អន្តរជាតិ
ឡាវ បិទស្លាកចំណាំលើរថយន្ត ដើម្បីបញ្ជាក់ទ្រព្យសម្បត្តិរដ្ឋ និងបង្ហាញពីគណនេយ្យភាព
06, Jun 2022 , 8:29 pm        
រូបភាព
រូបភាព៖ the Laotian Times
រូបភាព៖ the Laotian Times
រដ្ឋាភិបាលក្រុងវៀងចន្ទន៍ បានចាប់ផ្តើមបិទស្លាកចំណាំលើរថយន្ត ដើម្បីបញ្ជាក់ជាទ្រព្យរបស់រដ្ឋ  និងជាការបង្ហាញពីគណនេយ្យភាពចំពោះសាធារណជន។ សារព័ត៌មានឡាវ The Laotian Times បានចុះផ្សាយបែបនេះ នៅថ្ងៃទី១ ខែមិថុនា។

 
ការប្រើប្រាស់រថយន្តរដ្ឋ ត្រូវបានរដ្ឋាភិបាលឡាវរឹតបន្តឹងយ៉ាងខ្លាំងមួយរយៈចុងក្រោយ និងត្រូវបានសាធារណជនយកចិត្តដាក់ខ្លាំង។ រថយន្តរដ្ឋឡាវ ត្រូវបានកត់សម្គាល់ដោយស្លាកលេខពណ៌ខៀវ ឬក្រហម។ យ៉ាងណាមិញ បើទោះមានការដាក់ស្លាកកត់សម្គាល់បែបនោះក្តី រថយន្តរដ្ឋ ត្រូវបានប្រើប្រាស់ខុសគោលដៅ។
 
«យើងឃើញរថយន្តដាក់ស្លាកលេខរដ្ឋជាច្រើននៅតំបន់ទេសចរណ៍នៅចុងសប្តាហ៍ និងអំឡុងថ្ងៃសម្រាក»។ អ្នកគ្រប់គ្រងហាងលក់ដូរមួយរូប នៅក្រុង Vang Vieng  បានបញ្ជាក់បែបនេះ ទៅកាន់សារព័ត៌មានឡាវ The Laotian Times។ 
 
ដើម្បីបញ្ជាក់ពីទ្រព្យសម្បត្តិរដ្ឋ និងបង្ហាញពីគណនេយ្យភាពចំពោះសាធារណជន រដ្ឋាភិបាលបានចាប់ផ្តើមបិទស្លាកចំណាំលើរថយន្តបន្ថែមពីលើស្លាកលេខ។ ស្លាកចំណាំនោះ នឹងបង្ហាញពីស្លាកលេខរថយន្ត, អង្គភាពដែលជាម្ចាស់កម្មសិទ្ធិរថយន្ត រួមទាំង QR Code ដែលអាចឱ្យស្កេនបាន។ 
 
បន្ទាប់ពីចំណាត់ការបែបនេះ ប្រជាជនឡាវមួយរូប ដែលរស់នៅក្នុងក្រុងវៀងចន្ទន៍ បានសាទរពីកិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងរថយន្តរបស់រដ្ឋ។ យ៉ាងណាមិញប្រជាជនរូបនេះ បានបង្ហាញក្តីបារម្ភថា ស្លាកចំណាំនោះ ទំនងមិនអាចបញ្ឈប់មន្រ្តីរដ្ឋពីការប្រើប្រាស់រថយន្តខុសពីគោលដៅសាធារណៈ ឬយករថយន្តទៅចតនៅផ្ទះពួកគេឡើយ។ 
 
នៅក្នុងខែឧសភាកន្លងទៅ មន្រ្តីនៅការិយាល័យនាយករដ្ឋមន្រ្តីឡាវ និងមន្រ្តីក្រសួងសេដ្ឋកិច្ច បានរៀបចំជំនួបមួយ ដើម្បីពង្រឹងការអនុវត្តអនុក្រឹត្យ ៥៩៩ ស្តីពីរថយន្តរដ្ឋ។ អនុក្រឹត្យនោះ បានចែងពីការផ្តល់រថយន្តទៅស្ថាប័នរដ្ឋាភិបាល។ 
 
គួររំឭកថា កន្លងមក រថយន្តរដ្ឋឡាវ ត្រូវបានប្រើប្រាស់ដោយមន្រ្តីខ្លួនរហូតដល់ទឹកដីថៃឯណោះ។ ការប្រើប្រាស់នោះ ត្រូវបានជឿថា មិនទទួលបានការអនុញ្ញាតឡើយ៕ 
 

Tag:
 ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com