ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋសម្រុកដាំទុរេន! តើថ្ងៃមុខទុរេន អាចធ្លាក់ថ្លៃដូចស្វាយទេ ?
30, May 2022 , 4:02 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ស៊ឹម សុជាតិ
រូបភាពពីហ្វេសប៊ុកលោក ស៊ឹម សុជាតិ
បច្ចុប្បន្នទីផ្សារទុរេន ហាក់កំពុងត្រូវប៉ាន់។  ស្របគ្នានេះ កសិករជាច្រើនបានងាកមកដាំទុរេនវិញ ព្រោះលក់បានតម្លៃថ្លៃ។ ដោយមើលសន្ទុះនៃការដាំច្រើន និងទុរេនមានលក់ច្រើននៅលើទីផ្សារ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ប្រដូចទីផ្សារទុរេនក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត អាចនឹងធ្លាក់ចុះដូចទីផ្សារស្វាយនាពេលបច្ចុប្បន្ន។ ជុំវិញការប្រៀបធៀបនេះ អ្នកជំនាញ និងកសិករដាំទុរេនក្នុងស្រុកមួយចំនួន អះអាងថា មិនអាចដូចឡើយ ព្រោះទុរេនមិនស្រួលដាំដូចស្វាយ ម្យ៉ាងការផ្គត់ផ្គង់លើទីផ្សារក៏នៅមានកម្រិតទាបដែរ។



កសិករមួយចំនួន ដែលជាម្ចាស់ចម្ការទុរេនធំៗក្នុងស្រុក បដិសេធការប្រៀបធៀបទីផ្សារទុរេន ទៅនឹងទីផ្សារស្វាយនាពេលបច្ចុប្បន្ន ដោយអះអាងថា មិនអាចដូចគ្នាឡើយ ទោះ៥ឆ្នាំ ឬ១០ឆ្នាំទៅមុខទៀតក៏ដោយ។ ពួកគេចាត់ទុកទុរេនជាស្ដេចផ្លែឈើ ដ្បិតវាទាមទារលក្ខខណ្ឌច្រើនក្នុងការដាំដុះ ទាំងការថែទាំ ជី ថ្នាំ និងមិនងាយដាំបានផលឡើយ បើគ្មានជំនាញ និងបច្ចេកទេសច្បាស់លាស់។
 
លោក ស៊ឹម សុជាតិ  ជាអ្នកជំនាញដាំដុះទុរេន ពន្យល់ថា ទុរេនជាដំណាំពិបាកដាំ និងទទួលផល ដោយត្រូវការជំនាញ និងបច្ចេកដាំដុះ ការថែទាំដិតដល់បំផុត។ ដូច្នេះទោះបីមានកសិករដាំច្រើនយ៉ាងណា ក្នុងរយៈពេល៥ឆ្នាំ ឬ១០ឆ្នាំទៅមុខ ទីផ្សារទុរេនមិនអាចធ្លាក់ដូចស្វាយឡើយ។
 
លោក សុជាតិ អះអាងថា៖«ទោះបីមានកសិករដាំទុរេនច្រើន ប៉ុន្តែមានតិចណាស់ដែលជោគជ័យ និងទទួលបានផល។ បច្ចុប្បន្នការផ្គត់ផ្គង់របស់យើងនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយទុរេនដែលយើងឃើញលក់លើទីផ្សារភាគច្រើនជាទុរេននាំចូលពីវៀតណាម និងថៃ។ ទុរេនរបស់កសិករខ្មែរ មិនទាន់ដល់ពេលប្រមូលផលទាំងស្រុងឡើយ»។ 


 លោក ស៊ឹម សុជាតិ
អ្នកជំនាញរូបនេះ មើលឃើញថា បច្ចុប្បន្នទុរេនក្នុងស្រុកមិនទាន់អាចផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ឡើយ ដ្បិតអ្នកដែលដាំជោគជ័យ នៅមានចំនួនតិចនៅឡើយ។ ម្យ៉ាងបើអនាគតមានអ្នកដាំបានច្រើន អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ នឹងឈានដល់ការនាំចេញទៀតផង។
 
កន្លងមកមានឈ្មួញទាក់ទង លោក សុជាតិ ឱ្យផ្គត់ផ្គង់ទុរេនប្រមាណ៦០តោនក្នុងមួយថ្ងៃ ដើម្បីនាំចេញ ប៉ុន្តែកសិករខ្មែរ មិនទាន់អាចបំពេញតម្រូវការបានឡើយ។ នេះបើតាមការបញ្ជាក់របស់លោក សុជាតិ ដែលបន្តថា ទុរេនរបស់លោកឆ្នាំនេះចាប់ផ្ដើមប្រមូលផលចាប់ពីចុងខែឧសភា ហើយលោក លក់ក្នុងតម្លៃចន្លោះពី១២០០ដុល្លារ-១៥០០ដុល្លារក្នុងមួយតោន។
 
ងាកមកកសិករដាំទុរេនម្នាក់ទៀត​ លោក ខៀវ សុខឡេង ក៏អះអាងថា ទីផ្សារទុរេនមិនអាចធ្លាក់ចុះដូចស្វាយ ឬដំណាំដទៃឡើយ ព្រោះទុរេនពិបាកដាំ និងមិនងាយហុចផលនោះទេ។

លោកថា ទុរេនត្រូវការពេលយ៉ាងហោចណាស់៥ឆ្នាំទើបមានផ្លែផ្កា ហើយបើសិនជាកសិករ គ្មានជំនាញ និងបច្ចេកទេសដាំដុះច្បាស់លាស់ទេនោះ នឹងមិនទទួលបានភោគផលឡើយ។
 
«កុំថាដាំទុរេនលក់ ទោះដាំតិចលក្ខណៈគ្រួសារតិចតួច ក៏ថែទាំ ដាក់ជីឱ្យទៀងទាត់ដែរ។ ទុរេននេះដាំចោលមិនបានទេ។ អ៊ីចឹងម៉េចអាចដូចស្វាយ មិនមែនគ្រប់គ្នាសុទ្ធតែដាំបាន ជោគជ័យឯណា។ ទុរេនដាំទុកចោល១ខែ នឹងខូច»។ នេះជាការលើកឡើងរបស់លោក ខៀវ សុខឡេង។ 
 
លោក សុខឡេង ដែលមានបទពិសោធដាំទុរេនជាង២០ឆ្នាំ ជឿជាក់ថា ទុរេនក្នុងស្រុករបស់កសិករខ្មែរ នឹងមិនអាចធ្លាក់ថ្លៃខ្លាំង ឬស្ទះទីផ្សារឡើយ ទោះបីមានមនុស្សដាំច្រើនក៏ដោយ។ លោក មិនបារម្ភឡើយ ផ្ទុយទៅវិញ លោក ក៏ចង់ឱ្យមានមនុស្សដាំច្រើនទៀតផង។ 
 


លោក ខៀវ សុខឡេង

លោក លើកឡើងដូច្នេះថា៖«បើមានអ្នកដាំច្រើន វាអាចនឹងធ្លាក់ថ្លៃតិចតួច ប៉ុន្តែដល់ពេលហ្នឹងអ្នកហូបក៏កាន់តែច្រើន វាមិនអាចចាល់ទេ។ ធ្លាក់ថ្លៃទៅមនុស្សហូបច្រើន អ្នកធ្លាប់មានលទ្ធភាពហូប១០គីឡូក្រាម ឡើង២០-៣០គីឡូក្រាម។ សព្វថ្ងៃមកពីថ្លៃទើបហូបតិចហ្នឹង»។ ទុរេនរបស់លោក សុខឡេង ឆ្នាំនេះនឹងចាប់ផ្ដើមប្រមូលផលនាចុងខែឧសភា រហូតដល់ចុងខែមិថុនា ដែលលោក លក់បោះដុំក្នុងតម្លៃចន្លោះពី១៥០០០រៀល-១៧០០០រៀលក្នុងមួយគីឡូក្រាម។
 
ជាមួយគ្នានេះ លោក ឆម ភារៈ ម្ចាស់ចម្ការទុរេនជាង១ពាន់ដើម ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ក៏មិនយល់ថា ទុរេននឹងធ្លាក់ថ្លៃដូចស្វាយនោះដែរ។ កសិកររូបនេះលើកឡើងថា៖«បើមានអ្នកដាំច្រើនទុរេនអាចនឹងធ្លាក់ថ្លៃបន្តិច ប៉ុន្តែក៏មិនដូចស្វាយដែរ។ ស្វាយស្ទះទីផ្សារ ទើបធ្លាក់ថ្លៃ តែទុរេនមិនអាចស្ទះទីផ្សារឡើយ»។ 
 
លោក ភារៈ ក៏អះអាងដូចគ្នានឹងកសិករទាំង២ខាងលើដែរថា ទុរេន មិនមែនជាដំណាំដែលចេះតែអាចដាំបានដូចស្វាយឡើយ ជាពិសេសនោះគឺផ្លែផ្កា។ កសិករអាចដាំបានដើមទុរេន ប៉ុន្តែនឹងមិនជោគជ័យចំពោះទិន្នផលឡើយ មិនគ្មានជំនាញ និងបច្ចេកទេសដាំដុះច្បាស់លាស់។
 
លោក ភារៈ យល់ថា ទុរេនមានតម្រូវការខ្ពស់ជាងស្វាយ។ លោក លើកឧទាហរណ៍មកពន្យល់ដូច្នេះថា៖«មនុស្សម្នាក់អាចញាំស្វាយយ៉ាងច្រើន២ផ្លែ តែបើទុរេនបានស្ទើរតែ១ផ្លែម្នាក់ឯង។ ហើយគ្រួសារខ្លះហូបស្វាយមិនអស់១គីឡូក្រាមផង តែបើទុរេនអាចញាំ៣-៤ដងក្នុងសប្ដាហ៍ បើមានលទ្ធភាព។ នេះខ្ញុំប្រៀបធៀបពីបរិមាណនៃចំនួនអ្នកហូប»។
 
ដោយឡែកចំពោះការដាំដុះ លោក ភារៈ នៅតែបញ្ជាក់ដដែលៗថា ទុរេនជាដំណាំពិបាកដាំដុះ និងថែទាំបំផុតក្នុងចំណោមដំណាំដទៃ។ ទុរេនមិនងាយផលិតផ្លែឡើយ ម្យ៉ាងវាក៏ជាដំណាំដែលងាយឆ្លងជំងឺ និងទន់ខ្សោយ និងងាយងាប់បំផុត។
 
មិនត្រឹមតែដាំទុរេនក្នុងចម្ការខ្លួនឯងប៉ុណ្ណឹងទេ លោក ភារៈ ក៏ជាអ្នកបច្ចេកទេសសម្រាប់ចម្ការទុរេនដទៃទៀតផងដែរ។ លោក ភារៈ មើលឃើញថា បច្ចុប្បន្នទោះបីមានការកើនឡើងនៃចំនួនអ្នកដាំ ប៉ុន្តែអ្នកទទួលជោគជ័យ បានផលទុរេន នៅមានតិចនៅឡើយ។ 
 


លោក ឆម ភារៈ

«មិនថានៅស្រុកថ្មបាំងខ្ញុំ ស្រុកអណ្ដូងទឹក ស្រុកស្រែអំបិល ស្រុកអូរសោម ឬខេត្តកំពតនោះទេ ឃើញថា១០ចម្ការ មានតែ២-៣ចម្ការទេ ដែលផលិតផ្លែបានជោគជ័យ អាចរកប្រាក់ចំណេញពីទុរេនបាន»។ នេះជាការលើកឡើងរបស់លោក ឆម ភារៈ។
 
ចំពោះលោក ប៊ុន នាង អ្នកជំនាញមានបទពិសោធជាង២០ឆ្នាំ លើការដាំដុះទុរេន មិនអាចសន្និដ្ឋានពីទីផ្សារទុរេននាពេលអនាគតឡើយ។ អ្នកជំនាញរូបនេះ កត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទុរេនមានសន្ទុះនៃការដាំដុះច្រើន បើធៀបនឹងពេលកន្លងទៅ។
 
លោក ប៊ុន នាង បានអះអាងថា បច្ចុប្បន្នទុរេនរបស់កសិកក្នុងស្រុកមានទីផ្សារល្អ តម្លៃខ្ពស់ បើទោះជាមានការនាំចូលច្រើនក៏ដោយ។ លោក បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«បច្ចុប្បន្នល្អ ប៉ុន្តែទៅថ្ងៃមុនយ៉ាងម៉េចខ្ញុំមិនដឹងទេ មិនមានយោបល់។ ក្នុងចំណោមដំណាំឈើហូបផ្លែ ឃើញថាទុរេនមានទីផ្សារល្អ»។
 
ទោះបីកំណើននៃការដាំដុះទុរេនបន្តកើនឡើង ប៉ុន្តែលោក ប៊ុន នាង លើកទឹកដល់កសិករ ឱ្យបន្តខិតខំថែទាំដំណាំរបស់ខ្លួនឱ្យបានល្អបំផុត ព្រោះទុរេនជាដំណាំដែលពិបាកដាំបំផុត៕
 
 

Tag:
 ទុរេន
© រក្សាសិទ្ធិដោយ thmeythmey.com