កីឡាអន្តរជាតិ
អន្តរជាតិ
Inter សម្លឹងមើលឱកាសខ្ចីជើង Lukaku ទៅទឹកដីអ៊ីតាលីវិញ
31, May 2022 , 7:29 pm        
រូបភាព
ក្លិប Inter Milan កំពុងសម្លឹងមើលឱកាសនាំយកខ្សែប្រយុទ្ធ Romelu Lukaku ត្រលប់ទៅទឹកដីអ៊ីតាលីវិញក្នុងពេលខាងមុខ ប៉ុន្តែក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Chelsea ហើយក្លិបតោខៀវនៅតែផ្តល់តម្លៃពលកម្មធម្មតាដល់រូបគេ។ នេះបើតាមការផ្សាយរបស់កាសែត ​The Guardian ថ្ងៃទី៣០ ខែឧសភា។


ចាប់តាំងពីផ្ទេរពី Inter Milan ក្នុងតម្លៃ ១២៣លានដុល្លារ​ ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិកបានព្យាយាមសម្របខ្លួនជាមួយទម្រង់លេងរបស់លោក Thomas Tuchel ទោះរូបគេហាក់មិនសូវបង្ហាញខ្លួនល្អដូចកាលនៅក្លិបអ៊ីតាលីក្តី។ Lukaku រកបានត្រឹមតែ១៥គ្រាប់ប៉ុណ្ណោះឱ្យ Chelsea រដូវកាលនេះក្នុងចំណោមការបង្ហាញខ្លួន ៤៤ប្រកួត។
 
កាលពីសប្តាហ៍មុន គណៈប្រតិបត្តិរបស់ក្លិប Inter Milan បានជួបប្រជុំពិភាក្សាអំពីគោលដៅកីឡាករសំខាន់ៗដែលត្រូវនាំមកកាន់ក្លិបពេលទីផ្សាររដូវក្តៅខាងមុខ។ ​Lukaku ក៏ជាគោលដៅសំខាន់មួយរូបសម្រាប់យុទ្ធសាស្រ្តតំបន់ប្រយុទ្ធរបស់ក្លិបអ៊ីតាលីមួយនេះ។ 
 
ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ក៏ត្រូវបានព័ត៌មានរាយការណ៍ដែរថា គ្រោងបញ្ចប់ទំនាក់ទំនងជាមួយភ្នាក់ងារលោក​Federico Pastorello ក្នុងពេលដ៏ឆាប់នេះ។ ក្នុងការចរចាត្រលប់ទៅអ៊ីតាលីវិញ Lukaku បានឱ្យមេធាវីផ្ទាល់របស់គេលោក Sebastien Ledure ជាអ្នកគ្រប់គ្រងរឿងនេះជាមួយកំណាងក្លិប Inter Milan។
 
ការប្រកាសចែកផ្លូវជាមួយភ្នាក់ងារលោក Federico Pastorella គឹកើតឡើងដោយសារតែភ្នាក់ងារខាងផ្នែកកីឡាកររូបនេះបាននិយាយប្រាប់អ្នកកាសែតថា Lukaku មានបញ្ហាស្ថិតក្រោមការដឹកនាំរបស់លោក Tuchel ហើយរូបគេកំពុងរង់ចាំជួបម្ចាស់ក្លិបថ្មីនិយាយអំពីរឿងចាកចេញនេះ។
 
ទោះជាបែបនេះក្តី Lukaku ក៏បានឆ្លើយតបទៅវិញតាមរយៈ Instagram ថា នឹងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយមិនល្អពីរូបគេបានឡើយ។ «ខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់និយាយមិនល្អពីខ្ញុំឡើយ ខ្ញុំបានព្យាយាមអត់ធ្មត់និងផ្តោតតែលើការជួយក្រុមរហូតបញ្ចប់រដូវកាលប៉ុណ្ណោះ។

បើសិននរណាម្នាក់កំពុងព្យាយមនិយាយពីខ្ញុំនិងក្លិប នោះគឺមិនមែនជារូបខ្ញុំឡើយ។ នេះជាការអះអាងរបស់ ​Lukaku៕
 
 

Tag:
 Romelu Lukaku
 Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com