កីឡាអន្តរជាតិ
អន្តរជាតិ
Bale និង Isco ចេញពី Real ឯ Pogba, Lingard និង Mata ប្រកាសចេញពីបិសាចក្រហមដែរ
02, Jun 2022 , 5:49 pm        
រូបភាព
ខ្សែប្រយុទ្ធ Gareth Bale បានចាកចេញពីក្លិប Real Madrid ក្រោយរួមរស់រយៈពេល៩ឆ្នាំ រួមគ្នានឹងខ្សែបម្រើ Isco ។ នៅអង់គ្លេសវិញ ចំណែកឯ Paul Pogba ក៏ដើរចេញពី Manchester United ជាថ្មីម្តងទៀតដោយគ្មានតម្លៃខ្លួន ខណៈ Juan Mata និង Jesse Lingard ក៏ចាកចេញ។


 
Bale ចូលរួមជាមួយក្លិបយក្សរបស់អេស្ប៉ាញក្នុងឆ្នាំ ២០១៣ doyផ្ទេរពីក្រុម Tottenham Hotspur ក្នុងតម្លៃ ១០៦លានដុល្លារ។ អតីតខ្សែប្រយុទ្ធ Spurs រូបនេះក៏បានផ្ញើសារអរគុណទៅកាន់ក្លិបក៏ដូចជាមិត្តរួមក្រុមនិងគ្រូបង្វឹក រូបគេផងដែរ។ 
 
«ខ្ញុំបានសរសេរសារដោយនិយាយអរគុណទៅកាន់មិត្តរួមក្រុមទាំងអស់ ទាំងពេលមុន និងបច្ចុប្បន្ន គ្រូបង្វឹក ក្រុមការងារទាំងអស់ ហើយជាពិសេសអ្នកគាំទ្រដែលបានគាំទ្ររួមខ្ញុំ។ លេងឱ្យ Real Madrid ជារឿងដែលមួយដែលសុបិនរបស់ខ្ញុំក្លាយជាការពិត។»។ នេះជាការលើកឡើងរបស់ Bale នៅលើបណ្តាញសង្គមរបស់ខ្លួន។
 
Bale នៅមិនទាន់រកក្លិបថ្មីបាននៅឡើយ ខណៈកំពុងចូលរួមជាមួយក្រុមជម្រើសជាតិវែលស៍ប្រកួតជម្រុះវគ្គផ្តាច់ព័្រត្រដណ្តើមកៅអី World Cup ទល់ក្រុមជម្រើសជាតិអ៊ុយក្រែននៅថ្ងៃទី៥ ខែមិថុនា។ វែលស៍ក៏ត្រូវបន្តការប្រកួត UEFA Nations League ទល់ហូឡង់ និងបែលហ្ស៊ិក។
 
ដោយឡែកខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ចាកចេញពីក្លិបបិសាចក្រហម Manchester United ជាថ្មីម្តងទៀត ខណៈពេលខ្សែបម្រើ Jessie Lingard និង Juan Mata ចាកចេញដែរ។
 
ក្លិបបិសាចក្រហមបានបង្ហោះនៅលើគេហទំព័រផ្លូវការ ដោយបានប្រកាសថាកីឡាករទាំងពីររូបបានចាកចេញពីក្លិបដោយមិនមានការបន្តកិច្ចសន្យាថ្មីអ្វីទៀតឡើយនាថ្ងៃទី១ ខែមិថុនា។ Pogba និង Lingard ក៏បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមអរគុណដល់ក្លិប អ្នកគាំទ្រព្រមទាំងក្រុមគ្រូបង្វឹកទាំងអស់នៅ Old Trafford ផងដែរ។
 
កីឡាករខ្សែបម្រើទាំងពីរ នឹងចាកចេញពីបិសាចក្រហមក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ហើយអាចចូលរួមក្លិបនានាក្នុងតំបន់អឺរ៉ុបដែលពួកគេចាប់អារម្មណ៍។
 
សម្រាប់ Lingard នេះជាការចែកផ្លូវគ្នាពីក្លិបដែលរូបគេបានរួមរស់អស់រយៈពេល២០ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០១ ដែលគេចូលលេងក្នុងនាមជាកីឡាករក្រុមអាយុក្រោម៩ឆ្នាំ របស់ Man United រហូតចូលលេងក្រុមធំក្នុងឆ្នាំ ២០១៤។ 
 
Lingard អាចនឹងទៅចូលរួមជាមួយក្លិប West Ham United នៅរដូវកាលថ្មីខាងមុខ ខណៈ Pogba នៅមិនទាន់អាចរកក្លិបថ្មីនៅឡើយ។ ខ្សែបម្រើបារាំងរូបនេះត្រូវបានសារព័ត៌មានរាយការណ៍ថា អាចទៅចូលរួមជាមួយ Juventus សារជាថ្មីម្តងទៀត៕
 
 
 
 
 

Tag:
 Gareth Bale
  Paul Pogba
  Jessie Lingard
© រក្សាសិទ្ធិដោយ thmeythmey.com