អន្តរជាតិ
លោកប្លីងខិន៖ ចិន ជាប្រទេសតែមួយគត់ ដែលមានបំណងកែប្រែសណ្តាប់ធ្នាប់អន្តរជាតិឡើងវិញ
27, May 2022 , 11:59 am        
រូបភាព
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបភាព៖ AFP
ធៀន ភារិន្ទ ()
ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន អះអាងថា ចិនជាប្រទេសតែមួយគត់ ដែលមានបំណងកែប្រែសណ្តាប់ធ្នាប់អន្តរជាតិ និងអំណាចសេដ្ឋកិច្ច ការទូត យោធា រួមទាំងបច្ចេកវិទ្យា។ បើតាមរដ្ឋមន្រ្តីការបរទេសរូបនេះ ចិនបានដើរចាកពីតម្លៃសកល ដែលបានជួយទ្រទ្រង់ដំណើរការរបស់ពិភពលោកជាង ៧៥ឆ្នាំកន្លងមកនេះ។ 
 
ទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន នៅប៉ុន្មានឆ្នាំចុងក្រោយ មិនមានភាពល្អប្រសើរឡើយ ដោយប្រទេសទាំងពីរ មានភាពតានតឹងលើបញ្ហាជាច្រើន ដោយរាប់ចាប់តាំងពីសមុទ្រចិនខាងត្បូង ដល់ពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់ តាមរយៈសកម្មភាពយោធា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមទាំងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ បានធ្វើឱ្យអាម៉េរិកខិតខំសហការជាមួយសម្ធ័ន្ធមិត្ត និងដៃគូក្នុងតំបន់ ដើម្បីទប់ស្កាត់។ 
 
តាមរយៈសុន្ទរកថានៅសកលវិទ្យា The George Washington University ដែលបង្ហាញពីចំណាត់ការរដ្ឋបាលលោកបៃឌិនចំពោះចិន ក្នុងថ្ងៃទី២៦ ខែឧសភា លោក អាន់តូនី ប្លីងខិន រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះមានសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែអាម៉េរិក នៅតែផ្តោតលើបញ្ហាប្រឈមរយៈពេលវែង ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ដែលបង្កដោយចិន។ 
 
«ចិន ជាប្រទេសតែមួយគត់ ដែលមានបំណងកែប្រែឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិ និងប្រើអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យាដើម្បីធ្វើរឿងនេះ»។ ប្រមុខការទូតអាម៉រិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចក្ខុវិស័យរបស់ចិន បានដើរចេញយ៉ាងឆ្ងាយពីតម្លៃសកល ដែលបានជួយគាំទ្រដំណើរការរបស់ពិភពលោក ក្នុងរយៈពេល ៧៥ឆ្នាំ កន្លងមកនេះ។ យ៉ាងណាមិញ​ មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ មិនបានពន្យល់ចំណុចខាងលើឱ្យបានច្បាស់លាស់ឡើយ។ 
 
 
ទោះចាត់ទុកជាដៃគូប្រជែង លោក ប្លីងខិន ក៏បានមើលឃើញពីតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការដោះស្រាយបញ្ហាសកលផង។ ក្នុងកម្មវិធីដដែល រដ្ឋមន្រ្តីការបរទេសរូបនេះ បានលើកឡើងថា ចិន ជាផ្នែកមួយនៃសេដ្ឋកិច្ចសកល និងដៃគូសហការរបស់អាម៉េរិក ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលមានចាប់ពីបម្រែបម្រួលអាកាសធាតុ ដល់ជំងឺកូវីដ-១៩។ 
 
ត្រង់ចំណុចនេះ លោកប្រមុខការទូតអាម៉េរិក បានយល់ថា ទំនាក់ទំនងប្រទេសទាំងពីរ គឺមានភាពស្មុគស្មាញ និងសំខាន់ ក្នុងសម័យបច្ចុប្បន្ន។ ដោយមានការចោទប្រកាន់ពីចិនជាញឹកញាប់ជុំវិញសង្រ្គាមត្រជាក់ជំនាន់ថ្មី មន្រ្តីជាន់ខ្ពស់អាម៉េរិករូបនេះ បាននិយាយការពារជាថ្មីថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានស្វែងរកជម្លោះ ឬសង្រ្គាមត្រជាក់អ្វីឡើយ ហើយរដ្ឋបាលបៃឌិន កំពុងបញ្ចៀសពីបញ្ហាទាំងពីរ។ លោកប្លីងខិន បានបន្តថា អាម៉េរិក មិនបានរាំងខ្ទប់ចិនពីតួនាទីរបស់ខ្លួន ក្នុងនាមជាប្រទេសមហាអំណាចឡើយ ហើយក៏មិនបានហាមឃាត់សេដ្ឋកិច្ចចិនមិនឱ្យរីកលូតលាស់ដែរ។ 
 
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ីខាងកើតនាពេលកន្លងមក ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដោយមានប្រទេសចំនួន ១២ ផ្សេងទៀតចូលរួមជាសមាជិក។ គម្រោងសេដ្ឋកិច្ចមួយនេះ ត្រូវបានអ្នកជំនាញយល់ឃើញថា ជាការប្រជែងឥទ្ធិពលចិន៕ 
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com