កីឡាជាតិ
ជាតិ
ប្រាក់ មុន្នីឧត្ដម មិន រតនៈ និងគី រីណា មិនជាប់ក្នុងបញ្ជី២៣នាក់ នាជំនួបទីម័រខាងកើត និងAFC Asian Cup
02, Jun 2022 , 3:32 pm        
រូបភាព
កីឡាករជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់ ក្រោមការដឹកនាំរបស់លោក Honda អ្នកចាត់ការទូទៅ (រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)
កីឡាករជម្រើសជាតិកម្ពុជា កំពុងហ្វឹកហាត់ ក្រោមការដឹកនាំរបស់លោក Honda អ្នកចាត់ការទូទៅ (រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា)
កីឡាករ៥រូប មិនជាប់ក្នុងបញ្ជីជម្រើសជាតិ២៣នាក់ ក្នុងការប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅថ្ងៃទី២ ខែមិថុនា និងការប្រកួតក្នុងព្រឹត្តិការណ៍ AFC Asian Cup 2022 នៅថ្ងៃទី៨-១៤ នៅប្រទេសឥណ្ឌាឡើយ។


កីឡាករ មិនជាប់ជាជម្រើសជាតិ បន្ទាប់ពីប្រមូលផ្ដុំហ្វឹកហាត់មាន៖ ប្រាក់ មុន្នីឧត្ដម, គី រីណា, មិន រតនៈ, ជា សុខម៉េង និង សឿត ណាវ៉ា។
 
កីឡាករចាស់វស្សារបស់ព្រះខ័នរាជ ស្វាយរៀង ប្រាក់ មុន្នីឧត្តម បាត់បង់ឱកាសបង្ហាញខ្លួន ក្នុងការប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត​ និងព្រឹត្តិការណ៍AFC Asian Cup 2022 Qualifies នៅប្រទេសឥណ្ឌា។ ប្រាក់ មុន្នីឧត្តម មានបទពិសោធន៍ច្រើនសម្រាប់ការប្រកួតឱ្យជម្រើសជាតិកម្ពុជា នាអំឡុងឆ្នាំ២០០៩-២០១៥ បើគិតចាប់ពីប្រកួតបាល់ទាត់យុវជន
អាយុក្រោម១៩ មក។ 
 
ដោយឡែក មិន រតនៈ កីឡាករវ័យក្មេងរបស់ក្លិបព្រះខ័នរាជ ស្វាយរៀង ក៏មិនជាប់ដែរ។ ការបង្ហាញខ្លួន របស់ខ្សែបម្រើកណ្ដាលរូបនេះ ក្នុងព្រឹត្តិការណ៍អន្ដរជាតិ មានភាពលេចធ្លោជាខ្លាំង ជាពិសេសការស៊ុតបាល់ពីចម្ងាយ និងការបង្កើតឱកាសឲ្យសមាជិកក្រុម ក្នុងការរកគ្រាប់បាល់។ ផ្ទុយទៅវិញ រតនៈ បែរជាមិនជាប់ក្នុងជម្រើស២៣នាក់នេះ។ 
 
ចំណែក គី រីណា ជា សុខម៉េង និង សឿត ណាវ៉ា ក៏បានទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៅស៊ីហ្គេមលើកទី៣១ ប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ បើទោះជាកម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះពូលក្តី។
 
តែយ៉ាងណាការជ្រើសរើសកីឡាករនេះ គឺជាការសម្រេចចិត្តរបស់គ្រូជម្រើសជាតិ។ កាលពីថ្ងៃទី២៤ ឧសភា ក្រោយបញ្ចប់ស៊ីហ្គេមនៅវៀតណាម លោក Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានផ្ដាំឲ្យកីឡាករទាំងអស់ ខិតខំហ្វឹកហាត់ និងថែរក្សាសុខភាព ជាពិសេសវិន័យក្នុងវិស័យកីឡាបាល់ទាត់នេះ។ ថ្លែងក្នុងកិច្ចសំណេះសំណាលជាមួយកូនក្រុមនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកចាត់ការជនជាតិជប៉ុនរូបនេះ ក៏បានប្រាប់កីឡាករទុកមុនដែរថា កីឡាករជាប់ឈ្មោះក្នុងការប្រកួតស៊ីហ្គេមននៅវៀតណាមនេះ ក៏មិនប្រាកដថាអាចជាប់ឈ្មោះក្នុងបញ្ជីកីឡាករ នាការប្រកួតក្រោយៗទៀតដែរ៕
 

Tag:
 បាល់ទាត់
  AFC Asian Cup
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com