អន្តរជាតិ
អាម៉េរិកនឹងជំរុញឱ្យដាក់ទណ្ឌកម្មបន្ថែម បើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរ
01, Jun 2022 , 10:30 am        
រូបភាព
លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ។ រូបភាព៖ AFP
អាម៉េរិក នឹងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ប្រសិនបើហ៊ានធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ ប្រេសិតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បានបញ្ជាក់បែបនេះនៅថ្ងៃទី៣១ ខែឧសភា។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីសន្តិសុខអាម៉េរិក និងកូរ៉េខាងត្បូង បានអះអាងថា ក្រុងព្យុងយ៉ាង ត្រៀមអស់ហើយក្នុងការសាកល្បង។

 
ទោះទើបបរាជ័យក្នុងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលដោយសារចិន និងរុស្ស៊ីវ៉េតូ អាម៉េរិក ក៏មិនទាន់បន្ធូរដៃដែរ ដោយព្រមានដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋកុម្មុយនីស្តមួយនេះទៀត ប្រសិនបើហ៊ានសាកល្បងនុយក្លេអ៊ែរនោះ។ 
 
កូរ៉េខាងជើង ត្រូវបានសង្ស័យថា អាចសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧។ មន្រ្តីសន្តិសុខកូរ៉េខាងត្បូង នៅសប្តាហ៍មុន បានអះអាងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានសាកល្បងឧបករណ៍បំផ្ទុះអាវុធនុយក្លេអ៊ែរ នៅទីតាំងមួយឆ្ងាយពីកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri ដែលត្រូវរៀបចំឡើងវិញក្រោយបិទមួយរយៈ។ 
 
ដើម្បីទប់ស្កាត់កូរ៉េខាងជើងមិនឱ្យសាកល្បងអាវុធនុយក្លេអ៊ែរ អាម៉េរិក បានព្រមានពីការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌកម្មជាថ្មី រួមទាំងពង្រឹងទណ្ឌកម្មដែលមានស្រាប់។ 
 
«...យើងពិតប្រាកដណាស់ ដូចដែលប៉ុនប៉ងលើសេចក្តីសម្រេចចុងក្រោយ នឹងជំរុញឱ្យមានទណ្ឌកម្មបន្ថែម»។ លោកស្រី Linda Thomas-Greenfield អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងបែបនេះ ទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរជុំវិញទណ្ឌកម្មបន្ថែម ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មី។ 
 
មិនតែប៉ុណ្ណោះ លោកស្រី Thomas-Greenfield បន្ថែមថា អាម៉េរិក នឹងជំរុញឱ្យពង្រឹងទណ្ឌកម្មដែលមានស្រាប់លើកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មកទល់ពេលនេះ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរចំនួន៦ដងហើយ ដោយសាកល្បងលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៧ មុនពេលចូលតុចរចាជាមួយអាម៉េរិក។ អាវុធនុយក្លេអ៊ែរចំនួន៦ដង សុទ្ធតែត្រូវបានសាកល្បងនៅ Punggye-ri ទាំងអស់។ ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានកត់សម្គាល់ថា​ ក្រុងព្យុងយ៉ាង បានបញ្ចប់ដំណាក់កាលការត្រៀមខ្លួនសម្រាប់ធ្វើតេស្តអាវុធនុយក្លេអ៊ែររួចហើយ ដោយរង់ចាំតែការសាកល្បងប៉ុណ្ណោះ។ 
 
គួររំឭកថា បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបញ្ចប់ទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន កូរ៉េខាងជើង បានសាកល្បងមីស៊ីលចំនួន ៣គ្រាប់ ដោយក្នុងនោះ ត្រូវបានសង្ស័យថាមានមីស៊ីលបាលីស្ទិកអន្តរទ្វីបផង៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com