កីឡាជាតិ
ជាតិ
លោក ហែម គីរី នឹងបញ្ចូនអត្តពលិកហែលទឹក ហ្វឹកហាត់ក្រៅប្រទេស ដើម្បីសម្រេចមេដាយស៊ីហ្គេម ២០២៣
03, Jun 2022 , 7:59 am        
រូបភាព
លោក ហែម គីរី និងអត្តពលិកហែលទឹកកម្ពុជា នាការប្រកួតស៊ីហ្គេមនៅវៀតណាម(ប្រភពសហព័ន្ធកីឡាហែលទឹកកម្ពុជា)
លោក ហែម គីរី និងអត្តពលិកហែលទឹកកម្ពុជា នាការប្រកួតស៊ីហ្គេមនៅវៀតណាម(ប្រភពសហព័ន្ធកីឡាហែលទឹកកម្ពុជា)
ដោយ៖ហៀក ឆក

អត្តពលិកហែលទឹកកម្ពុជា នឹងត្រូវទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីត្រៀមប្រកួតដណ្ដើមមេដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បាននិយាយថា ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម បានបង្ហាញពីការវាស់ស្ទង់សមត្ថភាព បទពិសោធ និងបច្ចេកទេសអត្តពលិកកម្ពុជា។ ជាពិសេសកម្ពុជា បានមេដាយសំរឹទ្ធ​១ នៅស៊ីហ្គេម ជាលើកដំបូង ចាប់តាំងពីចូលរួមប្រកួតឡើងវិញ នៅឆ្នាំ១៩៩៥។ ដើម្បីសម្រេចបានមេដាយ លើប្រភេទកីឡាហែលទឹក ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នោះ លោក ហែម គីរី ត្រៀមបញ្ចូនអត្តពលិកហែលទឹក ទៅហ្វឹកហាត់ក្រៅប្រទេសផងដែរ។
 
អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា។បានប្រាប់សារពត៌មានថ្មីៗ តាមរយៈហ្វេសប៊ុកថា៖ «កីឡាករ កីឡាការិនីវ័យក្មេងរបស់យើង គឺមានសន្ទស្សន៍រីកចម្រើនខ្ពស់ផ្នែកបច្ចេកទេស ក្នុងនោះក៏មានកីឡាការិនីយើង បានបំបែកឯកត្តកម្មថ្នាក់ជាតិ និងមានកីឡាហែលទឹកជើងទាជាក្រុម ទទួលបានមេដាយសំរឹទ្ធ ១ នៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលជាលទ្ធផលដំបូងរបស់យើង ។ ហើយយើងនឹងបញ្ជូនកីឡាករកីឡាការិនី យើងចេញទៅហ្វឹកហាត់នៅក្រៅប្រទេសនាពេលឆាប់ៗនេះ»។ 
 
កីឡាករ លឹម កែវឧត្តម ជាកីឡាករ១រូប ក្នុងក្រុមកីឡាហែលទឹក ដែលទទួលបានមេដាយសំរឹទ្ធនៅស៊ីហ្គេមលើកទី៣១ លើវិញ្ញាសាហែលបណ្តាក់ ៤x២០០ម​ (surface) បាននិយាយថា ការប្រកួតនោះ ជួបសុទ្ធសឹងតែកីឡាករដែលមានបច្ចេកទេស និងបទពិសោធច្រើន ដូច្នេះក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ មានតែការខិតខំប្រឹងប្រែងថែមទៀត។
 
 «ខ្ញុំទទួលបានបទពិសោធន៍ច្រើនដែលបានជួបកីឡាករខ្លាំងៗដូចជា ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន និងថៃ ដែលសុទ្ធសឹងតែមានបច្ចេកទេស និងបទពិសោធខ្លាំង ។ សម្រាប់ស៊ីហ្គេមលើកទី៣២ ខ្ញុំមានតែការខិតខំប្រឹងប្រែងបន្ត»។ សម្តីរបស់កីឡាករ លឹម កែវឧត្តម។
 
គួបញ្ជាក់ផងដែរថា កីឡាហែលទឹកកម្ពុជា ចូលរួមប្រកួតខ្នាតអន្តរជាតិពីឆ្នាំ ១៩៩៥ មក ដោយមានអតីតកីឡាករឆ្នើម ហែម ថុន ចូលរួមប្រកួត។ នៅស៊ីហ្គេមលើកទី ៣១ កីឡានេះទទួលបានមេដាយសំរឹទ្ធ ១ លើវិញ្ញាសាហែលបណ្តាក់៤x២០០ម ដែលជាលើកដំបូងសម្រាប់សហព័ន្ធកីឡាហែលទឹកកម្ពុជា​៕
 
 

Tag:
 មេដាយ
 កីឡាហែលទឹក
 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com