អន្តរជាតិ
អឺរ៉ុប ឯកភាពហាមឃាត់នាំចូលប្រេងពីរុស្ស៊ីច្រើនជាង២ភាគ៣
31, May 2022 , 8:29 pm        
រូបភាព
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ រូបភាព៖ Xinhua
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel។ រូបភាព៖ Xinhua
សហភាពអឺរ៉ុប បានឯកភាពជាគោលការណ៍លើការកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីច្រើនជាង២ភាគ៣ នៃការនាំចូលសរុបពីរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យបញ្ឈប់ការឈ្លានពាននៅអ៊ុយក្រែន។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល បានបញ្ជាក់បែបនេះ នៅថ្ងៃទី៣០ ខែឧសភា។ ប្លុកមួយនេះ ក៏ត្រៀមបញ្ជូនជំនួយហិរញ្ញវត្ថុប្រមាណ ៩ពាន់លានដុល្លារទៀតទៅឱ្យអ៊ុយក្រែនផង។

 
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មចំនួន ៥លើកហើយ លើមហាអំណាចនុយក្លេអ៊ែរមួយនេះ ដើម្បីដាក់សម្ពាធឱ្យបញ្ឈប់សង្រ្គាម។ ពេលនេះ អឺរ៉ុប កំពុងស្វះស្វែងរកទណ្ឌកម្មកញ្ចប់ទណ្ឌកម្មទី៦ ទៀត ដែលផ្តោតលើប្រេង ដើម្បីដាក់លើក្រុងមូស្គូ។   រុស្ស៊ី នៅក្នុងឆ្នាំ២០២១ អាចរកចំណូលពីប្រេងបានប្រមាណ ៤៥ភាគរយនៃចំណូលសរុប។ តាមរយៈកិច្ចប្រជុំនៅថ្ងៃទី៣០ ខែឧសភា សហភាពអឺរ៉ុបបានយល់ព្រមកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ី។
 
«នេះនឹងផ្តោតលើការនាំចូលប្រេងច្រើនជាង២ភាគ៣នៃប្រេងនាំចូលពីរុស្ស៊ី»។ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឈែល សរសេរបែបនេះនៅលើបណ្តាញសង្គម Twitter ក្នុងថ្ងៃទី៣០ ខែឧសភា ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបថ្ងៃទី១។ លោកចាត់ទុកប្រេង ជាប្រភពចំណូលដ៏សំខាន់របស់ក្រុងមូស្គូ ក្នុងការបង្វែរយកធ្វើសង្រ្គាមលើក្រុងកៀវ។ 
 
បើតាមប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ ទណ្ឌកម្មលើប្រេងនេះ ជាសម្ពាធដ៏ធ្ងន់បំផុតទៅលើរុស្ស៊ី។ ការកាត់បន្ថយប្រេងពីរុស្ស៊ីនេះ ត្រូវបានសហភាពអឺរ៉ុបប្រើពេលយ៉ាងយូរ ដើម្បីចរចា ដោយសមាជិកខ្លះ ដូចជាហុងគ្រី កន្លងមកបានជំទាស់ ព្រោះខ្លួនត្រូវការពេលមួយចំនួន ដើម្បីកាត់ផ្តាច់ពីការពឹងផ្អែកលើរុស្ស៊ី។ 
 
លោក មីឈែល បានបន្ថែមថា អឺរ៉ុប បានព្រមព្រៀងដាក់ចេញចំណាត់ការផ្សេងទៀតលើរុស្ស៊ី ក្នុងនោះរួមមាន ការកាត់ផ្តាច់ធនាគារ Sberbank ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT និងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរុស្ស៊ីចំនួន  ៣ទៀត។ 
 
ចំណែកលោកស្រី អឺស៊ូឡា វ៉ុន ដឺ លៃអេន ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា អឺរ៉ុប នឹងកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីប្រមាណ៩០ភាគរយ នៅត្រឹមដំណាច់ឆ្នាំ ២០២២។ សហភាពអឺរ៉ុប ក៏បានឯកភាពផ្តល់ជំនួយហិរញ្ញវត្ថុប្រមាណ៩ពាន់លានដុល្លារ ទៅអ៊ុយក្រែនផង។ 
 
ថ្លែងតាមប្រព័ន្ធវីដេអូនៅកិច្ចប្រជុំពិសេសក្រុមប្រឹក្សាអឺរ៉ុបក្នុងថ្ងៃទី៣០ ខែឧសភា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យអឺរ៉ុបបញ្ចប់ការខ្វែងគំនិតផ្ទៃក្នុង និងបន្ថែមទណ្ឌកម្មលើរុស្ស៊ី។ ត្រង់ចំណុចនេះ លោក ហ្សេលេនស្គី បានអះអាងថា វាមិនមែនជាពេលត្រូវបែកបាក់ឡើង ប៉ុន្តែវាជាពេល ដែលអឺរ៉ុប ត្រូវរួមសាមគ្គីគ្នា។
 
ការព្រមព្រៀងជាគោលការណ៍ខាងលើ ធ្វើឡើងស្របពេលរុស្ស៊ី កំពុងផ្តោតការវាយប្រហារលើក្រុង Sievierodonetsk និងក្រុង Lysychansk។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អភិបាលតំបន់លូហាន លោក Sergiy Gaiday ប្រកាសតាមបណ្ដាញព័ត៌មានលើ Telegram ថា ស្ថានភាពនៅក្រុង Sievierodonetsk កំពុងមានភាពស្មុគស្មាញ ហើយតំបន់ទាំងមូលស្ថិតក្រោមវាយប្រហារពីកាំភ្លើងធំ តាមផ្លូវអាកាស និងរថក្រោះ។ 
 
សូមបញ្ជាក់ថា សហភាពអឺរ៉ុប នឹងបន្តកិច្ចប្រជុំនៅថ្ងៃទី៣១ ខែឧសភាទៀត ដើម្បីជជែកពីសន្តិសុខស្បៀង រួមទាំងការពន្លឿនការនាំចេញគ្រាប់ធញ្ញជាតិទៅទីផ្សារសកល ស្របពេលតម្លៃស្រូវសាលី ពោត និងផលិតផលកសិកម្មផ្សេងទៀត ហក់ឡើង ព្រោះអ៊ុយក្រែនមិនអាចនាំចេញផលិតផលកសិកម្មរបស់ខ្លួនទៅទីផ្សារពិភពលោកបាន៕ 
 

Tag:
 អឺរ៉ុប
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com