អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​​​​​​​​​​
29, May 2022 , 10:30 pm        
រូបភាព
ក្នុងសប្តាហ៍ចុងក្រោយនេះ ស្របពេលសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី កំពុងផ្ទុះឡើង មេដឹកនាំជាច្រើនរូប នៅក្នុងវេទិកាអន្តរជាតិធំៗ បានព្រមានពីបញ្ហាជាច្រើន ក្នុងនោះមានដូចជាបញ្ហាសន្តិសុខស្បៀង ការរត់ប្រណាំងប្រជែងសព្វាវុធ និងការវដ្ដនៃជម្លោះទៅជាសង្រ្គាមលោកលើកទីបី។ មិនតែប៉ុណ្ណោះ អាម៉េរិក បានសម្ពោធក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក(IPEF) មុនពេលភាពជាដៃគូសន្តិសុខចតុភាគី (QUAD) ដាក់ចេញគំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រថ្មី។


ថ្ងៃទី២៣ ខែឧសភា

លោក អាន់ថូនី អាល់បានីស មេដឹកនាំបក្សពលករ នៅថ្ងៃទី២៣ ខែឧសភា បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី៣១ របស់អូស្រ្តាលី បើទោះសន្លឹកឆ្នោតមិនទាន់រាប់អស់ និងរដ្ឋាភិបាលថ្មីមិនទាន់រៀបចំរួចរាល់ស្រួលបួលក្ដី។ ក្នុងពិធីស្បថចូលកាន់តំណែងនេះ លោក Albanese បានសន្យាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ, ការចំណាយលើថ្លៃរស់នៅកាន់តែខ្ពស់ និងវិសមភាពជាដើម។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា វាពិតជាសំខាន់ណាស់សម្រាប់ពិភពលោកក្នុងការប្រកាន់យកសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានរួចជាស្រេចដូចជាយន្តការអង្គការសហប្រជាជាតិជាដើម។ ក្នុងន័យនេះ លោក លី បានសង្កត់ធ្ងន់ថា បើក្របខណ្ឌអន្តរជាតិនោះ ត្រូវបានលុបចោល ឬគ្មានប្រទេសណាគោរព ពិភពលោកនឹងអនុវត្តច្បាប់ព្រៃ។

ថ្ងៃទី២៤ ខែឧសភា

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានសង្កត់ធ្ងន់ថា អាម៉េរិក មិនបានផ្លាស់ប្តូរគោលនយោបាយការបរទេសបែបមិនច្បាស់លាស់ចំពោះតៃវ៉ាន់ឡើយ។ ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអះអាងថា ក្រុងវ៉ាស៊ីនតោននឹងការពារក្រុងតៃប៉ិដោយយោធាក្នុងករណីក្រុងប៉េកាំងវាយប្រហារ។

ក្រុមប្រទេសក្នុងយន្តការដៃគូសន្តិសុខចតុភាគី បានបង្ហាញគំនិតផ្តួតផ្តើមលើដែនសមុទ្រថ្មី ដោយផ្អែកលើផ្កាយរណប ដើម្បីតាមដានការនេសាទ និងសកម្មភាពនាវាចរណ៍ខុសច្បាប់ក្នុងដែនសមុទ្ររបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របពេលចិន និងជប៉ុនមានជម្លោះនៅក្នុងតំបន់សមុទ្រខាងកើត និងបន្ទាប់ពីអូស្រ្តាលីបានចោទនាវាចារកិច្ចចិនបង្ហាញវត្តមានក្បែរមូលដ្ឋានយោធាខ្លួន។

ថ្ងៃទី២៥ ខែឧសភា

កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ៣គ្រាប់ទៅក្នុងសមុទ្រខាងកើត ដោយ ត្រូវបានសង្ស័យថា មានទាំងមីស៊ីលអន្តរទ្វីបផង។ ក្នុងថ្ងៃដដែលនោះ មន្រ្តីកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង ក៏បានសាកល្បងឧបករណ៍បំផ្ទុះអាវុធនុយក្លេអ៊ែរផងដែរ។ ការបាញ់មីស៊ីល និងការសាកល្បងឧបករណ៍បំផ្ទុះនុយក្លេអ៊ែរចុងក្រោយនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ជប់ទស្សនកិច្ចនៅអាស៊ីខាងកើត។

នូវែលសេឡង់ បានប្រកាសថា ខ្លួននឹងបន្តពង្រាយកងកម្លាំងការពាររបស់ខ្លួននៅកោះសូឡូម៉ុន ដល់ខែឧសភា ឆ្នាំ២០២៣ ស្របពេលនូវែលសេឡង់ និងសម្ព័ន្ធមិត្តលោកខាងលិច ព្រួយបារម្ភពីវត្តមានចិន ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ទន្ទឹមនេះ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី នៅថ្ងៃទី២៦ ខែឧសភា នឹងទៅទស្សនកិច្ចនៅកោះសូឡូម៉ុនជាមួយនឹងកិច្ចព្រមព្រៀងមួយចំនួនក្នុងដៃ ដែលរង់ចាំចុះហត្ថលេខា។

ថ្ងៃទី២៦ ខែឧសភា

ខណៈចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់ថូនី អាល់បានីស បានអះអាងថា ទីក្រុងកង់ប៉េរ៉ានឹងដើរទៅមុខបន្តទៀតក្នុង​ការ​ជួយ​គាំទ្រប្រទេសក្នុងតំបន់នោះ សំដៅដើម្បីទប់ទល់ឥទ្ធិពលចិន។ វត្តមានរបស់ចិន ធ្វើឱ្យប្រទេសធំៗក្នុងតំបន់បារម្ភយ៉ាងខ្លាំង ព្រោះចិនទៅកៀករបងផ្ទះរបស់ខ្លួនទៅហើយ។

ប្រធានាធិបតីជាប់ឆ្នោត​ហ្វីលីពីន​ លោក Ferdinand Marcos Jr បានលើកឡើងថា លោកនឹងគាំទ្រនូវសេចក្តីសម្រេចរបស់តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍ ជុំវិញនៅសមុទ្រចិនខាងត្បូង។ បើតាមលោក Marcos លោកនឹងមិនអនុញ្ញាតឱ្យចិនជាន់ឈ្លីលើសិទ្ធិដែនសមុទ្ររបស់ហ្វីលីពីនឡើយ។

ថ្ងៃទី២៧ ខែឧសភា 

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោកស្រី Penny Wong បានជំរុញឱ្យបណ្តាប្រទេសកោះប៉ាស៊ីហ្វិកថ្លឹងថ្លែងពីផលវិបាកជុំវិញការទទួលយកកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ លោកស្រី Wong បានយកឱកាសអំឡុងទស្សនកិច្ចនៅហ្វីជី អំពាវនាវឱ្យតំបន់ប៉ាស៊ីហ្វិកកំណត់សន្តិសុខរបស់ខ្លួនឯងជាជាងពឹងពាក់ប្រទេសផ្សេង។

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង បានយល់ឃើញថា ប្រទេសនៅក្នុងតំបន់ គួរតែសហការលើការកសាងសន្តិសុខសមូហភាព បើទោះប្រទេសទាំងនោះ ត្រូវគិតគូរពីការពង្រឹងសន្តិសុខជាតិរបស់ខ្លួនក៏ដោយ។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំសិង្ហបុរី ព្រមានពីការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់អាស៊ី។

ថ្ងៃទី២៨ ខែឧសភា

រដ្ឋមន្រ្តីការបរទេសអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសយ៉ាងខ្លាំងលើកូរ៉េខាងជើង ដែលបានសាកល្បងមីស៊ីលជាច្រើនលើក បន្ទាប់ពីបរាជ័យក្នុងការដាក់ទណ្ឌកម្ម។​

ដែនកោះសាម័រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិន ដោយសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។ កិច្ចសន្យានេះ ត្រូវបានធ្វើឡើង អំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិនទៅកាន់បណ្តាកោះប៉ាស៊ីហ្វិក៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com