ជាតិ
បោះឆ្នោត
«ថ្ងៃស » ហាមនិយាយរឿងនយោបាយ និងសេពគ្រឿងស្រវឺង
04, Jun 2022 , 8:00 am        
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបពី NEC
ដោយ៖ ញឹក សំអូន

ភ្នំពេញ៖ ចំពោះអាជីវករ និងអ្នកទទួលទានគ្រឿងស្រវឹង ដែលបានប្រព្រឹត្តិខុសតាមគោលការណ៍នៃសេចក្ដីណែនាំរបស់រដ្ឋាភិបាល មួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោត ដែលគេហៅថា «ថ្ងៃស និងថ្ងៃបោះឆ្នោត» គឺត្រូវប្រឈមចំពោះមុខច្បាប់។




លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រាប់សារព័ត៌មានថ្មីៗថា ប្រសិនបើមានប្រជាពលរដ្ឋ ឬអាជីវករនៅតែបំពាន ជុំវិញសេចក្ដីណែនាំរបស់រដ្ឋាភិបាលនោះ គ.ជ.ប នឹងចុះត្រួតពិនិត្យសកម្មភាពទាំងនោះ ហើយដាក់ទោសតាមស្ថានភាពជាក់ស្ដែង។
 
ត្រង់ចំណុចនេះ លោក ពុទ្ធា ពុំទាន់អាចបកស្រាយបានត្រូវដោះស្រាយយ៉ាងណានោះទេ ព្រោះត្រូវស៊ើបអង្កេតជាមុនសិន ទើបអាចកំណត់បានថា ពួកគេត្រូវទទួលទោសបែបណា។ 
 
អ្នកនាំពាក្យ គ.ជ.បរូបនេះ បានបញ្ជាក់ថា៖« រាល់ការបំពានសេចក្ដីណែនាំរបស់រដ្ឋាភិបាល នោះជាចំណែកមួយនៃការអនុវត្តខុសច្បាប់។ បើពួកគាត់ធ្វើអចេនា ដោយមិនដឹងពីសេចក្ដីណែនាំពិតមែន យើងត្រូវឱ្យពួកគាត់បញ្ឈប់ជាបន្ទាន់។ បើពួកគាត់ធ្វើដោយចេនា ក្នុងបំណងញុះញង់ ទៅលើសេចក្ដីណែនាំ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សន្តិសុខសង្គម នឹងប្រឈមចំពោះមុខច្បាប់»។
 
ការហាមឃាត់នៅថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោត មានរយៈពេល ២ថ្ងៃនេះ ព្រោះជា «ថ្ងៃស និងថ្ងៃបោះឆ្នោត» ត្រូវរក្សាភាពស្ងៀមស្ងាត់ ដោយមិនឱ្យមានសកម្មភាពនយោបាយ និងសេពគ្រឿងស្រវឹងឡើយ។ ចំណែកគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ត្រូវសម្រាក រួមទាំងអាជីវករដែលប្រកបរបលក់ដូរ គ្រឿងស្រវឹង ក៏ត្រូវផ្អាកសិនដែរ។ នេះបើតាមលោក ពុទ្ធា។
 
«នៅថ្ងៃទី៥ ជាថ្ងៃបោះឆ្នោត យើងពិតជាមិនចង់ឱ្យបរិយាកាសនោះ មានការរំខានដោយសារធាតុស្រវឹងនោះទេ»។ លោក ពុទ្ធា បានលើកឡើងបែបនេះ ហើយបន្ថែមថា ថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ក៏មានការហាមឃាត់ការលក់ និងផឹកស្រាដូចគ្នា។
 
សូមជម្រាបថា រដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ 
 
បើតាមសេចក្ដីណែនាំនោះ ធ្វើឡើងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយសារតែការពិសាគ្រឿងស្រវឹង៕
 

Tag:
 ហាមលក់គ្រឿងស្រវឹង
  គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com