ជាតិ
អន្តរជាតិ
ប្រមុខការទូតកម្ពុជា៖ អាស៊ានត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីធានាសន្តិសុខក្នុងតំបន់
31, May 2022 , 11:28 am        
រូបភាព
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ថ្លែងសុន្ទរកថាក្នុងពិធីថ្ងៃទី៣១ ខែឧសភា។ រូបថតពីក្រសួងការបរទេស
ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ថ្លែងសុន្ទរកថាក្នុងពិធីថ្ងៃទី៣១ ខែឧសភា។ រូបថតពីក្រសួងការបរទេស
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី៣១ ខែឧសភា បានលើកឡើងថា ក្នុងស្ថានការណ៍តំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន វាពិតជាចាំបាច់ក្នុងការពង្រឹងការប្តេជ្ញារួមចំពោះតួនាទីស្នូលរបស់អាស៊ាន ការឯកភាព និងភាពរឹងមាំ។ បើតាមលោក ប្រាក់ សុខុន អាស៊ាន ត្រូវរួមគ្នា ប្រសិនបើចង់ដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិសុខក្នុងតំបន់ និងសកល រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព។

 
រយៈពេល ២៣ឆ្នាំហើយ ដែលកម្ពុជា បានចូលជាសមាជិកអាស៊ាន និងចូលរួមចំណែកដោះស្រាយបញ្ហាជាច្រើនសម្រាប់អង្គការតំបន់មួយនេះ។ ក្នុងឆ្នាំ២០២២ ស្របពេលធ្វើជាប្រធានផ្លាស់វេនអាស៊ាន កម្ពុជា ត្រូវប្រឈមបញ្ហាជាច្រើ​ន ក្នុងនោះមានដូចជាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន បញ្ហានៅសមុទ្រចិនខាងត្បូង រួមទាំងការប្រជែងឥទ្ធិពលរវាងអាម៉េរិក និងចិន នៅក្នុងតំបន់ជាដើម។ 
 
ទាក់ទិននឹងបញ្ហាខាងលើ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជំរុញឱ្យបណ្តាប្រទេសអាស៊ានទាំងអស់ ត្រូវសាមគ្គីគ្នា និងរក្សាឯកភាពតែមួយ ដើម្បីចូលរួមដោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងគោលបំណងធានាសន្តិភាពទាំងនៅក្នុងថ្នាក់តំបន់ និងអន្តរជាតិ។ 
 
«វាពិតជាសំខាន់ណាស់ចំពោះអាស៊ានក្នុងការពង្រឹងស្មារតីរួមគ្នា ប្រសិនយើងដោះស្រាយបញ្ហាប្រឈមប្រកបដោយប្រសិទ្ធភាព ដើម្បីធានាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ រួមទាំងការអភិវឌ្ឍប្រកបដោយចីរភាព»។ ប្រមុខការទូតកម្ពុជាបានសង្កត់ធ្ងន់បែបនេះ នៅក្នុងវេទិកាមួយក្រោមប្រធានបទ «ការរួមចំណែរបស់កម្ពុជាចំពោះអាស៊ានចាប់តាំងពីចូលជាសមាជិកឆ្នាំ១៩៩៩» ដែលរៀបចំរួមគ្នាដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងក្រសួងការបរទេស នៅថ្ងៃទី៣១ ខែឧសភា។ 
 
ក្នុងវេទិកាដដែល ឧបនាយករដ្ឋមន្រ្តីកម្ពុជារូបនេះ បន្តថា ក្នុងរយៈពេលជាង៥ ទសវត្សរ៍កន្លងមក អាស៊ាននៅតែដើរតួនាទីដ៏សំខាន់ បើទោះប្រឈមនឹងបញ្ហាភូមិសាស្រ្តនយោបាយក៏ដោយ។ ទន្ទឹមនេះ លោកប្រាក់ សុខុន បញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាចូលជាសមាជិកអាស៊ាន គឺផ្អែកលើគោលការណ៍ គោរពគ្នាទៅវិញទៅមកជុំវិញឯករាជ្យភាព, អធិបតេយ្យ, បូរណភាពដែនដី, សមភាព និងការមិនជ្រែតជ្រៀងកិច្ចការផ្ទៃក្នុង បើទោះមានសម្ពាធពីខាងក្រៅ។ 
 
ចាប់តាំងពីឆ្នាំ១៩៩៩ ដែលជាឆ្នាំកម្ពុជាចូលជាសមាជិក លោក ប្រាក់ សុខុន បានរំឭកពីការរួមចំណែក និងជោគជ័យជាច្រើនរបស់រដ្ឋាភិបាលកម្ពុជាចំពោះអាស៊ាន។ កន្លងមក កម្ពុជា បានរួមចំណែកបន្ធូរបន្ថយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូងតាមរយៈការឯកភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC), ការសម្របសម្រួលឱ្យអង់គ្លេស សហភាពអឺរ៉ុប និងប្រេស៊ីលចូលទៅសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងការចាប់ផ្តើមកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ 
 
បន្ថែមពីនេះ កម្ពុជាបានចូលរួមដោះស្រាយវិបត្តិនយោបាយ និងមនុស្សធម៌នៅមីយ៉ាន់ម៉ាផង។ កម្ពុជា នៅសប្តាហ៍មុន បានរៀបចំដោយជោគជ័យលើកិច្ចចរចាអាស៊ាន-ចិន ជុំវិញក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនៅខេត្តសៀមរាប ជាលើកដំបូងចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩។ ក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរ បានប្តេជ្ញាបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យបានមុនពេលកំណត់៕ 
 

Tag:
 កម្ពុជា
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com