អន្តរជាតិ
មន្រ្តីជាន់ខ្ពស់ថៃ ជំទាស់ការប្រើប្រាស់លេខអារ៉ាប់ជំនួសលេខបូរាណក្នុងឯកសារបោះពុម្ព
31, May 2022 , 2:56 pm        
រូបភាព
លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ បាងកកប៉ុស្តិ៍
លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ បាងកកប៉ុស្តិ៍
ឧបនាយករដ្ឋមន្រ្តីថៃ លោក Wissanu Krea-ngam បានបដិសេធសំណើឱ្យប្រើប្រាស់លេខអារ៉ាប់ជំនួសលេខបូរាណថៃ នៅក្នុងឯកសារផ្លូវការ ដូចបណ្ដាប្រទេសឯទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៣១ ខែឧសភា។ សំណើខាងលើ ធ្វើឡើងក្នុងគោលបំណងឱ្យឯកសារថៃមានភាពស្តង់ដា និងងាយស្រួលក្នុងការប្រើប្រាស់។

 
ថៃជាប្រទេសមួយ ដែលប្រើប្រាស់លេខរបស់ខ្លួនជំនួសលេខអារ៉ាប់នៅក្នុងឯកសារផ្លូវការ។ ប៉ុន្តែការប្រើប្រាស់លេខបែបនេះ មិនងាយស្រួលសម្រាប់អ្នកអាន និងការប្រើប្រាស់ឯកសារតាមប្រព័ន្ធឌីជីថលឡើយ។ យុទ្ធនាការមួយ ដែលធ្វើឡើងតាមវេបសាយ www.change.org ដោយលោក Keng Susumpow បានស្នើឱ្យថៃប្រើប្រាស់លេខអារ៉ាប់ ជំនួសលេខបូរាណនៅក្នុងឯកសារផ្លូវការទាំងអស់ ដើម្បីមានស្តង់ដារួម និងងាយស្រួលក្នុងការប្រើប្រាស់។ 
 
ទាក់ទងសំណើនេះ លោក Wissanu Krea-ngam ឧបនាយករដ្ឋមន្រ្តីថៃ បានយល់ថា យុទ្ធនាការនោះ មិនមែនជាការជំរុញឱ្យឈប់ប្រើប្រាស់លេខថៃនៅគ្រប់វិស័យទាំងអស់ឡើយ ប៉ុន្តែជាការជំរុញឱ្យប្រើប្រាស់លេខអារ៉ាប់នៅក្នុងឯកសារផ្លូវការ ដែលត្រូវបានចងក្រងសម្រាប់ប្រព័ន្ធឌីជីថល។ នេះ គឺដោយសារលេខថៃ មិនងាយស្រួលអាន នៅក្នុងឯកសារអនឡាញនោះឡើយ។ 
 
បើតាមឧបនាយករដ្ឋមន្រ្តីថៃរូបនេះ ឯកសារផ្លូវការសំខាន់ៗ ដូចជាលិខិតរបស់មន្រ្តី និងសៀវភៅដែលបោះពុម្ភ ត្រូវតែបន្តប្រើលេខថៃ ដោយសារវាជាផ្នែកមួយនៃភាសាផ្លូវការរបស់ថៃ។ យ៉ាងណាមិញ លោក Wissanu មិនបានជំទាស់ទាំងស្រុងឡើយ ដោយលោកបានបន្ថែមថា ថៃអាចអនុញ្ញាតឱ្យប្រើប្រាស់លេខអារ៉ាប់នៅក្នុងឯកសារបែបឌីជីថល។ 
 
មន្រ្តីជាន់ខ្ពស់ថៃរូបនេះ បាននិយាយការពារថា ការប្រើប្រាស់លេខថៃ នៅក្នុងឯកសារបោះពុម្ភ គឺមិនអាចចរចាបាន បើទោះវាមានបញ្ហាស្មុគស្មុញមួយចំនួនក៏ដោយ នៅពេលឯកសារបែបឌីជីថល ត្រូវបានបោះពុម្ភចេញ។ ឧបនាយករដ្ឋមន្រ្តីថៃរូបនេះ​ បានទុកឱ្យបណ្ឌិត្យសភា Royal Society, ក្រសួងអប់រំ និងក្រសួងវប្បធម៌ថៃជាអ្នកបកស្រាយ។ 
 
ក្រោមយុទ្ធនាការជំរុញឱ្យប្រើប្រាស់លេខអារ៉ាប់ជំនួសនេះ លោក Keng Susumpow អះអាងថា ការប្រើប្រាស់លេខអារ៉ាប់ នឹងធ្វើឱ្យឯកសារផ្លូវការថៃមានស្តង់ដា និងងាយស្រួលចងក្របជាឯកសារបែបឌីជីថល។ បើតាមលោក Keng ការប្រើប្រាស់លេខថៃ បានធ្វើឱ្យមានឧបសគ្គខ្លះៗ នៅក្នុងប្រព័ន្ធឌីជីថល។ 
 
នៅចន្លោះ ឆ្នាំ១៩៣៨ ដល់ ១៩៤៤ ថៃក៏ធ្លាប់ប្រើប្រាស់លេខអារ៉ាប់ដែរ ប៉ុន្តែវាត្រូវបានលុបចោល នៅក្នុងរដ្ឋបាលលោក Khuang Aphaiwong អតីតនាយករដ្ឋមន្រ្តីថៃ នៅចន្លោះឆ្នាំ១៩៤៧ ដល់១៩៤៨។ 
 
ចំណែក លោក Patiyut Thongprajong សមាជិកបក្ស Thai Pakdee Party បានសរសេរលើបណ្តាញសង្គម Facebook ថា យុទ្ធនាការឱ្យប្រើប្រាស់លេខអារ៉ាប់ខាងលើ នឹងធ្វើឱ្យមានការបែកបាក់ក្នុងសង្គម ដោយសារតែវាជាការផ្លាស់ប្តូរដ៏ធំមួយ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com