អន្តរជាតិ
លោក Tedros ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានអង្គការWHO នៅអាណត្តិទីពីរ
25, May 2022 , 2:45 pm        
រូបភាព
លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក។ រូបភាព៖ Xinhua
លោក Tedros Adhanom Ghebreyesus ប្រមុខអង្គការសុខភាពពិភពលោក។ រូបភាព៖ Xinhua
រដ្ឋសមាជិកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៤ ខែឧសភា បានបោះឆ្នោតឱ្យលោក Tedros Adhanom Ghebreyesus ជាប្រធានអង្គការអន្តរជាតិមួយនេះនៅអាណត្តិទីពីរ។ អាណត្តិរបស់ប្រធានអង្គការសុខភាពពិភពលោកមានរយៈពេល ៥ឆ្នាំ និងអាចកាន់បានពីរអាណត្តិ។

 
ក្នុងកិច្ចប្រជុំនៅខែមករា ឆ្នាំ ២០២២ ក្រុមប្រឹក្សាប្រតិបត្តិអង្គការសុខភាពពិភពលោក បានជ្រើសតាំង លោក Tedros Adhanom Ghebreyesus ជាបេក្ខជនតែមួយរូបគត់ ក្នុងការប្រជែងជាប្រធានអង្គការ WHO នៅអាណត្តិបន្ទាប់។ 
 
ក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៥ នាទីក្រុងហ្សឺណែវ លោកវេជ្ជបណ្ឌិត Tedros ត្រូវបានរដ្ឋសមាជិកបោះឆ្នោត ជ្រើសតាំងឱ្យកាន់តំណែងជាប្រមុខអង្គការ WHO ជាលើកទីពីរ។ 
 
«ខ្ញុំមានអារម្មណ៍មិនស័ក្តិសមចំពោះឱកាស ដែលរដ្ឋសមាជិកផ្តល់ឱ្យសម្រាប់អាណត្តិទីពីរ ក្នុងនាមជាអគ្គនាយកWHO»។ លោក Tedros ដែលជាអតីតរដ្ឋមន្រ្តីសុខាភិបាលអេត្យូពី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា កិត្តិយសមួយនេះ គឺមកជាមួយការទទួលខុសត្រូវដ៏ធំ ហើយលោកនឹងប្តេជ្ញាធ្វើការជាមួយបណ្តាប្រទេសទាំងអស់ រួមទាំងសហការីរបស់អង្គការសុខភាពពិភពលោក នៅជុំវិញពិភពលោក។ អាណត្តិថ្មីរបស់ប្រមុខអង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហាខាងមុខ។ 
 
ទន្ទឹមនេះ ប្រមុខអង្គការរូបនេះ បានបន្ថែមថា អង្គការសុខភាពពិភពលោក នឹងផ្តោតលើការត្រៀមខ្លួនក្នុងស្ថានភាពអាសន្ន និងកែលម្អសមត្ថភាពរបស់ខ្លួន។ កន្លងមក អង្គការ WHO បានរងការរិះគន់យ៉ាងខ្លាំង ដោយសារតែបំពេញកិច្ចការយឺតយ៉ាវ ជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩។ 
 
លោក Tedros កន្លងមក បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ការពន្លឿនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជំងឺអេប៉ូឡា ជំងឺអុតស្វា និងជំងឺឆ្លងផ្សេងទៀត។ 
មុនក្លាយជាប្រមុខអង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ២០១៧ លោក Tedros ធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេសអេត្យូពី (២០១២-២០១៦) និងជារដ្ឋមន្រ្តីសុខាភិបាលអេត្យូពី (២០០៥-២០១២)។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាមូលនិធិសកលប្រយុទ្ធប្រឆាំង​ជំងឺអេដស៍, ជំងឺរបេង និងជំងឺគ្រុនចាញ់៕ 
 

Tag:
 WHO
© រក្សាសិទ្ធិដោយ thmeythmey.com