អន្តរជាតិ
ប្រធានគណៈកម្មការអឺរ៉ុប៖ រុស្ស៊ីកំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងអាហារជាអាវុធ
25, May 2022 , 8:29 pm        
រូបភាព
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ រូបភាព៖ EU-Stefan Wermuth
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ រូបភាព៖ EU-Stefan Wermuth
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃទី២៤ ខែឧសភា បានលើកឡើងថា រុស្ស៊ីកំពុងប្រើប្រាស់ការផ្គត់ផ្គង់ស្បៀងជាអាវុធក្នុងសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀងអាហារជុំវិញពិភពលោក។ លើសពីនេះ លោកស្រី von der Leyen ក៏បានប្រដូចបញ្ហានេះទៅនឹងការផ្គត់ផ្គងថាមពលរបស់រុស្ស៊ីផងដែរ។

 
ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំដែលធ្វើឡើងនៅទីក្រុងដាវ៉ូស ប្រទេសស្វ៊ីស លោកស្រី Ursula von der Leyen​ ប្រធានគណៈកម្មការអឺរ៉ុប និយាយថា កិច្ចសហប្រតិបត្តិការជាសកល ជាសកម្មភាពដែលអាចទប់ទល់នឹងទង្វើរបស់រុស្ស៊ី។ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន គិតមកទល់ពេលនេះបានផ្ទុះឡើងជាង ៣ ខែមកហើយ។ ទណ្ឌកម្មផ្សេងៗបានកើតឡើង ដោយបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងសាំង និងស្បៀងអាហារជាខ្លាំង។ 
 
«លើទឹកដីរបស់អ៊ុយក្រែនដែលរុស្ស៊ីបានគ្រប់គ្រង កងទ័ពរុស្ស៊ីបានប្រមូលយក គ្រាប់ធញ្ញជាតិ និងគ្រឿងចក្រជាច្រើន... ហើយនាវាចម្បាំងរុស្ស៊ីនៅសមុទ្រខ្មៅ កំពុងរារាំងការនាំចេញរបស់នាវាអ៊ុយក្រែនដែលពោរពេញទៅដោយគ្រាប់ស្រូវសាលី និងផ្កាឈូករ័ត្ន»។ លោកស្រី von der Leyen បានសង្កត់ធ្ងន់បែបនេះ។ 
 
កន្លងមក សហភាពអឺរ៉ុប (EU) បានសន្យាពង្រឹងចំណងសាមគ្គីភាពជាមួយអ៊ុយក្រែន ដោយជួយសម្រួលផ្លូវដឹកជញ្ជូន ដើម្បីជួយអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ។ លើសពីនេះ ប្រធានគោលនយោបាយកសិកម្ម EU នៅថ្ងៃទី២៤​ ខែឧសភា បាននិយាយថា គំនិតនេះបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋមន្ត្រីកសិកម្មរបស់ប្រទេសនៃសហភាពអឺរ៉ុប នៅក្នុងកិច្ចប្រជុំនាទីក្រុងព្រុចសែលកន្លងទៅ។
 
បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងដាវ៉ូស លោក Janusz Wojciechowski ប្រធានគោលនយោបាយកសិកម្ម EU ក៏បានសម្តែងការអរគុណដល់ប្រទេសដែលតែងតែព្យាយាមជួយក្នុងបញ្ហានេះ។ 
 
ពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូដើម្បីជាការដាក់សម្ពាធឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។ យ៉ាងណាមិញទណ្ឌកម្មទាំងនេះបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ជី និងថាមពលកើនឡើងជាខ្លាំង។
លើសពីនេះ គណៈកម្មការអឺរ៉ុបបាននិយាយថា ការផ្គត់ផ្គង់ស្បៀងផ្ទាល់របស់អឺរ៉ុបមិនមានហានិភ័យពីការដួលរលំនៃសង្រ្គាមនោះទេ ដោយសារតែ EU អាចផលិតស្បៀងអាហារខ្លួនឯងបាន ប៉ុន្តែខ្លួនរំពឹងថាការធ្លាក់ចុះនៃការនាំចេញពោត ស្រូវសាលី ប្រេង និងស្បៀងអាហារផ្សេងទៀតរបស់អ៊ុយក្រែន នៅតែប៉ះពាល់ដល់តម្លៃអាហារ និងចំណីសត្វនៅ EU។
 
ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្បៀងអាហារ វិមានក្រឹមឡាំងនៅដើមសប្តាហ៍នេះ បានសង្កត់ធ្ងន់ថា ប្រទេសលោកខាងលិច គឺជាអ្នកទទួលខុសត្រូវចំពោះវិបត្តិស្បៀងអាហារពិភពលោកដោយការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com