អន្តរជាតិ
Elon Musk ប្រាប់បុគ្គលិក Tesla ទាំងអស់ ឱ្យត្រលប់ទៅធ្វើការនៅការិយាល័យវិញ
02, Jun 2022 , 7:29 pm        
រូបភាព
មហាសេដ្ឋីអាម៉េរិក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla ។ រូបថត Xinhua
មហាសេដ្ឋីអាម៉េរិក Elon Musk ម្ចាស់ក្រុមហ៊ុន Tesla ។ រូបថត Xinhua
នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc លោក Elon Musk បានប្រាប់ឱ្យបុគ្គលិកត្រលប់ទៅធ្វើការនៅការិយាល័យវិញ ដោយប្រកាសបញ្ចប់គោលការណ៍ធ្វើការពីផ្ទះ។ មហាសេដ្ឋីរូបនេះបញ្ជាក់ក្នុងសារអ៊ីមែលនៅថ្ងៃទី៣១ ខែឧសភា ថា បុគ្គលិកដែលមិនទៅធ្វើការនៅការិយាល័យ ត្រូវបានចាត់ទុកថាបានដាក់ពាក្យលាឈប់។


«បុគ្គលិកគ្រប់គ្នានៅ Tesla តម្រូវឱ្យទៅធ្វើការនៅការិយាល័យយ៉ាងហោចណាស់៤០ម៉ោងក្នុងមួយសប្តាហ៍»។ លោក Elon Musk បានសរសេរបែបនេះនៅក្នុងអ៊ីមែលដែលបានផ្ញើទៅកាន់បុគ្គលិកនៅយប់ថ្ងៃទី៣១ ខែឧសភា មុនបន្តថា បុគ្គលិកដែលមិន​បង្ហាញ​ខ្លួន នឹងត្រូវសន្មត​ថា ​លាឈប់ពី​តំណែង។ 
 
លោក Musk ក៏បានបញ្ជាក់ប្រាប់បុគ្គលិក Tesla ថា វត្តមានរបស់ពួកគេជារឿងចាំបាច់ ហើយនេះជាមូលហេតុដែលលោកភាគច្រើនរស់នៅក្នុងរោងចក្រ Telsa ផ្ទាល់។ លោកសរសេរទៀតថា ប្រសិនបើលោកមិនបានធ្វើបែបនេះទេ ក្រុមហ៊ុន Tesla ក្ស័យធនជាយូរមកហើយ។ 
 
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅតំបន់ Silicon Valley មិនតម្រូវឱ្យបុគ្គលិកត្រលប់ទៅធ្វើការនៅការិយាល័យពេញម៉ោងវិញទេ ខណៈដែលជំងឺកូវីដ-១៩ បន្តរាលដាល​​នៅរដ្ឋកាលីហ្វ័រញ៉ា។ ខណៈក្រុមហ៊ុនមួយចំនួនមិនតម្រូវឱ្យបុគ្គលិកធ្វើការនៅការិយាល័យនោះ លោក Musk បានបន្តសរសេរក្នុង​អ៊ីមែល​ថា​ ពិត​ណាស់​មាន​ក្រុមហ៊ុនមួយចំនួន​មិន​តម្រូវ​បែបនេះនេះ ប៉ុន្តែក្រុមហ៊ុនទាំងនេះបាន​នាំ​ចេញ​ផលិតផល​ថ្មី​ដ៏​អស្ចារ្យចុង​ក្រោយនៅពេលណា?
 
បើតាមលោក Musk ក្រុមហ៊ុន Tesla នឹងបង្កើតផលិតផលិតផលដ៏គួរឱ្យរំភើប និងមានអត្ថន័យបំផុត ជាងក្រុមហ៊ុនផ្សេងៗលើពិភពលោក ហើយគោលដៅនេះនឹងមិនអាចសម្រេចបានដោយគ្រាន់តែធ្វើការតាមការនិយាយទូរស័ព្ទឡើយ។ 
 
យ៉ាងណាមិញ ក្រុមតស៊ូមតិកម្មករដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានបង្ហាញការមិនពេញចិត្តចំពោះសាររបស់លោក Musk ហើយបុគ្គលិក Tesla មួយចំនួនបានសម្តែងការមិនសប្បាយចិត្តចំពោះបញ្ហានេះ។ បុគ្គលិក Tesla ម្នាក់បានសរសេរនៅលើកម្មវិធីអនាមិក Blind ថា ប្រសិនបើមានការចាកចេញដ៏ធំពីបុគ្គលិក តើ Tesla នឹងបញ្ចប់គម្រោងដោយរបៀបណា?»
 

Tag:
 Elon Musk
© រក្សាសិទ្ធិដោយ thmeythmey.com