កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ប្រកាស​ពី​ការ​ស៊ើប​អង្កេត​ចុង​ក្រោយនៃព្រឹត្តិការណ៍ Champions League​​ នៅបារំាង
01, Jun 2022 , 8:29 am        
រូបភាព
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ថ្ងៃទី៣០ ខែឧសភា បានចេញប្រកាសរបាយការណ៍ឯករាជ្យមួយស្តីពីការស៊ើប​អង្កេត​ចុង​ក្រោយជុំវិញភាពវឹកវរដែលបានបង្កឡើងអំឡុងការប្រកួតជំនួបផ្តាច់ព្រ័ត្ររវាង Liverpool និង Real Madrid ក្នុងទីក្រុងប៉ារីស។


ក្រុម Real Madrid បានស្វែងរកជ័យជម្នះជាថ្មីលើ Liverpool ក្នុងលទ្ធផល ១-០ ហើយក្លាយជាក្រុមដែលឈ្នះ UEFA Champions League រហូតដល់ទៅ១៤ សម័យកាល។ តែមុនការប្រកួតនៅកីឡដ្ឋាន Stade de France ត្រូវបានពន្យាពេលជាង១ម៉ោង ដោយសារតែអ្នកគាំទ្ររបស់ក្រុម Liverpool រាប់ពាន់នាក់ បានព្យាយាមសម្រុកចូលក្នុងកីឡដ្ឋាន ហើយអ្នកគាំទ្រខ្លះក្លែងបន្លំសំបុត្រ និងខ្លះទៀតគ្មានសំបុត្រចូលទស្សនា។
 
ដំបូងឡើយ ​UEFA បានស្តីបន្ទោសទៅកាន់អ្នកគាំទ្រចំពោះការបង្កការកក់ស្ទះ ចំពោះការធ្វើដំណើរមកដល់កីឡដ្ឋានយឺតពេល និងប្រើប្រាស់សំបុត្រក្លែងក្លាយ។ ក្រោយចប់ការប្រកួត Liverpool បានស្នើឱ្យមានការការស៊ើប​អង្កេតនៅក្នុងបញ្ហាដែលមានការកើតឡើងទាំងនេះ ខណៈពេលដែលសមាជិកសភាមួយរូបរបស់ Liverpool លោក Lan Bryne និយាយថា«អ្នកគាំទ្រ Liverpool ត្រូវបានគេចាត់ទុកដូចជាសត្វ» នាការប្រកួតនោះ។
 
ក្រោយជំនួបផ្តាច់ព្រ័ត្រដ៏ធំនេះរងការរិះគន់ខ្លាំង UEFA បានប្រកាសការស៊ើប​អង្កេតឯករាជ្យមួយ ដែលស្ថិតក្រោមការគ្រប់គ្រងដោយអតីតរដ្ឋមន្ត្រីក្រសួងអប់រំព័រទុយហ្គាល់ និងជាសមាជិកអូឡាំពិក គឺលោក Tiago Brandao Rodrigues។
 
«ថ្ងៃនេះ UEFA នឹងធ្វើរបាយការណ៍ឯករាជ្យមួយដើម្បីបើកការស៊ើប​អង្កេត ជុំវិញបញ្ហាដែលកើតមាននៅក្នុងជំនួបផ្តាច់ព្រ័ត្រ UEFA Champions league នៅទីក្រុងប៉ារីស។ UEFA នឹងត្រួតពិនិត្យលើអាកប្បកិរិយារបស់អង្គភាព ដែលពាក់ព័ន្ធទាំងអស់លើការប្រកួតនេះ ហើយការស៊ើប​អង្កេតនេះនឹងស្ថិតក្រោមការគ្រប់គ្រងរបស់លោក Tiago Brandao Rodrigues»។នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA។
 
គួរបញ្ជាក់ថា រូបភាពដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន បានបង្ហាញថា ក្រុមប៉ូលីសក្នុងតំបន់បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក លើអ្នកគាំទ្រ Liverpool ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាកើតឡើងផងដែរ៕
 
 

Tag:
 ​ UEFA Champions league
© រក្សាសិទ្ធិដោយ thmeythmey.com