កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបារាំង និងគ្រូក្រូអាស៊ី ចាកចេញពីជំរំហ្វឹកហាត់ ក្រោយទទួលដំណឹងស្លាប់របស់ឪពុករៀងៗខ្លួន
01, Jun 2022 , 6:44 pm        
រូបភាព
លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង​ ថ្ងៃទី១​ ខែមិថុនា បានចាកចេញពីជំរំហ្វឹកហាត់របស់ក្រុមភ្លាមៗ បន្ទាប់ពីទទួលដំណឹងស្លាប់របស់ឪពុកលោក។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Noel Le Graet។


ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំង ត្រូវជំនួសដោយគ្រូជំនួយលោក Guy Stephan ខណៈគេហទំព័រផ្លូវការរបស់ក្រុមបានបង្ហោះរូបក្រុមកីឡាករឈរជួបជុំដោយស្ងប់ស្ងាត់លើទីលានហ្វឹកហាត់។
 
មាន់គកបារាំងកំពុងតែត្រៀមខ្លួន សម្រាប់ការប្រកួតពានរង្វាន់ Nations League ចំនួន៤ប្រកួត ក្នុងខែមិថុនានេះ ដោយត្រូវទទួលដាណឺម៉ាក នៅថ្ងៃទី៣ មិថុនា បន្ទាប់មកប៉ះក្រុមក្រូអាស៊ី ថ្ងៃទី៧ មិថុនា។ បារាំង ក៏ត្រូវប៉ះអូទ្រីស ថ្ងៃទី ១១ មិថុនា មុននឹងវិលទទួលក្រូអាស៊ីម្តងទៀត នៅ៣ថ្ងៃបន្ទាប់។
 
«នេះជាការសោកស្តាយបំផុតមួយដែលយើងបានឮ ដែលថាឪពុករបស់លោក Didier បានចែកឋានទៅ។ Didier ក៏បានធ្វើដំណើរទៅចូលរួមកម្មវិធីជាមួយក្រុមគ្រួសារ ខ្ញុំក៏បានធានាដល់គាត់ចំពោះការគាំទ្រគាត់គ្រប់យ៉ាងក្នុងពេលនេះ ហើយយើងសូមចូលរួមរំលែកទុក្ខជាមួយ Didier។»។ នេះបើតាមលោក Le Graet បាននិយាយបែបនេះ។
 
មិនត្រឹមតែប៉ុណ្ណោះគ្រូបង្វឹកក្រុមក្រូអាស៊ីលោក Zlatko Dalic ក៏បានចាកចេញពីជំរំហ្វឹកហាត់ក្រុមដូចគ្នា​ បន្ទាប់ពីទទួលដំណឹងនៃការស្លាប់របស់ឪពុកលោក ដូចនឹងលោក Didier Deschamps ដែរ។ ក៏ប៉ុន្តែមុនចេញពីហ្វឹកហាត់លោក Dalic ក៏បានដឹកនាំក្រុមហ្វឹកហាត់រួចរាល់ កាលពីថ្ងៃទី៣១ ខែឧសភា។
 
«យើងទទួលបានព័ត៌មានហើយក៏ចូលរួមរំលែកទុក្ខជាមួយលោក Zlakto Dalic ចំពោះការស្លាប់របស់ឪពុកលោក ហើយយើងក៏បានផ្តាំទៅលោកនិងក្រុមគ្រួសារ ដែលថាក្រុមគ្រួសារជម្រើសជាតិក្រូអាស៊ីទាំងអស់គាំទ្រដល់លោក។»។ នេះបើតាមប្រធានសហព័ន្ធបាល់ទាត់ក្រូអាស៊ីលោក Marijan Kustic បាននិយាយ៕
 
 

Tag:
 France
  Didier Deschamps
© រក្សាសិទ្ធិដោយ thmeythmey.com