ជាតិ
បោះឆ្នោត
អភិបាលស្រុកបន្ទាយស្រី៖«មានអ្វីត្រូវខ្មាសអៀននឹងការលើកដៃសំពះសុំឲ្យអ្នកភូមិបន្តបោះឆ្នោតឲ្យ?»
27, May 2022 , 1:00 pm        
រូបភាព
លោគ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី អង្គុយសំពះប្រជាពលរដ្ឋ ពេលចុះឃោសនារកសំឡេងគាំទ្រ នៅឃុំរុនតាឯក (រូបពីទំព័រហ្វេសប៊ុករបស់លោក)
លោគ ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី អង្គុយសំពះប្រជាពលរដ្ឋ ពេលចុះឃោសនារកសំឡេងគាំទ្រ នៅឃុំរុនតាឯក (រូបពីទំព័រហ្វេសប៊ុករបស់លោក)
ដោយ៖ ទេពញាណ

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏ដូចមន្រ្តីផ្សេងទៀតក្នុងគណបក្សប្រជាជនកម្ពុជាដែរ គឺកំពុងដើរឃោសនារកសំឡេងគាំទ្រជូនគណបក្ស សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ដែលជាអាណត្តិថ្មី។ ឃុំរុនតាឯង ដែលជាឃុំ១ក្នុងស្រុកបន្ទាយស្រី ក៏ជាទឹកដី ដែលលោក បានទៅដល់ដែរ ក្នុងពេលចុះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ។



លើទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ឃឹម ហ្វីណង់ បានបង្ហោះរូបមួយចំនួនអំពីសកម្មភាពរបស់លោក ក្នុងពេលចុះឃោសនាសំឡេងឆ្នោតនៅឃុំរុនតាឯក ដោយអមជាមួយសំណេរយ៉ាងដូច្នេះថា៖«ស្នាមញញឹមរបស់អ្នកឃុំរុនតាឯក ពិតជាបានផ្តល់ក្តីសង្ឃឹមដល់បេក្ខជនមេឃុំជាស្ត្រីមកពីគណបក្សប្រជាជនកម្ពុជាពិតប្រាកដមែន។ អាចនិយាយថាដល់ម៉ោងដើរសំពះសុំសន្លឹកឆ្នោតក៏បាន តែមេឃុំៗមកពីគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកបន្ទាយស្រី ពិតជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពមែនក្នុងពេលពេញ១អាណត្តិកន្លងមកនេះ ហើយក៏មិនដែលសន្យាខ្យល់ដែរ។ មានរឿងអ្វីត្រូវខ្មាសអៀននឹងលើកដៃសំពះសុំឲ្យអ្នកភូមិបន្តការគាំទ្រ និងបោះឆ្នោតឲ្យដើម្បីបានដឹកនាំមូលដ្ឋានសម្រាប់អាណត្តិថ្មីថែមទៀត?»។

អភិបាលស្រុកបន្ទាយស្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រីរូបនេះ ចាត់ទុក ការដែលគណបក្សប្រជាជនកម្ពុជា ជ្រើសរើសស្រ្តីឲ្យឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំនៃឃុំរុនតាឯក ថានឹងក្លាយជាប្រវត្តិសាស្ត្រលើកដំបូងសម្រាប់ស្រុកបន្ទាយស្រី បើអ្នកស្រី ឈួន អ៊ឹម ជាប់ឆ្នោតក្លាយជាមេឃុំស្ត្រីទី១នៅឃុំរុនតាឯងនេះ។

លោក អះអាងថា គណបក្សប្រជាជនកម្ពុជា តែងប្រុងប្រយ័ត្នណាស់ក្នុងការជ្រើសរើសគុណភាពនៃបេក្ខជនដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខដ៏ខ្លីនេះ។ លោក បន្ថែមថា ពេញកម្លាំង មានសមត្ថភាព មានបទពិសោធ មានកេរ្តិ៍ឈ្មោះល្អ និងមានឆន្ទៈបម្រើប្រជាពលរដ្ឋពិតប្រាកដ សុទ្ធសឹងជាលក្ខណសម្បត្តិរបស់បេក្ខជនពីគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា មានគណបក្សក្រៅរដ្ឋាភិបាលចំនួន១៦ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ គណបក្សទាំង១៧ កំពុងនាំគ្នាឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភាមក ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២៕ 

Tag:
 ឃឹម ហ្វីណង់
  បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥
© រក្សាសិទ្ធិដោយ thmeythmey.com