ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចូលស្រុកវិញ លោក អៀ ចាន់ណា ត្រូវចាប់ខ្លួនពីបទរួមគំនិតក្បត់ជាតិ
02, Jun 2022 , 4:03 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Ir Channa
រូបពីទំព័រហ្វេសប៊ុក Ir Channa
ដោយ៖ ទេពញាណ
 
លោក អៀ ចាន់ណា ដែលគេស្គាល់តាមរយៈបណ្តាញសង្គមថា ជាអ្នកមាននិន្នាការប្រឆាំង និងជាអ្នកដែលរិះគន់រដ្ឋាភិបាលកម្ពុជាពីនាយសមុទ្រ ត្រូវចាប់ខ្លួន ពេលលោក ឈានជើងចូលមាតុភូមិវិញបានត្រឹមតែ៣-៤ថ្ងៃប៉ុណ្ណោះ។ លោក អៀ ចាន់ណា ដែលរស់នៅក្នុងប្រទេសន័រវែស បានមកដល់កម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន ពេលលោក ទៅធ្វើលិខិតឆ្លងដែន នៅផ្សារអ៊ីអន២ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។



លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចយកលោក អៀ ចាន់ណា ទៅឃុំនៅមណ្ឌលអប់រំកែប្រែ១ (ម១) នៃពន្ធនាគារព្រៃស ក្នុងថ្ងៃចាប់ខ្លួននោះតែម្តង គឺថ្ងៃទី៣០ ខែឧសភា។ យោងតាមដីការបស់លោក ស៊ិន សុវណ្ណរ័ត្ន ចុះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ លោក អៀ ចាន់ណា ដែលមានវ័យ៤១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ជាតិ។ លោកចៅក្រមស៊ើបសួររូបនេះ បានចេញដីកាលើកទី១ តាំងពីចុងឆ្នាំ២០២០មកម្ល៉េះ ដើម្បីបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់លោក។  
 
លោក សំ សុគង់ មេធាវីរបស់លោក អៀ ចាន់ណា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ថា លោក អៀ ចាន់ណា សម្រេចវិលមកកម្ពុជា ដើម្បីចូលរួមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សភ្លើងទៀន។ 
 
ជាការពិតមែន នៅតាមបណ្តាញសង្គម គេ ឃើញរូបភាព ដែលលោកពាក់អាវ និងមួករបស់គណបក្សសង្គ្រោះជាតិ ហើយចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិក្នុងខេត្តតាកែវ។ ជាអ្នកមានស្រុកកំណើតនៅខេត្តតាកែវស្រាប់ លោក ត្រូវបានតែងតាំងជាអនុប្រធានគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ។ 
 
លោកមេធាវី បញ្ជាក់ដូច្នេះថា៖«កំហុសនៃនីតិវិធី គឺលោក អៀ ចាន់ណា មិនដែលទទួលបានដីកាកោះហៅរបស់តុលាការទេ ដែលជាហេតុធ្វើឲ្យកូនក្តីមកពីប្រទេសក្រៅ មកដល់ស្រុកខ្មែរ ទើបតែបានរយៈពេលខ្លី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង»។
 
លោក សំ សុគង់ បន្តថា លោក អៀ ចាន់ណា ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ គឺដោយសារលោក ចូលរួមធ្វើសកម្មភាពគាំទ្រផែនការធ្វើមាតុភូមិនិវត្តរបស់អ្នកស្រី មូរ សុខហួរ អនុប្រធាន១រូបរបស់អតីតគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ២០២០។ 
 
អ្នកស្រី មូរ សុខហួរ ដាក់ផែនការធ្វើមាតុភូមិនិវត្ត បន្ទាប់ពីផែនការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី មេដឹកកំពូលរបស់ក្រុមប្រឆាំង កាលពីចុងឆ្នាំ២០១៩ ត្រូវបរាជ័យ។ យ៉ាងណា ផែនការធ្វើមាតុភូមិនិវត្តិរបស់អ្នកស្រី ក៏ត្រូវបរាជ័យដែរ។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកផែនការធ្វើមាតុភូមិនិវត្តរបស់មេដឹកនាំក្រុមប្រឆាំង ថាជាផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដូច្នេះហើយ ទើបអ្នកដែលពាក់ព័ន្ធនឹងផែនការនេះ ត្រូវបានចោទពីបទរួមគំនិតក្បត់ជាតិ។ 
 
បើតាមលោកមេធាវីខាងលើដដែល អ្នកដែលត្រូវចាប់ខ្លួន ដោយសារពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តរបស់អ្នកស្រី មូរ សុខហួរ មិនមែនមានតែលោក អៀ ចាន់ណា នោះទេ ដោយមានមនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនរួចមកហើយ ហើយបានជាប់ឃុំនៅកម្ពុជាមកដល់បច្ចុប្បន្ននេះ។ លោក អះអាងថា តុលាការ នៅមិនទាន់បើកសវនាការជំនុំជម្រះលើអ្នកទាំង៣ ដែលជាប់ពន្ធនាគារមុនលោក អៀ ចាន់ណា នោះទេ។ 
 
គណបក្សភ្លើងទៀន និង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សុទ្ធតែចេញសេចក្តីថ្លែងការណ៍ ជុំវិញការចាប់លោក អៀ ចាន់ណា ដោយហៅការចាប់លោក ថាមានលក្ខណៈនយោបាយ ហើយស្នើឲ្យដោះលែងលោកវិញ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រមូលផ្តុំដោយប្រជាពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេស ដែលជាទូទៅ គេ សង្កេតឃើញ ថាជាក្រុមដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ លោក អៀ ចាន់ណា ក៏ជាគ្នីគ្នាម្នាក់ក្នុងក្រុមនេះដែរ។ 
 
គណបក្សសង្គ្រោះជាតិ សរសេរថា លោក អៀ ចាន់ណា ពិតជាធ្លាប់ធ្វើជាមន្រ្តីអតីតគណបក្សសង្គ្រោះជាតិមែន តែលោក បានលាលែងហើយ ដោយមិនពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិទៀតទេ ហើយបច្ចុប្បន្ន លោក ជាអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តតាកែវ។ រីឯ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សរសេរថា លោក អៀ ចាន់ណា គ្មានកំហុសដូចការចោទប្រកាន់ឡើយ ហើយហៅការចាប់លោក ថាជាការរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ 
 
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបថា ការលើកឡើងរបស់ភាគីជំទាស់ខាងលើ ថាមិនពឹងផ្អែកលើទិដ្ឋភាពច្បាប់ទាល់តែសោះ។ លោក បកស្រាយថា ការចាប់លោក អៀ ចាន់ណា គឺជារឿងច្បាប់សុទ្ធសាធ មិនមែនជារឿងនយោបាយឡើយ ហើយការចាប់នេះ គឺធ្វើទៅតាមដីកាបង្គាប់របស់តុលាការ។
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ដូច្នេះថា៖«ទោះពេលណាក៏ដោយ អ្នកដែលមានដីកាចាប់ខ្លួន គេ ត្រូវចាប់ហើយ អាហ្នឹងជាវិធានការច្បាប់ជាទូទៅ»។
 
លោក អៀ ចាន់ណា ក៏ដូចអ្នកមាននិន្នការប្រឆាំងដទៃទៀតដែរ គឺតែងរិះគន់រដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេស។ បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ក៏ស្ថិតក្នុងការរិះគន់១របស់លោកដែរ៕ 
 

Tag:
 អៀ ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com