អន្តរជាតិ
លោក Marcos៖ ហ្វីលីពីន ​មិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ខ្លួនឡើយ
26, May 2022 , 5:31 pm        
រូបភាព
លោក Ferdinand Marcos Jr _ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន។ រូបភាព៖ AFP
លោក Ferdinand Marcos Jr _ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីជាប់ឆ្នោត​ហ្វីលីពីន​ លោក Ferdinand Marcos Jr នៅថ្ងៃទី២៦ ខែឧសភា បានលើកឡើងថា លោកនឹងគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ជុំវិញនៅសមុទ្រចិនខាងត្បូង។ បើតាមលោក Marcos លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីនឡើយ។

 
បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាចោទមួយដែលជាប់គាំងអស់ពេលជាយូរ ដោយចិនទាមទារដែនអធិបតេយ្យខ្លួនស្ទើរតែទាំងស្រុង។ ការទាមទាររបស់ចិនបែបនេះ​ បានបង្កជាជម្លោះជាមួយបណ្តាប្រទេសដូចជាហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី​​ និងវៀតណាម។ នៅឆ្នាំ២០១៦ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍នៅក្រុងឡាអេ បានសម្រេចឱ្យហ្វីលីពីនឈ្នះចិន និងថាអំណះអំណាងចិនលើសមុទ្រចិនខាងត្បូងគ្មានមូលដ្ឋានច្បាស់លាស់។​ ប៉ុន្តែចិនបានបដិសេធ មិនទទួលស្គាល់យុត្តាធិការរបស់តុលារអន្តរជាតិមួយនេះ។ 
 
​ថ្លែងទៅក្នុងបទសម្ភាសន៍មួយក្នុងថ្ងៃទី២៦ ខែឧសភា​​ ​ប្រធានាធិបតីជាប់ឆ្នោតហ្វីលីពីន​លោក​ Ferdinand Marcos Jr បានលើកឡើងថា រូបលោកមិនអនុញ្ញាតឱ្យនរណាម្នាក់ឈ្លានពានសិទ្ធិដែនសមុទ្រខ្លួន សូម្បីតែមួយមីលីម៉ែត្រឡើយ។
 
«យើងមានសេចក្តីសម្រេចនៅខាងពួកយើង ហើយយើងនឹងប្រើប្រាស់វា ដើម្បីបន្តអះអាងពីសិទ្ធិដែនដីរបស់យើង។វា មិនមែនការទាមទារទេ។ វា​ជាសិទ្ធិដែនដីរបស់ពួកយើងរួចហើយ»។ ​លោក​ Marcos បានលើកឡើងបែបនេះ ដោយបន្តសង្កត់ធ្ងន់ទៀតថា ​រូបលោក​ និយាយទៅកាន់ចិនតែម្តង និងជាមួយសំឡេងដ៏មុតមាំ។
 
យ៉ាងណាមិញ ប្រធានាធិបតីជាប់ឆ្នោតក៏បានបន្ថែមទៀតថា​ លោកនឹងព្យាយាមស្វែងរកតុល្យភាពរវាងចិន និងអាម៉េរិកដែលកំពុងប្រកួតប្រជែងគ្នា ឱ្យប្រែក្លាយជាមានទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយរដ្ឋបាលលោក។ ​លោកបានអះអាងថា ហ្វីលីពីនជាប្រទេសតូចមួយក្នុងចំណោមក្រុមប្រទេសមហាអំណាចដ៏ធំបំផុតនៅក្នុងភូមិសាស្រ្តនយោបាយ។ បើតាមលោក Marcos ហ្វីលីពីនត្រូវតែដើរលើផ្លូវខ្លួនឯង៕
 

Tag:
 ហ្វីលីពីន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com