អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ការរំដោះតំបន់ដុនបាស ជាអាទិភាពដោយគ្មានលក្ខខណ្ឌ
30, May 2022 , 10:42 am        
រូបភាព
ប្រមុខការទូតរុស្ស៊ី លោក ស៊ែយហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ប្រមុខការទូតរុស្ស៊ី លោក ស៊ែយហ្គេយ៍ ឡាវរ៉ូវ។ រូបភាព៖ AFP
ការរំដោះតំបន់ដុនបាស គឺជាអាទិភាពដោយគ្មានលក្ខខណ្ឌសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ខណៈតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន អាចសម្រេចអនាគតរបស់ខ្លួនឯងបាន។ ប្រមុខការទូតរុស្ស៊ី លោក ស៊ែយហ្គេយ៍ ឡាវរ៉ូវ បានបញ្ជាប់បែបនេះ នៅថ្ងៃទី២៩ ខែឧសភា។

 
មកទល់ពេលនេះ ប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនមានរយៈពេលជាង ៩០ថ្ងៃហើយ ដោយក្រុងមូស្គូ បានចាប់ផ្តើមផ្តោតការវាយប្រហាររបស់ខ្លួននៅតំបន់ដុនបាស ចាប់តាំងពីខែមេសាមក។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍បារាំង TF1 លោក ស៊ែយហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងថា ការរំដោះតំបន់ដុនបាស ដែលរួមបញ្ចូលរដ្ឋផ្ដាច់ខ្លួនដូណេត្ស និងលូហាន ជាកិច្ចការអាទិភាព។ 
 
«ការរំដោះតំបន់ដូណេត្ស និងលូហាន ដែលទទួលស្គាល់ដោយរុស្ស៊ី ជាអាទិភាពដោយគ្មានលក្ខខណ្ឌ»។ ប្រមុខការទូតរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចំណែកដែនដីផ្សេងទៀតនៅអ៊ុយក្រែន អាចសម្រេចជោគវាសនាបានដោយខ្លួនឯង។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ លោកមិនជឿថា ប្រជាជនអ៊ុយក្រែនទាំងនោះ នឹងសប្បាយចិត្ត ក្នុងការរស់នៅក្នុងការដឹកនាំរបស់របបណាហ្ស៊ីថ្មីនោះទេ។ 
 
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបែបនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅសប្តាហ៍មុន បានចុះហត្ថលេខាលើក្រឹត្យច្បាប់មួយ ដើម្បីសម្រួលនិតីវិធីក្នុងការផ្តល់សញ្ជាតិដល់ប្រជាជនដែលរស់នៅក្នុងក្រុង Kherson និងក្រុង Zaporozhye។ កន្លងមក អ៊ុយក្រែន បានចោទរុស្ស៊ីថា មានបំណងរៀបចំប្រជាមតិនៅក្នុង Kherson និងក្រុង Zaporozhye ដើម្បីផ្តាច់ចេញពីខ្លួនផង។ 
 
ជាថ្មីម្ដងទៀត ក្នុងកិច្ចសម្ភាសដដែលនោះ លោក ឡាវរ៉ូវ បានការពារប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីជាថ្មីថា ធ្វើឡើង ដើម្បីដកហូតសព្វាវុធអ៊ុយក្រែន និងការពារប្រជាជនរុស្ស៊ីពីរបបណាហ្ស៊ី នៅក្នុងតំបន់ភាគខាងកើតនោះ។ ប្រមុខការទូតរុស្ស៊ីរូបនេះ ក៏បានទទួលស្គាល់ផងដែរថា ប្រជាជនស៊ីវិលត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយនេះ ប៉ុន្តែយោធារុស្ស៊ី បានចំណាយពេលជាច្រើន និងស្ថិតក្រោមបញ្ជាយ៉ាងតឹងរ៉ឹង ដើម្បីបញ្ចៀសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលអាចមានវត្តមានប្រជាជននៅទីនោះ។ 
 
ពេលនេះ កម្លាំងយោធារុស្ស៊ី បានផ្តោតការវាយប្រហារលើក្រុង Sievierodonetsk និងក្រុង Luhansk ដែលជាក្រុងស្ថិតនៅភាគខាងកើតអ៊ុយក្រែន។ តាមរយៈសុន្ទរកថាក្នុងកញ្ចក់ទូរទស្សន៍ នៅយប់ថ្ងៃទី២៩ ខែឧសភា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន អះអាងថា អគារប្រមាណ ៩០ភាគរយ នៅក្នុងក្រុងទាំងនោះ ត្រូវបានបំផ្លាញ ខណៈពេល២ភាគ៣នៃឃ្លាំងស្តុក ត្រូវបានកម្ទេចចោល។ មិនតែប៉ុណ្ណោះ ប្រព័ន្ធទំនាក់ទំនង ត្រូវបានកាត់ផ្តាច់ថែមទៀត។ 
 
តាមរបាយការណ៍របស់ការិយាល័យស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក ប្រជាជនស៊ីវិល យ៉ាងហោចណាស់ ៤ពាន់នាក់ ត្រូវបានសម្លាប់ ដោយក្នុងនោះរួមមានកុមារប្រមាណជាង ២០០នាក់៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com