អន្តរជាតិ
លោកវ៉ាង យី៖ ចិន គ្មានចេតនាប្រជែងភូមិសាស្រ្តនយោបាយក្នុងតំបន់ប៉ាស៊ីហ្វិកឡើយ
01, Jun 2022 , 5:14 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីតុងហ្កា លោកស្រី Fekitamoeloa Katoa
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីតុងហ្កា លោកស្រី Fekitamoeloa Katoa 'Utoikamanu។ រូបភាព៖ Xinhua
ចិន គ្មានបំណងប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយជាមួយប្រទេសណាមួយឡើយ។ លោក វ៉ាង យី បានសង្កត់ធ្ងន់បែបនេះក្នុងដំណើរទស្សនកិច្ចនៅតុងហ្កានៅថ្ងៃទី៣១ ខែឧសភា។ បើតាមលោក វ៉ាង ការប្រកួតប្រជែងបែបឈ្នះចាញ់ មានតែនាំឱ្យខាតបង់ប៉ុណ្ណោះ ហើយគោលនយោបាយបែបនេះ មិនត្រូវបានចិនប្រើប្រាស់កន្លងមកឡើយ។

 
ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ទៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ត្រូវបានអាម៉េរិក និងអូស្រ្តាលី ចាត់ទុកជាការពង្រីកឥទ្ធិពលក្នុងតំបន់មួយនេះ តាមរយៈកិច្ចព្រមព្រៀង និងការពង្រឹងកិច្ចសហប្រតិបត្តិការមួយចំនួន។ យ៉ាងណាមិញ ប្រមុខការទូតចិនរូបនេះ ក្នុងទស្សនកិច្ចនៅរាជធានីនូគូអាឡូហ្វា តុងហ្កា បានច្រានចោលការចោទប្រកាន់ទាំងនោះ។ 
 
«ចិនគ្មានបំណងប្រជែងជាមួយប្រទេសណាមួយ និងចាប់អារម្មណ៍ក្នុងការប្រជែងភូមិសាស្រ្តនយោបាយឡើយ»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ បន្ទាប់ពីជំនួបសមភាគីតុងហ្កា លោកស្រី Fekitamoeloa Katoa ‘Utoikamanu នៅថ្ងៃទី៣១ ខែឧសភា ដោយបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង មិនធ្លាប់ស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ណាមួយនោះទេ។ 
 
ទន្ទឹមនេះ លោកវ៉ាង បកស្រាយថា ការប្រកួតប្រជែងបែបចាញ់ឈ្នះ នឹងនាំឱ្យមានតែការខាតបង់ប៉ុណ្ណោះ ហើយចិនមិនធ្លាប់មានការទូតបែបនោះពីមុនមកឡើយ។ ត្រង់ចំណុចនេះ ប្រមុខការទូតចិន បានប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ, ការរក្សាទំនាក់ទំនងប្រកបដោយសមភាព រួមទាំងការអភិវឌ្ឍទំនាក់ទំនងទៅកម្រិតខ្ពស់បន្ថែមទៀត។ 
 
ក្នុងដំណើរទស្សនកិច្ចនៅក្រុងនូគូអាឡូហ្វា លោកវ៉ាង បានចាត់ទុកបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង ជាមិត្តដ៏ល្អ ដែលយល់ពីគ្នា និងទុកចិត្តគ្នាទៅវិញទៅមក ដោយសារតែចិន និងបណ្តាកោះនៅតំបន់ប៉ាស៊ីហ្វិក ជាប្រទេសកំពុងអភិវឌ្ឍ, មានបញ្ហាប្រឈមស្រដៀងគ្នា និងបេសកកម្មរួមគ្នា។ 
 
បើតាមលោកវ៉ាង រដ្ឋាភិបាលក្រុងប៉េកាំង បន្តគាំទ្របណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច, កែលម្អជីវភាពប្រជាជន, និងរក្សាស្ថិរភាពក្នុងតំបន់។ 
 
នៅថ្ងៃទី៣១ ខែឧសភានោះ ចិន និងតុងហ្កា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ជុំវិញការកាត់បន្ថយ និងបង្ការគ្រោះមហន្តរាយ, ការនេសាទ, សុខាភិបាល និងកសិកម្មជាដើម។ ចំណែកភាគីតុងហ្កាវិញ បានប្តេជ្ញាគោរពគោលការណ៍ចិនតែមួយ ហើយថែមទាំងអរគុណរដ្ឋាភិបាលក្រុងប៉េកាំង ដែលបានជួយខ្លួន ក្នុងពេលមានគ្រោះមហន្តរាយ និងការលំបាក។ 
 
កន្លងមក បណ្តាប្រជុំកោះប៉ាស៊ីហ្វិក បានបដិសេធចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្មជាមួយចិន ដោយសំអាងថា​ វាទាមទារឱ្យមានការពិភាក្សាបន្ថែម។ ការមិនឯកភាពនេះ ធ្វើឡើងស្របពេលបណ្តាប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា កិច្ចព្រមព្រៀងនោះ នឹងផ្តល់វិបាកដល់បណ្តាប្រទេសប៉ាស៊ីហ្វិក។
 
សេចក្តីស្នើនៃកិច្ចព្រមព្រៀង ដែលបានដាក់ចេញមុនដំណើរទស្សនកិច្ចរបស់លោក វ៉ាង មកប្រជុំកោះប៉ាស៊ីហ្វិកនេះ បានផ្តោតលើការហ្វឹកហ្វឺនប៉ូលិសនៃបណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិកទាំង១០, កិច្ចសហប្រតិបត្តិការលើសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, ការពង្រឹងទំនាក់ទំនងនយោបាយ និងការវិនិយោគលើធនធានធម្មជាតិជាដើម។ 
 
គួររំឭកថា ក្នុងដំណើរទស្សនកិច្ចនៅកោះសូឡូម៉ុន ប្រមុខការទូតចិន បានបញ្ជាក់ជាថ្មីថា​ ចិនគ្មានបំណងកសាងមូលដ្ឋានយោធានៅកោះមួយនេះឡើយ ហើយកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ក៏មិនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយដែរ៕ 
 
 

Tag:
 ចិន
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com