ជាតិ
សេដ្ឋកិច្ច
អាល្លឺម៉ង់នឹងផ្តល់ជំនួយ ៣២លានដុល្លារ លើការផ្គត់ផ្គង់អគ្គិសនីជនបទនៅកម្ពុជា​
02, Jun 2022 , 7:59 pm        
រូបភាព
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន
ដោយ ៖ ធន់ សេងហុង 
 
រដ្ឋាភិបាលសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់គ្រោងផ្តល់ឥណទានសម្បទានប្រមាណ ៣២លានដុល្លារ ដល់កម្ពុជា លើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនី នៅតាមជនបទដំណាក់កាលទី២។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣១ ឧសភា កញ្ចប់ជំនួយនេះ នឹងបង្កើនការគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្កិសនីនៅតាមជនបទ។


ប្រទេសអាល្លឺម៉ង់នឹងផ្តល់ឥណទានសម្បទានចំនួន ៣០លានអឺរ៉ូ (ប្រមាណ៣២លានដុល្លារ) បន្ថែមទៀត តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទៅលើគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី២ (Energy Efficiency in Rural Power Supply II Project) ។ 
 
កញ្ចប់ជំនួយឥណទានសម្បទានខាងលើនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូតកម្ពុជានៅចុងខែមិថុនានេះ​។
 
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ការបន្តគាំទ្រផ្តល់ឥណទានសម្បទានរបស់អាល្លឺម៉ង់នេះ គឺជាការបំពេញបន្ថែមដល់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសនឹងបង្កើនការគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់អគ្កិសនី នៅតាមជនបទកម្ពុជា​។
 
ជុំវិញការផ្តល់ជំនួយពីរដ្ឋាភិបាលអាល្លឺម៉ង់នេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ៖« បើប្រៀបធៀបនឹងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដទៃទៀត ប្រទេសអាល្លឺម៉ង់គឺជាដៃគូដ៏សំខាន់មួយ ហើយបានផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំនេះ»។  
 
សូមជម្រាបថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ឥណទានសម្បទានចំនួន ៣០ លានអឺរ៉ូ (ប្រមាណជិត៣២លានដុល្លារ)នៅឆ្នាំ២០១៩ សម្រាប់គាំទ្រការអនុវត្តគម្រោងប្រសិទ្ធភាពថាមពល លើផ្គត់ផ្គង់អគ្គិសនីជនបទដំណាក់កាលទី១ ។ នៅឆ្នាំ ២០២០ អាល្លឺម៉ង់ ក៏បានផ្តល់ថវិកា ៣០ លានអឺរ៉ូបន្ថែមទៀត សម្រាប់ហិរញ្ញប្បទានដល់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា ។ 
 
ចាប់ពីឆ្នាំ១៩៩២-២០២១ ប្រទេសអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ ៧២០លានដុល្លារ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ៕
 

Tag:
 អាល្លឺម៉ង់ ជំនួយ អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com