អន្តរជាតិ
នូវែលសេឡង់ ប្រកាសបន្តពង្រាយកងទ័ពនៅកោះសូឡូម៉ុនរហូតដល់ខែឧសភា ឆ្នាំក្រោយ
25, May 2022 , 9:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta។ រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី Nanaia Mahuta។ រូបភាព៖ AFP
ដោយ:
នូវែលសេឡង់ នៅថ្ងៃទី២៥ ខែឧសភា បានប្រកាសថា ខ្លួននឹងបន្តពង្រាយកងកម្លាំងការពាររបស់ខ្លួននៅកោះសូឡូម៉ុន ដល់ខែឧសភា ឆ្នាំ២០២៣ ស្របពេលនូវែលសេឡង់ និងសម្ព័ន្ធមិត្តលោកខាងលិច ព្រួយបារម្ភពីវត្តមានចិន ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅថ្ងៃទី២៦ ខែឧសភា នឹងទៅទស្សនកិច្ចនៅកោះសូឡូម៉ុនជាមួយនឹងកិច្ចព្រមព្រៀងមួយចំនួនក្នុងដៃ ដែលរង់ចាំចុះហត្ថលេខា។

 
កាលពីចុងឆ្នាំ២០២១​​ នូវែលសេឡង់បានពង្រាយកងទ័ពនៅកោះសូឡូម៉ុន តាមសំណើរបស់រដ្ឋាភិបាលកោះនេះ ដើម្បីបញ្ឈប់ភាពចលាចល បន្ទាប់ពីកូដកម្មដោយហិង្សាបានកើតឡើងនៅរដ្ឋធានី Honiara ដោយសារបញ្ហាសេដ្ឋកិច្ច និងទំនាក់ទំនងរបស់ប្រទេសជាមួយចិន។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ កិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិនបានធ្វើឱ្យនូវែលសូឡង់ អូស្រ្តាលី និងសម្ព័ន្ធមិត្តផ្សេងទៀតព្រួយបារម្ភជាខ្លាំងពីវត្តមានយោធាចិនក្នុងតំបន់ដែលអាចបង្កឱ្យតំបន់ប៉ាស៊ីហ្វិកខាងត្បូងអស្ថិរភាព។​
 
ជុំវិញរឿងនេះ ក្នុងជំនួបតាមអនឡាញជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស ​និង​ពាណិជ្ជកម្ម​ក្រៅប្រទេស​កោះសូឡូម៉ុន លោក Jeremiah Manele នៅថ្ងៃទី២៥ ខែឧសភា រដ្ឋ​មន្ត្រី​ការ​បរទេសនូវែលសេឡង់ Nanaia Mahuta បានបញ្ជាក់ពីក្តីបារម្ភរបស់ខ្លួនជាថ្មី ហើយក៏ទទួលបានការធានាពីកោះសូឡូម៉ុនដែរថា កិច្ចព្រមព្រៀងនោះនឹងមិនឈានដល់មានមូលដ្ឋានយោធាចិនឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនូវែលសេឡង់។
 
«ភាពជាដៃគូរបស់យើងលើកកម្ពស់សន្តិសុខមិនត្រឹមតែតាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសន្និសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងតម្រូវការអភិវឌ្ឍន៍ផ្សេងទៀតដែលយើងប្រឈមជាតំបន់»។ ​លោកស្រី Mahuta បញ្ជាក់បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ដោយបន្តថា លោកស្រីបានពិភាក្សាជាមួយលោក Manele ពីកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ក៏ដូចជាការបន្តពង្រាយកងទ័ពនូវែលសេឡង់នៅកោះសូឡូម៉ុនដែរ។ 
 
កិច្ចពិភាក្សារវាងប្រមុខការទូតប្រទេសទាំងពីរនេះធ្វើឡើង មុនមួយថ្ងៃនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅប្រជុំកោះប៉ាស៊ីហ្វិកមួយនេះ។ កោះសូឡូម៉ុន គឺជាទិសដៅមុនគេក្នុងចំណោមប្រទេសទាំង៨ ទៀតដែលលោកវ៉ាង នឹងទៅទស្សនកិច្ចពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា។ 
 
ខណៈកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិនកំពុងធ្វើឱ្យសម្ព័ន្ធមិត្តអាម៉េរិកក្តៅស្លឹកត្រចៀកស្រាប់ទៅហើយ កិច្ចព្រមព្រៀងផ្សេងៗទៀតនឹងត្រូវបានរំពឹងថាចេញជារូបរាង។ នៅថ្ងៃទី២៥ ខែឧសភា រដ្ឋាភិបាលកោះសូឡូម៉ុនបានបញ្ជាក់ទៅកាន់ទីភ្នាក់ងារព័ត៌មាន The Guardian ថា អនុស្សរណៈយោគយល់គ្នាមួយចំនួននឹងត្រូវបានចុះហត្ថលេខា អំឡុងដំណើរទស្សនកិច្ចនេះដែលនឹងត្រូវបានប្រកាសនៅល្ងាចថ្ងៃទី២៦ ខែឧសភា៕
 
 
 
 

Tag:
 នូវែលសេឡង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com