ជាតិ
សង្គមជាតិ
មន្ត្រីជំនាញប្រាប់ឱ្យប្រយ័ត្ននឹងអ៊ីម៉ែល ឬការក្លែងបន្លំសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ
26, May 2022 , 7:59 pm        
រូបភាព
រូបតំណាងទាក់ទងនិងការក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ ។ រូបភាព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ។
រូបតំណាងទាក់ទងនិងការក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ ។ រូបភាព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD) ។
ដោយ ៖ ធន់ សេងហុង 
 
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cycer Crime Department ) បានប្រាប់ទៅដល់សាធារណជនដែលកំពុងប្រើប្រាស់បណ្តាញសង្គម អ៊ីមែល ឬវេបសាយនានា ឱ្យប្រុងប្រយ័ត្ន​ជាមួយនឹងអ៊ីម៉ែល ឬការក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ។ នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នាថ្ងៃទី២៦ខែឧសភា ។


នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (ACCD)បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញជនខិលខូចបានផ្ញើអ៊ីម៉ែល បន្លំធ្វើជាអ៊ីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគដ៏ល្បីមួយ។ នៅក្នុងអ៊ីម៉ែលនោះជនខិលខូចបានបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។ 
 
ACCD បានបន្តថា ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ជនខិលខូចទាំងនោះក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃ ឱ្យពលរដ្ឋបន្តប្រើកម្មវិធីនេះ ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះ វានឹងបើកគេហទំព័រមួយ ដែលអាចឱ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។
 
គួរបញ្ជាក់ផងដែរ «Phishing » គឺជាការផ្ញើអ៊ីម៉ែលក្លែងក្លាយ ដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដែលមាននៅក្នុងអ៊ីម៉ែល ហើយអាចឱ្យជនខិលខូចលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ដែលអាចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័រ ឬទូរសព្ទ ដើម្បីលួចទាញយកទិន្នន័យសំខាន់ៗដែលមាននៅក្នុងឧបករណ៍ទាំងនោះ។ ការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយ។
 
ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានេះ ACCD បានប្រាប់ទៅដល់សាធារណជនដែលកំពុងប្រើប្រាស់បណ្តាញសង្គម អ៊ីមែល ឬវេបសាយនានា កុំចុចនៅលើតំណភ្ជាប់ទាំងឡាយណា ដែលលោកអ្នកទទួលបានតាមរយៈអ៊ីម៉ែល ឬកម្មវិធីទំនាក់ទំនងសង្គម ។ ជាពិសេសសូមកុំចុចនៅលើតំណភ្ជាប់ ដែលលោកអ្នកជួបប្រទះនៅក្នុងគេហទំព័រមួយចំនួន ដែលមិនមានប្រភពច្បាស់លាស់៕
 

Tag:
 ACCD អ៊ីម៉ែល
© រក្សាសិទ្ធិដោយ thmeythmey.com