អន្តរជាតិ
នាយករដ្ឋមន្ត្រីអូស្ត្រាលីថា ក្រុងកង់បេរ៉ានឹងបន្តគាំទ្រកោះប៉ាស៊ីហ្វិកដើម្បីទប់ទល់ឥទ្ធិពលចិន
26, May 2022 , 2:54 pm        
រូបភាព
ខណៈចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស នៅថ្ងៃទី២៦ ខែឧសភា អះអាងថា ទីក្រុងកង់ប៉េរ៉ានឹងដើរទៅមុខបន្តទៀតក្នុង​ការ​ជួយ​គាំទ្រប្រទេសក្នុងតំបន់នោះ សំដៅដើម្បីទប់ទល់ឥទ្ធិពលចិន។ វត្តមានរបស់ចិន ធ្វើឱ្យប្រទេសធំៗក្នុងតំបន់បារម្ភយ៉ាងខ្លាំង ព្រោះចិនទៅកៀករបងផ្ទះរបស់ខ្លួនទៅហើយ។

 
ស្ថានភាពតំបន់ប៉ាស៊ីហ្វិក ហាក់ពុះកញ្ជ្រោលខ្លាំង ស្របពេលចិនបង្កើនវត្តមានរបស់ខ្លួនក្នុងតំបន់នេះកាន់តែខ្លាំងឡើងៗ។ ក្រោយចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ពីឯកសារកិច្ចព្រមព្រៀងមួយទៀត ដោយបង្ហាញថា ចិននឹង​ស្វែង​រក​កិច្ច​ព្រម​ព្រៀងជាមួយប្រទេសកោះប៉ាស៊ីហ្វិកចំនួន១០ ដែលគ្របដណ្តប់លើផ្នែកប៉ូលិស, សន្តិសុខ, ពាណិជ្ជកម្ម, ទំនាក់ទំនងសមុទ្រ និងទិន្នន័យ។
 
នាយក​រដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស នៅថ្ងៃទី២៦ ខែឧសភា សង្កត់ធ្ងន់ថា ក្រុងកង់បេរ៉ាត្រូវតែចាត់វិធានការឆ្លើយតបនឹងរឿងមួយនេះ។ 
 
«ពួកយើងត្រូវតែដើរទៅមុខ និងមិនត្រូវដើរថយក្រោយដូចអ្វីដែលអតីតរដ្ឋាភិបាលបានធ្វើនោះឡើយ​»​។ លោក អាល់បានីស បញ្ជាក់បែបនេះទៅកាន់ទូរទស្សន៍ Sky News Australia នៅថ្ងៃទី២៦ ខែ​ឧសភា។ មេដឹកនាំអូស្ត្រាលីថ្មីរូបនេះក៏បានអះអាងថា រដ្ឋាភិបាល​របស់​លោកនឹងផ្ដល់ជំនួយ៣៥០លានដុល្លារដល់​ប្រទេសកោះប៉ាស៊ីហ្វិកលើបញ្ហាសន្តិសុខដែនសមុទ្រ, ការប្រែប្រួលអាកាសធាតុ, និង​ការអនុញ្ញាតឱ្យពលរដ្ឋកោះប៉ាស៊ីហ្វិកអាចធ្វើចំណាកស្រុក​ទៅ​អូស្ត្រាលី​បាន។
 
លើសពីនេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong ក៏បានធ្វើដំណើរទៅកោះហ្វីជីដែរដើម្បី​ពង្រឹង​គោលជំហរ និងវត្តមានរបស់អូស្រ្តាលីក្នុងប្រទេសស្ថិតនៅ​តំបន់ប៉ាស៊ីហ្វិកភាគខាងត្បូងនេះ ក៏ដូចជាពន្យល់ពីផែនការផ្ដល់ជំនួយខាងលើ។ ចំណែកឯនាយករដ្ឋមន្ត្រីអូស្ត្រាលី ត្រូវរំពឹងថា​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌូណេស៊ី និងប៉ាពូអាស៊ីនូវែលហ្គីណេក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។
 
ការធ្វើដំណើរទស្សនកិច្ច ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នៅថ្ងៃទី២៦ ខែឧសភា ទៅដល់កោះសាឡូម៉ុនដែលជាប្រទេសទីមួយក្នុងចំណោម៨ប្រទេសផ្សេងទៀត។ លោក វ៉ាង ក៏នឹងមានជំនួបជាំមួយរដ្ឋមន្ត្រីការបរទេសប៉ាស៊ីហ្វិកនៅឯទឹកដីហ្វីជីនៅសប្ដាហ៍ក្រោយ ដែល​នៅ​ទី​នោះលោកនឹងស្វែងរកកិច្ចព្រមព្រៀងលើផែនការសកម្មភាពប្រាំឆ្នាំជាមួយប្រទេសកោះប៉ាស៊ីហ្វិក៕
 

Tag:
 អូស្ត្រាលី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com