អន្តរជាតិ
កូរ៉េខាងត្បូង និងជប៉ុន បញ្ជូនយន្តហោះទៅតានដានយន្តហោះចិន និងរុស្ស៊ីដែលហោះចូលតំបន់ការពារខ្លួន
25, May 2022 , 5:29 pm        
រូបភាព
រូបភាព៖ AP
រូបភាព៖ AP
ដោយ:
យន្តហោះចម្បាំង រួមទាំងយន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី​ និងចិន នៅថ្ងៃទី២៤ ខែឧសភា បានហោះជាមួយគ្នាចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង និងមកកៀកដែនអាកាសជប៉ុន ចំថ្ងៃដែលប្រធានាធិបតីអាម៉េរិក ចូ​ បៃដិន បានបញ្ចប់ទស្សនកិច្ចនៅអាស៊ីខាងកើតជាលើកដំបូង។ 

 
ចិន និងរុស្ស៊ី បានបញ្ជូនយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់ យ៉ាងហោចណាស់ ៤គ្រឿង ដោយល្បាតរួមគ្នាចូលតំបន់ការពារដែនអាកាសកូរ៉េខាងត្បូង និងមកកៀកដែនអាកាសរបស់ជប៉ុន នៅថ្ងៃទី២៤ ខែឧសភា។ តាមក្រសួងការពារជាតិចិន សមយុទ្ធនេះគឺជាផ្នែកមួយនៃផែនការសហប្រតិបត្តិការយោធាប្រចាំឆ្នាំរវាងចិន និងរុស្ស៊ី។ រីឯក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ដែរថា យន្តហោះទាំងនោះបានហោះហើរល្បាតរួមគ្នាពីលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត រយៈពេល ១៣ ម៉ោង។ 
 
ទន្ទឹមនោះ តាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) មុនយន្តហោះទាំងនេះហោះចូលតំបន់ការពារដែនអាកាសរបស់ខ្លួន កូរ៉េខាងត្បូងបានដាក់ពង្រាយយន្តហោះចម្បាំង ដើម្បីជាយុទ្ធសាស្រ្តត្រៀមខ្លួនទប់ទល់នឹងស្ថានភាពគ្រោះថ្នាក់ដែលអាចកើតមានណាមួយ។ ប៉ុន្តែ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បានបញ្ជាក់ថា យន្តហោះទាំងនេះមិនបានបំពានដែនអាកាសរបស់កូរ៉េខាងត្បូងទេ។ ស្របគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ណូប៊ូ គីហ្ស៊ី បានបញ្ជាក់ថា នៅពេលយន្តហោះទាំងនោះបានមកក្បែរដែនអាកាសខ្លួន ជប៉ុនក៏បានពង្រាយយន្តហោះ ដើម្បីប្រដេញដែរ។ 
 
សមយុទ្ធរួមគ្នារបស់ចិន និងរុស្ស៊ីនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចដំបូងរបស់លោក​នៅអាស៊ីខាងកើត។ អំឡុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីជប៉ុន ​​ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិនបានបញ្ជាក់ពីជំហររបស់ខ្លួនជាថ្មីថា នឹងប្រើកម្លាំងយោធាដើម្បីឆ្លើយតប ប្រសិនបើចិនវាយប្រហារតៃវ៉ាន់។ រឿងនេះធ្វើឱ្យចិនខឹងយ៉ាងខ្លាំង។
 
ស្របគ្នានេះ ជប៉ុនបានបង្ហាញពីការព្រួយបារម្ភជាខ្លាំង ហើយព្រមទាំងអះអាងថាយន្តហោះល្បាតរួមគ្នានោះ ជាការបង្ករឿង ខណៈជប៉ុនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំជាមួយមេដឹកនាំបណ្តាប្រទេសសន្តិសុខចតុភាគី (Quad) ដែលរួមមានអាម៉េរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន។ 
 
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយថា៖ «សមយុទ្ធ​នេះ ​ទំនង​ជា​ត្រូវ​បាន​​គ្រោង​ទុក​ជា​មុន ​ហើយ​បាន​បង្ហាញ​ថា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រគ្មាន​ដែន​កំណត់រវាងរដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូដែល​បាន​ប្រកាស​ប៉ុន្មាន​សប្តាហ៍​មុន​ការ​ឈ្លានពាន​អ៊ុយក្រែន​គឺ នៅ​រស់​រវើក»។
 
គួរបញ្ជាក់ថា នេះជាសមយុទ្ធយោធារួមគ្នាលើកដំបូងដោយចិន និងរុស្ស៊ី ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ប្រទេសទាំងពីរធ្លាប់ល្បាតយន្តហោះបែបនេះក្នុងឆ្នាំ ២០១៩, ២០២០ និង ២០២១ និងចុងក្រោយនៅពាក់កណ្តាលឆ្នាំនេះ។ បន្ថែមពីនេះ តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែនបីខែមក រុស្ស៊ីត្រូវបានប្រទេសលោកខាងលិចថ្កោលទោស និងដាក់ទណ្ឌកម្មយ៉ាងច្រើន ដើម្បីឱ្យបញ្ឈប់ការឈ្លានពាន។ ប៉ុន្តែ ចិនមិនបានហៅទង្វើរបស់រុស្ស៊ីជាការឈ្លានពានទេ ហើយក៏មិនបានថ្កោលទោសអ្វីដែរ ដោយគ្រាន់ជំរុញឱ្យចរចាដើម្បីដោះស្រាយប៉ុណ្ណោះ៕
 

Tag:
 កូរ៉េខាងត្បូង
  ជប៉ុន
  ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com