អន្តរជាតិ
សភាហ្វីលីពីនប្រកាសលោក Marcos Jr ជាប្រធានាធិបតី ឯកូនស្រីលោក ឌូទើតេ ជាអនុប្រធានាធិបតី
26, May 2022 , 11:59 am        
រូបភាព
សភាហ្វីលីពីនប្រកាសលោក Ferdinand Marcos Jr (កណ្ដាល) ជាប្រធានាធីបតីជាប់ឆ្នោត។ រូបថត AFP
សភាហ្វីលីពីនប្រកាសលោក Ferdinand Marcos Jr (កណ្ដាល) ជាប្រធានាធីបតីជាប់ឆ្នោត។ រូបថត AFP
សម័យប្រជុំរួមនៃសភាទាំងពីរថ្នាក់របស់ហ្វីលីពីន នៅថ្ងៃទី២៥ ខែឧសភា បានប្រកាសថា លោក Ferdinand Marcos Jr ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីដើមខែឧសភា ឯកូនស្រីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ជាអនុប្រធានាធិបតីជាប់ឆ្នោត។ ប្រធានាធិបតី និងអនុប្រធានាធិបតី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី៣០​​ ខែមិថុនា។


 
ក្នុងការរាប់សន្លឹកឆ្នោតនៅក្នុងសភា លោក Ferdinand Marcos Jr ដែលត្រូវស្គាល់ជាទូទៅថា លោក Bongbong វ័យ៦៤ឆ្នាំ បានទទួលសន្លឹកឆ្នោតនាំមុខដាច់គេរហូតដល់៣១,៦លានសន្លឹក ឬ ៥៨,៧៧ ភាគរយនៃសន្លឹកឆ្នោតសរុប។ ឈរលំដាប់ទីពីរ គឺអនុប្រធានាធិបតីបច្ចុប្បន្ន ឡេនី រ៉ូប្រេដូ ។ 
 
ជាកូនរបស់អតីតប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ហើយមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ រ៉ូឌ្រីហ្គោ ឌូទើតេ ដែលរងការិះគន់ជាច្រើនជាពិសេសសង្គ្រាម​គ្រឿង​ញៀន ការជាប់ឆ្នោតរបស់លោក Marcos​ Jr ធ្វើឱ្យមានការបារម្ភខ្លះទាក់ទងការស្ដារប្រជាធិបតេយ្យនៅហ្វីលីពីន។ ម្យ៉ាង គេក៏បារម្ភថា លោកអាចនឹងប្រកាន់យកគោលនយោបាយដូចមេដឹកនាំមុនដែរ។
 
យ៉ាងណមិញ លោក Marcos ធ្លាប់បញ្ជាក់ហើយថាប្រជាជនមិនគួរគិតពីអតីតកាលនោះឡើយ ហើយ​គួរគិតពីអនាគតវិញ។ លោកក៏បានសន្យាដោះស្រាយបញ្ហាសង្គមផ្សេងៗ និងជំរុញផ្នែកឱ្យ​មាន​ថាមពលប្រើប្រាស់ក្នុងតម្លៃថោក ឱកាសការងារ ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំស្មើៗគ្នាជាដើម។
 
តាមច្បាប់ហ្វីលីពីន លោក Marcos Jr នឹងចូលកាន់តំណែងនៅថ្ងៃទី ៣០ ខែមិថុនា បន្តពីលោក ឌូទើតេ ហើយនឹងបម្រើការងាររហូតដល់ឆ្នាំ២០២៨។ កូនស្រីរបស់លោកឌូទើតេ លោកស្រី Sara Duterte-Carpio នឹងធ្វើជាអនុប្រធានាធិបតីក្រោមអាណត្តិរបស់លោក Marcos Jr ផងដែរ។
 
«ខ្ញុំសូមស្នើឱ្យអ្នកទាំងអស់គ្នាបួងសួងជូនពរឱ្យខ្ញុំសុខសប្បាយ។ ខ្ញុំចង់ធ្វើការងារឱ្យបានល្អសម្រាប់​ប្រទេសមួយនេះ»។ លោក Marcos Jr បានលើកឡើងបែបនេះបន្ទាប់ពីសភាហ្វីលីពីន​បាន​ប្រកាស​ការ​តែងតាំងលោកជាប្រធានាធិបតីជាប់ឆ្នោត៕
 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com