កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែការពារ Kurt Zouma ត្រូវកាត់ទោសឱ្យធ្វើការងារសេវាសហគមន៍ ១៨០ម៉ោង ក្រោយប្រើហិង្សាលើសត្វចិញ្ចឹម
03, Jun 2022 , 8:29 am        
រូបភាព
កីឡាករ Kurt Zouma ខ្សែការពារក្លិប West Ham United ថ្ងៃទី១​ ខែមិថុនា ត្រូវបានតុលាការបញ្ជាឱ្យអនុវត្តសេវាសហគមន៍រយៈពេល ១៨០ ម៉ោង ហើយហាមឃាត់មិនឱ្យចិញ្ចឹមសត្វឆ្មារយៈពេល៥ឆ្នាំ ចំពោះការប្រើអំពើហិក្សាលើសត្វឆ្មាចិញ្ចឹមរបស់គេ។


កាលពីខែកុម្ភៈខ្សែការពារ Kurt Zouma ត្រូវបានរងការចោទប្រកាន់ពីអង្គការសប្បុរសធម៌សុខុមាលភាពសត្វប្រចាំប្រទេសអង់គ្លេស ក្រោយប្អូនប្រុសរបស់គេ Yoan Zouma បានបង្ហោះឃ្លីបវីដេអូដែលបង្ហាញថា Zouma បានប្រើជើងទាត់ និងយកដៃទះឆ្មារបស់គេ។ ខ្សែការពាររបស់ West Ham ក៏ត្រូវបានរងការពិន័យប្រាក់ប្រមាណ ៣១២,០០០ ដុល្លារផងដែរពីបញ្ហាហិង្សានេះ។
 
បើតាមសេចក្តីថ្លែងការណ៍មួយដែលបានផ្សាយដោយទូរទស្សន៍ Sky Sports ក្រោយការប្រកាសសាលក្រមលើករណី Zouma ក្លិប West Ham United បាននិយាយថា ក្លិបថ្កោលទោសរាល់អំពើហិង្សាដែលកើតឡើងលើសត្វចិញ្ចឹម។
 
«ក្លិប West Ham បានថ្កោលទោសនិងប្រឆាំងដាច់ខាតរាល់បញ្ហាអំពើហិង្សាដែលកើតមានលើសត្វចិញ្ចឹម អាកប្បកិរិយានេះ គឺជារឿងពិបាកក្នុងការទទួលយកខ្លាំងណាស់ ហើយវាមិនស្ថិតក្នុងតម្លៃនៃកីឡាបាល់ទាត់។ Kurt បានទទួលស្គាល់កំហុសរបស់គេ ហើយរូបគេក៏បានសុំទោសអំពីបញ្ហានេះ យើងសង្ឃឹមថាតុលាការនឹងសម្រេចចិត្ត ព្រមទាំងផ្តល់ឱកាសឱ្យគេសិក្សាពីកំហុសរបស់គេ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប West Ham។
 
យ៉ាងណាមិញ សេចក្តីសម្រេចរបស់តុលាការបានកាត់ទោសឱ្យ Zouma ធ្វើការងារសេវាសហគមន៍រយពេល ១៨០ម៉ោង ហើយពិន័យជាប្រាក់ទៅឱ្យតុលាការចំនួន ១០,០០០ដុល្លារ និង ហាមឃាត់មិនឱ្យចិញ្ចឹមសត្វឆ្មារយៈពេល ៥ឆ្នាំ៕
 
 
 
 
 
 

Tag:
 Kurt Zouma
© រក្សាសិទ្ធិដោយ thmeythmey.com