អន្តរជាតិ
មន្រ្តីសភារុស្ស៊ី៖ ភាគខាងត្បូងអ៊ុយក្រែន អាចធ្វើប្រជាមតិចូលរុស្ស៊ីនៅខែកក្កដា
02, Jun 2022 , 10:46 am        
រូបភាព
យោធារុស្ស៊ី ឈរជើងនៅកន្លែងមួយក្នុងក្រុង Kherson។ រូបភាព៖ AP
យោធារុស្ស៊ី ឈរជើងនៅកន្លែងមួយក្នុងក្រុង Kherson។ រូបភាព៖ AP
តំបន់ភាគខាងត្បូងអ៊ុយក្រែន អាចនឹងធ្វើប្រជាមតិ ដើម្បីចូលជាផ្នែកមួយរបស់រុស្ស៊ីដើមខែកក្កដា។ ប្រធានគណៈកម្មាធិការការបរទេសសភារុស្ស៊ី លោក Leonid Slutsky បានបញ្ជាក់បែបនេះ នៅថ្ងៃទី១ ខែមិថុនា។ ការអះអាងបែបនេះ ធ្វើឡើង ស្របពេលមន្រ្តីវិមានក្រេមឡាំងជំរុញឱ្យប្រជាជន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី សម្រេចជោគវាសនារបស់ខ្លួន។

 
មកទល់ពេលនេះ ក្រុងធំៗជាច្រើន របស់អ៊ុយក្រែនដូចជា ក្រុង Zaporizhzhia, ក្រុង Kherson និង ក្រុង Mariupol ដែលស្ថិតនៅភាគខាងត្បូង និងភាគអាគ្នេយ៍ បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ កន្លងមក រដ្ឋាភិបាលក្រុងកៀវ បានចោទក្រុងមូស្គូថា បំណងរៀបចំប្រជាមតិនៅក្នុង Kherson និងក្រុង Zaporozhye ដើម្បីផ្តាច់ចេញពីអ៊ុយក្រែន។ 
 
ទាក់ទិននឹងបញ្ហាខាងលើ សមាជិកសភាជាន់ទាប លោក Leonid Slutsky បានអះអាងថា តំបន់ភាគខាងត្បូងរបស់អ៊ុយក្រែន អាចនឹងធ្វើប្រជាមតិ ចូលជាផ្នែកមួយរបស់រុស្ស៊ីក្នុងពេលឆាប់ៗ។  
 
«ខ្ញុំមិនអាចច្រានចោលឡើយថា រឿងទាំងនេះ អាចកើតឡើងនៅខែកក្កដាខាងមុខ»។ លោក Slutsky ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាជាន់ទាបរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១ ខែមិថុនា ដោយបន្ថែមថា លោកមិនអាចប៉ាន់ប្រមាណបានឡើយ ថាតើវានឹងកើតឡើងទីណា ប៉ុន្តែតំបន់ដែលរំដោះបាន នឹងធ្វើប្រជាមតិក្នុងពេលដំណាលគ្នា។ 
 
សមាជិកសភារូបនេះ បានចាត់ទុកការធ្វើប្រជាមតិនៅក្នុងដែនដីអ៊ុយក្រែន គឺជារឿងសមហេតុផល។ កន្លងមក សមាជិកព្រឹទ្ធសភារុស្ស៊ី លោក Andrei Turchak ក៏បានអះអាងស្រដៀងគ្នានេះដែរ។ បើតាមលោក Turchak វាគ្មានអ្វីត្រូវសង្ស័យឡើយថា តំបន់នៅអ៊ុយក្រែន នឹងចូលរួមជាមួយរុស្ស៊ី។
 
នៅខែឧសភាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យច្បាប់មួយ ដើម្បីសម្រួលនិតីវិធីក្នុងការផ្តល់សញ្ជាតិដល់ប្រជាជនដែលរស់នៅក្នុងក្រុង Kherson និងក្រុង Zaporizhzhia។ បន្ទាប់ពីការចុះហត្ថលេខាលើក្រឹត្យច្បាប់នោះ លោក ស៊ែយហ្គេយ៍ ឡាវរ៉ូវ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានលើកឡើងថា ការរំដោះតំបន់ដុនបាស គឺជាអាទិភាពដោយគ្មានលក្ខខណ្ឌសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ ខណៈតំបន់ផ្សេងទៀតរបស់អ៊ុយក្រែន អាចសម្រេចអនាគតរបស់ខ្លួនឯងបាន។
 
ក្នុងថ្ងៃទី១ ខែឧសភា អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ប្រជាជននៅក្នុងក្រុង Kherson, ក្រុង Zaporizhzhia និងតំបន់ដុនបាស ត្រូវតែសម្រេចអនាគតរបស់ខ្លួន។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនបានបញ្ជាក់ឱ្យបានច្បាស់លាស់ឡើយ ជុំវិញការសម្រេចវាសនារបស់ប្រជាជនអ៊ុយក្រែននោះ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com