ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញករណីលួចបើករោងចក្រផលិតគ្រឿងញឿនទ្រង់ទ្រាយធំលើកទី២
26, May 2022 , 3:29 pm        
រូបភាព
សកម្មភាពសមត្ថកិច្ច ពេលចុះដល់មន្ទីរពិសោធដែលលួចផលិតគ្រឿងញៀន (រូបពីវីដេអូរបស់មន្ទីរប្រឆាំងគ្រឿងញៀន)
សកម្មភាពសមត្ថកិច្ច ពេលចុះដល់មន្ទីរពិសោធដែលលួចផលិតគ្រឿងញៀន (រូបពីវីដេអូរបស់មន្ទីរប្រឆាំងគ្រឿងញៀន)
សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវឃើញ និងឈានដល់ការចុះទៅបង្ក្រាបនៅមន្ទីរពិសោធន៍៣ទីតាំង ដែលលួចកែច្នៃផលិតគ្រឿងញៀន ដោយ១ទីតាំង នៅរាជធានីភ្នំពេញ និង២ទីតាំង នៅខេត្តកំពង់ស្ពឺ។ នេះបើតាមការផ្សាយរបស់មន្ទីរប្រឆាំងគ្រឿងញៀន លើទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។



បើតាមមន្ទីរប្រឆាំងគ្រឿងញៀន បុរសជនជាតិចិនតៃវ៉ាន់៤នាក់ ត្រូវចាប់ខ្លួនក្នុងបទឧក្រិដ្ឋគ្រឿងញៀនទ្រង់ទ្រាយធំនេះ ហើយសមត្ថកិច្ច រឹបអូសបានសារធាតុញៀនជាង១៤០០គីឡូក្រាម និងសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនជាង១១តោន។ ជនល្មើសទាំង៤នាក់ ដែលត្រូវចាប់ខ្លួន មានម្នាក់ ជាមេការ ហើយ៣នាក់ទៀត ជាអ្នកបច្ចេកទេស។

មន្ទីរពិសោធដែលលួចផលិតគ្រឿងញៀនទាំង៣ទីតាំងនោះ គឺ ទីតាំងទី១ ស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទីតាំងទី២ ស្ថិតឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង ទីតាំងទី៣ ស្ថិតនៅឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ជនល្មើសទាំង៤នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញហើយ ដើម្បីចាត់ការតាមនីតិវិធី។

មន្ទីរប្រឆាំងគ្រឿងញៀន អះអាងថា សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវអសយ់រយៈពេល២ខែមកហើយ ហើយក្រោយទទួលបានព័ត៌មានច្បាស់ការ ទើបចាប់ផ្តើមធ្វើប្រតិបត្តិការចុះទៅបង្ក្រាបនៅមន្ទីរពិសោធដែលលួចផលិតគ្រឿងញៀនទាំង៣ទីតាំងនោះព្រមៗគ្នាតែម្តង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

ព័ត៌មានពីមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងទៀតថា លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនការប្រឆាំងបទល្មើសគ្រឿងញៀន ជាអ្នកចេញបញ្ជា និងចង្អុលបង្ហាញពីក្រោយ ដោយមានឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ជាអ្នកដឹកប្រតិបត្តិការផ្ទាល់ ក្នុងការបង្ក្រាបករណីលួចបើកមន្ទីរពិសោធផលិតគ្រឿងញៀនទាំង៣ទីតាំង។

សូមរម្លឹកថា កាលពីចុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីលួចផលិតគ្រឿងញៀនក្នុងរោងចក្របែបនេះម្តងរួចមកហើយ នៅខេត្តកំពង់ស្ពឺ។ ក្នុងប្រតិបត្តិការនាពេលនោះ សមត្ថកិច្ច រកឃើញគ្រឿងញៀនដល់ទៅជាង២តោន (២២៣៧គីឡូក្រាម) និងសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនដល់ទៅជាង៨៤តោន ហើយចាប់បានជនល្មើសជាជនជាតិចិនជាង១០នាក់៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com