អន្តរជាតិ
លោកស៊ី៖ ផលប្រយោជន៍ សុភមង្គល និងសន្តិសុខប្រជាជន គឺធាតុផ្សំនៃការវាយតម្លៃសិទ្ធិមនុស្ស
26, May 2022 , 9:29 am        
រូបភាព
កិច្ចសន្ទនារវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយលោកស្រី Michelle Bachelet ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
កិច្ចសន្ទនារវាងប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយលោកស្រី Michelle Bachelet ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី២៥ ខែឧសភា បានលើកឡើងថា ផលប្រយោជន៍, ការពេញចិត្ត, សុភមង្គល, និងសន្តិសុខរបស់ប្រជាជន គឺជាធាតុផ្សំដ៏សំខាន់បំផុត ក្នុងការវាយតម្លៃលើលក្ខខណ្ឌសិទ្ធិមនុស្សលើប្រទេសមួយ។ បើតាមប្រមុខរដ្ឋចិន ប្រទេសមួយ មិនអាចបង្រៀនប្រទេសមួយទៀតពីមេរៀនសិទ្ធិមនុស្សបានទេ។

 
ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ត្រូវធ្វើទស្សនកិច្ចនៅចិន ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែឧសភាតទៅ ស្របពេលប្រទេសមហាអំណាចមួយនេះ កំពុងរងបទចោទពីបណ្តាប្រទេសជាច្រើន ជុំវិញការបំពានសិទ្ធិជនជាតិភាគតិចវីហ្គ័រ និងជនជាតិផ្សេងទៀត នៅក្នុងតំបន់ស៊ីនជាំង។ 
 
ក្នុងអំឡុងទស្សនកិច្ចនោះ លោកស្រី Bachelet នៅថ្ងៃទី២៥ ខែឧសភា បានជជែកជាមួយលោកស៊ី​ ជិនភីង ប្រធានាធិបតីចិន តាមប្រព័ន្ធវីដេអូ នៅទីក្រុងប៉េកាំង ក្រោមហេតុផលទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនៅចិន។ ថ្លែងប្រាប់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស៊ី បានអះអាងថា វាពិតជាសំខាន់ណាស់ ដែលត្រូវយកប្រជាជនជាធំ និងយកផលប្រយោជន៍របស់ប្រជាជនជាគោលដៅមូលដ្ឋាន។ 
 
បើតាមលោកស៊ី ប្រទេសមួយគោរពសិទ្ធិមនុស្ស គឺអាស្រ័យលើការវាយតម្លៃដោយការគោរពផលប្រយោជន៍ប្រជាជន និងការទទួលបានភាពពេញចិត្ត សុភមង្គល រួមទាំងសន្តិសុខ។ 
 
«ចំណុចទាំងនេះ គឺជាលក្ខខណ្ឌដ៏សំខាន់បំផុត ក្នុងការវាយតម្លៃពីលក្ខខណ្ឌសិទ្ធិមនុស្សរបស់ប្រទេសមួយ»។ ប្រធានាធិបតីចិន បានសង្កត់ធ្ងន់បែបនេះ។ លោកស៊ី បានបន្តថា ប្រទេសមួយភាពខុសគ្នាទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងប្រព័ន្ធសង្គម។ ត្រង់ចំណុចនេះ មេដឹកនាំចិន បានកត់សម្គាល់ថា​ ការចម្លងយកប្រព័ន្ធមួយទាំងងងឹតងងុល ដោយមិនយល់ពីស្ថានភាពរបស់ប្រទេស មានតែបង្កឱ្យមានផលវិបាកប៉ុណ្ណោះ។ បើបញ្ហានោះកើតឡើង វាមានតែប្រជាជនប៉ុណ្ណោះ ដែលត្រូវរងគ្រោះ។ 
 
មិនតែប៉ុណ្ណោះ លោកស៊ី បានបញ្ជាក់ថា ទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស គ្មានអ្វីល្អឥតខ្ចោះឡើយ ហើយប្រទេសមួយ មិនត្រូវបង្រៀនប្រទេសផ្សេងពីបញ្ហាសិទ្ធិមនុស្ស ឬអនុវត្តស្តង់ដារពីរឡើយ។ ដ្បិតមិនសំដៅប្រទេសណាមួយ ប៉ុន្តែលោកស៊ី ទំនងចង្អុលដាក់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលកន្លងមកចោទចិន បានបំពានសិទ្ធិជនជាតិភាគតិចវីហ្គ័រនៅក្នុងតំបន់ស៊ីនជាំង។ 
 
ក្នុងកិច្ចសន្ទនាដដែលនោះ ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានតបថា លោកស្រីសាទរចំពោះចិន ដែលទទួលដំណើរទស្សនកិច្ចមួយនេះ បើទោះស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ នេះជាទស្សនកិច្ចលើកដំបូងរបស់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សមកចិន ក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយ។ 
 
លោកស្រី Bachelet បានចាត់ទុកទស្សនកិច្ចមួយនេះ នឹងជួយឱ្យលោកស្រីយល់ពីចិនបន្ថែមទៀត។ លើសពីនេះ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានសរសើកិច្ចខិតខំរបស់ចិន ក្នុងការលុបបំបាត់ភាពក្រីក្រ ការការពារសិទ្ធិមនុស្ស រួមទាំងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕  
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com