អន្តរជាតិ
ប្រជុំកោះប៉ាស៊ីហ្វិក បដិសេធចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន
30, May 2022 , 5:59 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ AFP
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ AFP
បណ្តាប្រជុំកោះប៉ាស៊ីហ្វិក បានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយចិន ដោយសំអាងថា​ វាទាមទារឱ្យមានការពិភាក្សាបន្ថែម។ ការមិនឯកភាពនេះ ធ្វើឡើងស្របពេលបណ្តាប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា កិច្ចព្រមព្រៀងនោះ នឹងផ្តល់វិបាកដល់បណ្តាប្រទេសប៉ាស៊ីហ្វិក។

 
ក្នុងដំណើរទស្សនកិច្ចទៅបណ្តាកោះប៉ាស៊ីហ្វិក លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានសះស្វែងរកកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយប្រទេសទាំង១០។ សេចក្តីស្នើនៃកិច្ចព្រមព្រៀង ដែលបានដាក់ចេញមុនដំណើរទស្សនកិច្ចរបស់លោក វ៉ាង មកប្រជុំកោះប៉ាស៊ីហ្វិកនេះ បានផ្តោតលើការហ្វឹកហ្វឺនប៉ូលិសនៃបណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកទាំង១០, កិច្ចសហប្រតិបត្តិការលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, ការពង្រឹងទំនាក់ទំនងនយោបាយ និងការវិនិយោគលើធនធានធម្មជាតិជាដើម។ 
 
យ៉ាងណាមិញ ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីនៃបណ្តាប្រជុំកោះប៉ាស៊ីហ្វិកទាំង ១០ តាមប្រព័ន្ធវីដេអូ កិច្ចព្រមព្រៀងសន្តិសុខខាងលើ មិនត្រូវបានឯកភាពឡើយ ដោយហ៊្វីជីបានបង្ហាញក្តីបារម្ភ និងត្រូវការពេលពិភាក្សាបន្ថែម។ 
 
«ដូចរាល់លើក យើងប្រកាន់យកកិច្ចព្រមព្រៀងបែបកង់សង់ស៊ីសជាអាទិភាព»។ លោក Frank Bainimarama នាយករដ្ឋមន្រ្តីហ៊្វីជី និងជាសហប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរទេសនោះ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំនៅរសៀលថ្ងៃទី៣០ ខែឧសភា ដោយបន្ថែមថា កិច្ចព្រមព្រៀងសន្តិសុខខាងលើទាមទារឱ្យមានការពិភាក្សា មុនពេលចុះហត្ថលេខា។
 
បើទោះកិច្ចព្រមព្រៀងសន្តិសុខមិនត្រូវបានចុះហត្ថលេខា ប៉ុន្តែប្រមុខរដ្ឋាភិបាលដែនកោះមួយនេះ បានសន្យារក្សាទំនាក់ទំនងដ៏ល្អ និងប្តេជ្ញាសហការជាមួយចិនលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបញ្ចេញឧស្ម័នកាបូន។ 
 
បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងសន្តិសុខខាងលើ អគ្គរដ្ឋទូតចិនប្រចាំនៅហ៊្វីជី លោក Qian Bo បានអះអាងថា ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក បានបង្ហាញពីក្តីបារម្ភលើបញ្ហាជាក់លាក់មួយចំនួន ដែលមានចែងក្នុងសេចក្តីស្នើកិច្ចព្រមព្រៀងខាងលើ។ បើតាមអគ្គរដ្ឋទូតរូបនេះ រដ្ឋាភិបាលក្រុងប៉េកាំង នឹងត្រៀមនឹងបញ្ចេញលិខិតពន្យល់មួយ ក្រោយទស្សនកិច្ចរបស់លោកវ៉ាង ហើយបន្តពិភាក្សាជាមួយបណ្តាប្រទេសទាំង ១០។ 
 
ស្របគ្នានេះ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យបណ្តាប្រទេសប៉ាស៊ីហ្វិកកុំបារម្ភច្រើនពេក។ មិនតែប៉ុណ្ណោះ ប្រមុខការទូតរូបនេះ ក៏បានសន្យាផ្តល់ជំនួយបន្ថែមដល់ប្រទេសខាងលើ ដោយគ្មានទាញប្រយោជន៍ផ្នែកនយោបាយ។ បើតាមលោក វ៉ាង ចិនមិនមែនជាដៃគូអភិវឌ្ឍន៍ថ្មីឡើយ ប៉ុន្តែជាមិត្តចាស់ ហើយរដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តជួយអភិវឌ្ឍដល់ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង អាហ្រ្វិក អាស៊ី និងអាម៉េរិកខាងត្បូង។
 
កន្លងមក អាម៉េរិក និងអូស្រ្តាលី បានព្រមានបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកពីផលវិបាកមួយចំនួន ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិសុខចិន រួមទាំងអស្ថិរភាពនៅក្នុងតំបន់។ កិច្ចព្រមព្រៀងនេះ ត្រូវបានអាម៉េរិក និងសម្ព័ន្ធមិត្តមើលឃើញថា ជាការពង្រីកឥទ្ធិពលចិនមកក្នុងតំបន់ប៉ាស៊ីហ្វិក៕   
 

Tag:
 ចិន
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com