក្រសួងមហាផ្ទៃ។ លោក ផ្តល់ព័ត៌មានថា នៅថ្ងៃទី៣០ ខែឧសភានេះ ក្រុមការងារគណបក្សភ្លើងទៀន នឹងរៀបចំឯកសារទៅក្រសួងមហាផ្ទៃ។

លោក បញ្ជាក់ថា៖«មិនមែនខុសលក្ខន្តិកៈទេ! ក្រសួងមហាផ្ទៃបានឃើញយើង ប្រកាសពីតំណែងលោក សុន ឆ័យ ជាអនុប្រធានគណបក្ស ប៉ុន្តែគាត់ (ក្រសួង) មិនឃើញរបាយការណ៍ទៅមហាផ្ទៃពីការប្រជុំសម្រេចតែងតាំង។ បើយោតាមលក្ខន្តិកៈយើងផ្ទុយ ប៉ុន្តែបើតាមបែបបទនៃការតែងតាំងយើងបានធ្វើត្រឹមត្រូវតាមនីតិវិធី គ្រាន់តែយឺតយ៉ាវបញ្ជូនកំណត់ហេតុទៅតែប៉ុណ្ណោះ»។

សូមរម្លឹកថា លោក សុន ឆ័យ ត្រូវបានតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀន កាលពីខែមេសា ឆ្នាំ២០២២៕ 

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com