អន្តរជាតិ
លោក វ៉ាង យី៖ ចិន និងសហភាពអឺរ៉ុប ជាដៃគូ មិនមែនជាគូប្រជែងឡើយ
26, May 2022 , 8:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២៦ ខែឧសភា ប្រាប់សមភាគីបារាំងថា ចិន និងសហភាពអឺរ៉ុប ជាដៃគូសហការ មិនមែនគូប្រជែងឡើយ ហើយភាគីទាំងពីរ គួរគោរពគ្នាទៅវិញទៅមុខ ពង្រឹងការយោគយល់គ្នា និងរក្សាទំនាក់ទំនងឱ្យបានស៊ីជម្រៅ។

 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៦ ខែឧសភា បានសន្ទនា តាមរយៈទូរសព្ទជាមួយសមភាគីបារាំង លោកស្រី Catherine Colonna ដែលទើបតែចូលកាន់តំណែងនៅសប្តាហ៍មុន។ ក្នុងជំនួបលើកដំបូងនេះ រដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ បានជជែកពីទំនាក់ទំនងទ្វេភាគី បញ្ហាក្នុងតំបន់ រួមទាំងទំនាក់ទំនងចិន និងសហភាពអឺរ៉ុបផង។ 
 
«ទំនាក់ទំនងមូលដ្ឋានរវាងចិន និងសហភាពអឺរ៉ុប ជាមិត្តភាព ហើយកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺសំខាន់យ៉ាងខ្លាំង»។ លោក វ៉ាង បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ចិន និងអឺរ៉ុបជាដៃគូ ជាជាងគូប្រជែង។ បើតាមលោកវ៉ាង ចិន និងសហភាពអឺរ៉ុប គួរតែគោរពគ្នាទៅវិញទៅមក ពង្រឹងការយោគយល់ រួមទាំងរក្សាទំនាក់ទំនងឱ្យបានស៊ីជម្រៅ។ 
 
ប្រមុខការទូតចិនរូបនេះ បានទទួលស្គាល់ថា បារាំង ជាប្រទេសដ៏សំខាន់មួយ ដែលមានឥទ្ធិពលដ៏ធំ និងតែងគោរពគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ។ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានជំរុញឱ្យប្រទេសទាំងពីរពង្រឹងការសម្របសម្រួលប្រកបដោយយុទ្ធសាស្រ្ត។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសបារាំង លោកស្រី Colonna បានឆ្លើយតបថា រដ្ឋាភិបាលក្រុងប៉ារីសបន្តគោរពគោលនយោបាយទូតប្រកបដោយឯករាជ្យរបស់ខ្លួន និងប្តេជ្ញាអភិវឌ្ឍទំនាក់ទំនងចិន និងសហភាពអឺរ៉ុប រួមទាំងចូលរួមលើកឡើងពីបញ្ហាប្រឈមរបស់ដៃគូទាំងពីរ។  
 
មិនតែប៉ុណ្ណោះ ប្រមុខការទូតថ្មីរូបនេះ បានចាត់ទុកចិន ជាមិត្ត ​និងជាដៃគូដ៏សំខាន់របស់បារាំង ហើយបារាំង មានឆន្ទៈផ្តោះប្តូរទំនាក់ទំនង ក្នុងកម្រិតខ្ពស់។ បើតាមប្រមុខការទូតបារាំង ប្រទេសទាំងពីរ មានវិស័យត្រូវសហការជាច្រើន ក្នុងនោះមានដូចជាការបម្រែបម្រួលអាកាសធាតុ ការពារជីវចម្រុះ ស្របពេលរដ្ឋាភិបាលក្រុងប៉ារីស និងប៉េកាំង ត្រៀមរៀបចំទំនាក់ទំនងការទូតលើកទី៦០ នៅក្នុងឆ្នាំ ២០២៤។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហានៅអ៊ុយក្រែន ក៏ជារបៀបវារៈដ៏សំខាន់ផង ក្នុងជំនួបតាមទូរសព្ទលើកដំបូងនេះ។ រដ្ឋមន្រ្តីការបរទេសចិន បានយល់ថា ជម្លោះនៅអ៊ុយក្រែន បានឈានចូលបរិបទថ្មី ដោយភាពស្មុគស្មាញកាន់តែធំឡើង។ ត្រង់ចំណុចនេះ មន្រ្តីជាន់ខ្ពស់ចិន បានអំពាវនាវជាថ្មីឱ្យក្រុងមូស្គូ និងក្រុងកៀវចូលតុចរចា ដើម្បីស្វែងរកសន្តិភាព។ បន្ថែមពីនេះ លោក វ៉ាង សង្ឃឹមថា បារាំងនឹងដើរតួនាទីដ៏សំខាន់ ក្នុងតួនាទីសម្របសម្រួលលើបញ្ហាអ៊ុយក្រែន និងបន្តកិច្ចការរបស់ខ្លួនក្នុងបញ្ហាអ៊ុយក្រែនប្រកបដោយការស្ថាបនា។​
 
គួររំឭកថា នៅដើមខែមេសាកន្លងមក មេដឹកនាំអឺរ៉ុប បានព្រមានចិនយ៉ាងខ្លាំង ហើយទទូចមិនឱ្យបំពានទណ្ឌកម្មអឺរ៉ុបលើរុស្ស៊ី។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង ចិនបានជំទាស់ដាក់ទណ្ឌកម្ម ហើយថែមទាំងមិនរិះគន់លើរុស្ស៊ីថែមទៀត៕  
 

Tag:
 ចិន
  អឺរ៉ុប
  រុស្ស៊ី
 ​ បារាំង
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com