អន្តរជាតិ
នេប៉ាល់៖ យន្តហោះ ដែលបាត់ការទាក់ទង បានធ្លាក់ហើយ
30, May 2022 , 11:56 am        
រូបភាព
រូបភាព៖ taraair
រូបភាព៖ taraair
យន្តហោះរបស់អាកាសចរណ៍មួយនៅនេប៉ាល់ ដែលបានបាត់ការទាក់ទង នៅថ្ងៃទី២៩ ខែឧសភា ត្រូវបានរកឃើញថា ធ្លាក់នៅក្នុងស្រុក Mustang។ នេះបើតាមការបញ្ជាក់របស់យោធានេប៉ាល់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា។



 
យន្តហោះមួយគ្រឿងប្រភេទ 9 NAET របស់អាកាសចរណ៍ Tara Air នៅព្រឹកថ្ងៃទី២៩ ខែឧសភា បានបាត់ការទាក់ទង ខណៈពេលហោះពីក្រុង Pokhara ដែលមានចម្ងាយ២០០គីឡូម៉ែត្រពីរដ្ឋធានីកដ្ឋមណ្ឌូ ទៅក្រុង Jomsom។ យន្តហោះ ដឹកអ្នកដំណើរចំនួន ២២នាក់នេះ ដោយក្នុងនោះមានជនជាតិឥណ្ឌា៤នាក់។
 
នៅព្រឹកថ្ងៃទី៣០ ខែឧសភា យោធានេប៉ាល់ បានអះអាងថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់នៅក្នុងស្រុកMustang ក្នុងខេត្ត Gandaki។ 
 
«យន្តហោះ Tara Air 9 NAET ត្រូវបានរកឃើញថាធ្លាក់ នៅក្នុងស្រុក Mustang»។ ឧត្តមសេនីយ៍ត្រី Narayan Silwal ដែលជាអ្នកនាំពាក្យយោធានេប៉ាល់ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ព័ត៌មានលម្អិត នឹងផ្តល់ជូននៅពេលក្រោយ។ ចំណែកព័ត៌មានទាក់ទងមនុស្សលើយន្តហោះ មិនទាន់មាននៅឡើយ។
 
តាមរយៈសារលើបណ្តាសង្គម Twitter ដោយអមមកជាមួយរូបថតបំណែកយន្តហោះ លោក Silwal បានបន្ថែមថា កម្លាំងជួយសង្រ្គោះ កំពុងបំពេញប្រតិបត្តិការនៅកន្លែងគ្រោះថ្នាក់នោះ។ 
 
សូមបញ្ជាក់ថា នេប៉ាល ជាប្រទេសមួយ ដែលសម្បូរដោយតំបន់ភ្នំ និងមានអត្រាធ្លាក់យន្តហោះយ៉ាងខ្ពស់។ អាកាសធាតុនៅក្នុងប្រទេសនេះ អាចប្រែប្រួលយ៉ាងរហ័ស ខណៈផ្លូវសម្រាប់យន្តហោះចុះចត និងហោះឡើង មានទីតាំងនៅក្បែរតំបន់ភ្នំ ដែលពិបាកដល់ការធ្វើប្រតិបត្តិការ៕ 
 

Tag:
 នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com