កីឡាអន្តរជាតិ
អន្តរជាតិ
AC Monza ឡើងទៅកាន់ក្របខណ្ឌ Serie A លើកដំបូងក្នុងប្រវត្តិសាស្រ្ត១១០ឆ្នាំ
30, May 2022 , 9:29 pm        
រូបភាព
ក្លិប AC ​Monza ថ្ងៃទី៣០ ខែឧសភា បានឡើងមកកាន់ក្របខណ្ឌ Serie A ក្រោយយកឈ្នះក្រុម Pisa SC លទ្ធផលសរុបទាំងពីរជើង ៦-៤ នៅវគ្គ Play-Off ក្របខណ្ឌ Serie B។ នេះជាការមកកាន់ក្របខណ្ឌកំពូលអ៊ីតាលីលើកដំបូងក្នុងរយៈពេល ១១០ឆ្នាំនៃប្រវត្តិសាស្រ្តក្លិប។


ជ័យជម្នះរបស់ក្លិប AC Monza កើតឡើងពីការប្រកួតវាយបកបានយ៉ាងល្អអំឡុងការប្រកួតជើងទី២។ ក្លិប Pisa SC បានស៊ុតគ្រាប់នាំមុខ ២គ្រាប់ត្រឹមតែរយៈពេល ៩នាទីដំបូងនៃវគ្គទីមួយដោយកីឡាករ Ernesto Torregrossa និង Hjortur Herrnannsson។ 
 
Monza វាយបក២គ្រាប់បង្កើនការនាំមុខវិញដោយកីឡាករ Jose Machin នាទី២០ និងកីឡាករ Chris Gytkjaer ​នាទី៧៩។ ប៉ុន្តែកីឡាករ Giuseppe Mastinu ក្លិប Pisa អាចស្វែងរក១គ្រាប់បន្ថែមនាទី៩០ ធ្វើឱ្យការប្រកួតបន្តទៅកាន់ការបន្ថែមម៉ោង ១៥នាទី២ដង ខណៈលទ្ធផលទាំងពីរជើងគឺ ៤-៤ ព្រោះ កាលប្រកួតជើងទីមួយក្រុម Monza នាំមុខលទ្ធផល ២-១ ។ ក្លិប Monza អាចរកបាន២គ្រាប់បន្ថែមដោយកីឡាករ Luca Marrone និង Chris Gytkjaer ដែលធ្វើឱ្យលទ្ធផលបញ្ចប់ការប្រកួត ៦-៤។
 
នេះជាការឡើងមកកាន់ក្របខណ្ឌកំពូលអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេល ១១០ឆ្នាំ ចាប់តាំងពីក្លិប AC Monza ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១២ មក។
 
រយៈពេល២៣ឆ្នាំចុងក្រោយក្លិប Monza ត្រូវបានវាយប្រហារយ៉ាងខ្លាំងពីបញ្ហាវិបត្តិហិរញ្ញវត្តុ ហើយក្លិបនេះក៏ធ្លាប់បានដាក់ក្ស័យធនក្នុងឆ្នាំ ២០០៤ និងឆ្នាំ ២០១៥។ 
 
ក្លិបដែលមានអាយុកាលជាង ១០០ឆ្នាំ ត្រូវបានទិញដោយក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងដោយលោក Silvio Berlusconi ដែលជាអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី និងជាអតីតប្រធានក្លិប AC Milan ចន្លោះឆ្នាំ ១៩៨៦ និង ២០១៧។​ នាយកប្រតិបត្តិក្លិប Monza បច្ចុប្បន្នជាលោក Adriano Galliani ដែលជាអតីតនាយកក្លិប AC Milan ហើយធ្លាប់ធ្វើការជាមួយលោក Berlusconi។
 
ក្លិប ​AC Monza ក៏បានចំណាយពេលសម្រាប់ការប្រកួតប្រជែងនៅក្របខណ្ឌ ​Serie B រយៈពេលជាង ៤០ឆ្នាំ៕
 

Tag:
 Monza
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com