អន្តរជាតិ
ប្រមុខការទូតអូស្រ្តាលី ប្រាប់រដ្ឋប៉ាស៊ីហ្វិកឱ្យថ្លឹងថ្លែងផលវិបាកនៃកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន
27, May 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong ។ រូបថត AFP
ដោយ:
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Penny Wong នៅថ្ងៃទី២៧ ខែឧសភាជំរុញឱ្យបណ្តាប្រទេសកោះប៉ាស៊ីហ្វិកថ្លឹងថ្លែងពីផលវិបាកជុំវិញការទទួលយកកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ លោកស្រី Wong បានយកឱកាសអំឡុងទស្សនកិច្ចនៅហ្វីជី អំពាវនាវឱ្យតំបន់ប៉ាស៊ីហ្វិកកំណត់សន្តិសុខរបស់ខ្លួនឯងជាជាងពឹងពាក់ប្រទេសផ្សេង។

 
មន្រ្តីជាន់ខ្ពស់អូស្រ្តាលី​ និងចិន កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅប្រទេសកោះប៉ាស៊ីហ្វិកដំណាលគ្នា។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Penny Wong បានទៅដល់ហ្វីជីនៅថ្ងៃទី២៦ ខែឧសភា ខណៈរដ្ឋមន្រ្តីការបរទេសលោក​ វ៉ាង យី នឹងទៅដល់ហ្វីជីនៅសប្តាហ៍ក្រោយ ក្នុងចំណោមដំណើរទស្សនកិច្ចនៃប្រទេសទាំង៨ក្នុងតំបន់នេះដែរ។ 
 
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតពាក់ព័ន្ធឥទ្ធិពលចិនក្នុងតំបន់ លោកស្រី Wong បញ្ជាក់ថា អូស្រ្តាលីគោរពការសម្រេចចិត្តរបស់បណ្តាប្រទេសប៉ាស៊ីហ្វិកជុំវិញការជ្រើសរើសប្រទេសដៃគូរបស់ពួកគេ ប៉ុន្តែលោកស្រីនិយាយថា អូស្រ្តាលីចង់ក្លាយជាដៃគូនៃជម្រើសនេះ។ 
 
«ជាក់ស្តែង យើងបានបង្ហាញការព្រួយបារម្ភជាសាធារណពីកិច្ចព្រមព្រៀងសន្តិសុខរវាងកោះសូឡូម៉ុន និងចិន»។ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីថ្លែងបែបនេះទៅកាន់អ្នកកាសែតនៅថ្ងៃទី២៧ ខែឧសភា។ បើតាមលោកស្រី Wong មូលហេតុដែលអូស្រ្តាលីបារម្ភ គឺអូស្រ្តាលីក៏ដូចជាបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងដែរគិតថា វាពិតជាមានផលវិបាកមែន។ បន្ថែមពីលើនេះ រដ្ឋមន្រ្តីដដែលបញ្ជាក់ថា វាជារឿងសំខាន់ដែលសន្តិសុខរបស់តំបន់មួយ ត្រូវបានកំណត់ដោយតំបន់នោះផ្ទាល់ និងអាស្រ័យលើប្រវត្តិសាស្រ្តផង។
 
ដោយឡែកនៅក្នុងសុន្ទរកថានៅឯលេខាធិការដ្ឋានវេទិកាកោះប៉ាស៊ីហ្វិកនៅក្រុង Suva នាល្ងាចថ្ងៃទី២៦ ខែឧសភា ប្រមុខការទូតអូស្រ្តាលីសន្យាថានឹងផ្ដល់ឱ្យបណ្តាប្រទេសប៉ាស៊ីហ្វិកជាមួយក្តីគោរព ព្រោះថា អូស្រ្តាលីជាដៃគូដែលមិនចង់បានអ្វីតបស្នងមកវិញ​ និងមិនដាក់បន្ទុកហិរញ្ញវត្ថុដែលគ្មានចីរភាពឡើយ។ 
 
ការលើកឡើងរបស់លោកស្រី Wong ខាងលើនេះហាក់ដូចជាចង់ឌឺដងដល់ចិន ដែលកំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសកោះប៉ាស៊ីហ្វិកផងដែរ។ យ៉ាងណាមិញ ស្ថានទូតចិនប្រចាំក្រុងកង់បេរ៉ាបានច្រានចោលការរិះគន់នេះ ដោយទទូចថា កិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេសកោះប៉ាស៊ីហ្វិកបាននាំមកការអភិវឌ្ឍ និងសុភមង្គលពិតប្រាកដដល់ប្រជាជន។
 
«ចិនមិនដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកោះ(ប៉ាស៊ីហ្វិក) ឡើយ ហើយក៏មិនស្វែងរកដែនឥទ្ធិពលក្នុងតំបន់ដែរ»។ អ្នកនាំពាក្យស្ថានទូតចិនលើកឡើងបែបនេះនៅថ្ងៃទី ២៧ ខែឧសភា ដោយបន្តថា ជំនួយពីចិនមិនដែលទុកឱ្យប្រទេសកោះណាមួយជាប់គាំងនៅក្នុងបំណុល ឬការគំរាមផ្នែកសន្តិសុខទេ។ 
 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាងនៅថ្ងៃទី២៧ ខែឧសភា ទៅដល់កោះគីរីបាទី ក្រោយចាកចេញពីកោះសូឡូម៉ុន។ មន្រ្តីកោះគីរីបាទីអះអាងថា ខ្លួនកំពុងផ្តោតទៅលើឱកាសទេសចរណ៍ និងពាណិជ្ជកម្មជាមួយចិន មិនមែនទៅលើការរៀបចំសន្តិសុខនោះទេ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។ លោក វ៉ាង នឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសកោះប៉ាស៊ីហ្វិកនៅហ្វីជីសប្តាហ៍ក្រោយ ដែលចិននឹងស្វែងរកកិច្ចព្រមព្រៀងជាច្រើនលើវិស័យពាណិជ្ជកម្ម ជលផល និងសន្តិសុខជាដើម៕
 
 

Tag:
 អូស្ត្រាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com