អន្តរជាតិ
ក្រោយទស្សនកិច្ចលោកបៃឌិន កូរ៉េខាងជើងបានបាញ់មីស៊ីល និងធ្វើតេស្តឧបករណ៍បំផ្ទុះនុយក្លេអ៊ែរ
25, May 2022 , 4:34 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែឧសភា បានបាញ់មីស៊ីលចំនួន ៣គ្រាប់ទៅក្នុងសមុទ្រខាងកើត ដោយ ត្រូវបានសង្ស័យថា មានទាំងមីស៊ីលអន្តរទ្វីបផង។ ក្នុងថ្ងៃដដែលនោះ មន្រ្តីកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង ក៏បានសាកល្បងឧបករណ៍បំផ្ទុះអាវុធនុយក្លេអ៊ែរផងដែរ។ ការបាញ់មីស៊ីល និងការសាកល្បងឧបករណ៍បំផ្ទុះនុយក្លេអ៊ែរចុងក្រោយនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជប់ទស្សនកិច្ចនៅអាស៊ីខាងកើត។

 
នៅថ្ងៃទី២៤ ខែឧសភា ប្រធានាធិបតីអាម៉េរិក លោក​ចូ បៃឌិន បានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ដោយការបាញ់មីស៊ីលកូរ៉េខាងជើង គឺជាប្រធានបទដ៏សំខាន់មួយរវាងមេដឹកនាំអាម៉េរិក ជាមួយមេដឹកនាំកូរ៉េខាងត្បូង, ជប៉ុន រួមទាំងថ្នាក់ដឹកនាំភាពជាដៃគូសន្តិសុខចតុភាគី (QUAD)។ មុនដំណើរទស្សនកិច្ចនេះ មន្រ្តីអាម៉េរិក បានប៉ាន់ប្រមាណរួចហើយថា កូរ៉េខាងជើង អាចសាកល្បងមីស៊ីលក្នុងពេល ឬក្រោយបំពេញទស្សនកិច្ចរបស់លោកបៃឌិន។ 
 
មិនខុសពីការរំពឹងទុក កូរ៉េខាងជើង នៅថ្ងៃទី២៥ ខែឧសភា បានសាកមីស៊ីលចំនួន ៣គ្រាប់ ក្រោយប្រធានាធិបតីអាម៉េរិកចាកចេញពីតំបន់អាស៊ីខាងកើត។ ក្នុងចំណោមនោះ មានមីស៊ីលមួយ ដែលសង្ស័យជាមីស៊ីលបាលីស្ទិកអន្តរទ្វីប បានហោះបានចម្ងាយ ៣៦០គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៥៤០គីឡូម៉ែត្រ។ មីស៊ីលនេះ ត្រូវបានសង្ស័យថា ជាមីស៊ីលHwasong-17។ ចំណែកមីស៊ីលពីរផ្សេងទៀត ជាមីស៊ីលបាលីស្ទិកចម្ងាយខ្លី។ 
 
«មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង មិនត្រឹមជាការបំពានសន្យារបស់ខ្លួនឡើយ...តែវាជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ...»។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះនៅក្នុងលិខិតមួយទៅកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា កម្លាំងយោធាកូរ៉េខាងត្បូង បានបានឃ្លាំមើលយ៉ាងម៉ត់ចត់ ដើម្បីត្រៀមខ្លួនសម្រាប់សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង។ 
 
ជាការឆ្លើយតប កូរ៉េខាងត្បូង និងអាម៉េរិក បានធ្វើសមយុទ្ធរួមគ្នាបាញ់គ្រាប់ពិត ដោយក្នុងនោះរួមមានការសាកល្បងមីស៊ីលបាលីស្ទិក Hyunmoo-II និងមីស៊ីលនៃប្រព័ន្ធមីស៊ីលយុទ្ធសាស្រ្តយោធា (ATACMS) មួយគ្រាប់ទៅក្នុងសមុទ្រខាងកើតដែរ។ 
 
ក្នុងថ្ងៃដដែលនោះ អនុប្រធានទីមួយនៃការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Tae-hyo បានបង្ហាញថា កូរ៉េខាងជើង បានសាកល្បងឧបករណ៍បំផ្ទុះនុយក្លេអ៊ែរ នៅទីតាំងមួយឆ្ងាយពី ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង Punggye-ri។ ការសាកល្បងនេះ ត្រូវបានក្រុងសេអ៊ូលសង្ស័យថា ក្រុងព្យុងយ៉ាង អាចសាកល្បងអាវុធនុយក្លេអ៊ែរ ឆាប់ៗខាងមុខ។ 
 
មកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរចំនួន ៦គ្រាប់ហើយ ដោយសាកល្បងលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៧ មុនពេលចូលតុចរចាជាមួយអាម៉េរិក។ កន្លងមក អាវុធនុយក្លេអ៊ែរចំនួន ៦គ្រាប់នេះ បានសាកល្បងនៅតំបន់ Punggye-ri៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com