ជាតិ
សិល្បះ
សល់តែ​១៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ឈប់​ទទួល​ស្នាដៃ​រឿង​ខ្លី​ហើយ​
03, Jun 2022 , 8:59 am        
រូបភាព
រូប​ផ្ដល់ឱ្យ
រូប​ផ្ដល់ឱ្យ
ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​មិថុនានេះ គឺ​នៅ​សល់​តែ​១៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ផុត​កំណត់​ឈប់​ទទួល​ស្នាដៃ​រឿង​ខ្លី ដើម្បី​ប្រកួត​ប្រជែង​ពាន​រង្វាន់​ភាព​យន្ត​ខ្លី​ឆ្នើម​កម្ពុជា​ ក្នុង​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​(CSFF) លើក​ទី​១១​ ឆ្នាំ​២០២២​ហើយ​។ មហោស្រព​ បាន​ក្រើន​រំលឹកដល់​យុវសមិទ្ធករ​ ផលិតករ​ភាព​យន្ត​ខ្នាត​ខ្លី និង​អ្នក​ដែល​មាន​​បំណង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន រួស​រាន់​បញ្ចប់ស្នាដៃ​និង​បញ្ជូន​រឿង​របស់​ខ្លួន​ មក​កាន់មហោស្រព​។


លោក ស៊ុំ ស៊ីថែន ប្រធាន​​ CSFF ២០២២ បាន​លើក​ឡើង​ថា លោក​​លើ​ក​ទឹក​ចិត្ត​ដល់​សមិទ្ធិករភាព​យន្ត​កម្ពុជា​ និង​អន្តរជាតិ​ ឱ្យ​ដាក់​ភាព​យន្ត​មក​កាន់​​មហោស្រព​​ឱ្យ​បាន​រួស​រាន់​។ លោក ស៊ី​ថែន ក៏​បាន​បន្ថែម​ទៀត​ថា មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ ការ​យល់​ដឹង​ពី​មហោស្រព​ជា​បន្ត​បន្ទាប់​ទៀត​។ 
 
«កម្ម​វិធី​ឡើង​រោង​កុន​ យើង​នឹង​ធ្វើ​ឡើង​ជា​មួយ​នឹង​រោង​ភាព​យន្ត​ ជា​ដៃ​គូ​សំខាន់​របស់​យើង​ គឺ​រោង​ភាព​យន្ត​លេជេន​នៅ​សាខា​ Noro Mall ដោយ​មាន​ការ​បញ្ចាំង​ភាព​យន្ត​ខ្លី និង​ការ​សម្ដែង​ក្បាច់​គុន​ខ្មែរ​ថែម​ទៀត​ផង​»។ នេះ​ជា​ការ​ពន្យល់​បន្ថែម​របស់​លោក ស៊ុំ ស៊ីថែន​។
 


 លោក ស៊ុំ ស៊ីថែន ប្រធាន​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ CSFF (រូប​ផ្ដល់​ឱ្យ)

ដូច​ឆ្នាំ​មុន​ដែរ ក្រៅ​ពី​រឿង​ប្រឌិត និង​ភាព​យន្ត​ឯកសារ CSFF នៅ​តែ​បន្ត​ទទួល​យក​វីដេអូ​តន្រ្តី​ និង​គំនូរ​ជីវចល ឱ្យ​តែ​រយៈ​ពេល​អតិបរមានៃ​វីដេអូ មិន​លើស​ពី​៣០​នាទី។ CSFF-XI នឹង​បន្ថែម​នូវ​ពាន​រង្វាន់​ថ្មី “ភាព​យន្ត​​ខ្លី​អន្តរជាតិ​ល្អ​បំផុត​” ដែល​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ មេប្រយោគអន្តរជាតិ​។ ជ័យ​លាភី​ នឹង​ត្រូវ​បែង​ចែក​យ៉ាង​ហោច​ជា​៥​ប្រភេទ​ ដូច​ជា​ភាពយន្ត​ខ្លី​ឆ្នើម​របស់​កម្ពុជា ភាព​យន្ត​ខ្លី​ឆ្នើម​បន្ទាប់​របស់​កម្ពុជា ភាព​យន្ត​ខ្លី​ឆ្នើម​អន្តរជាតិ​។ រង្វាន់​ទស្សនិក​ជន​ ដល់​ភាព​យន្ត​ខ្លីក្នុង​ស្រុក​ រង្វាន់​ទស្សនិក​ជន​ ដល់​ភាព​យន្ត​ខ្លី​អន្តរជាតិ​។ 
 
រៀប​ចំ​ដោយ​ ក្រុម​ភាព​យន្ត​ឈូក​រ័ត្ន​ យុទ្ធនាការ​ Chaktomuk Film Insight បាន​ផ្សព្វ​ផ្សាយ​​​ដល់​ទស្សនិក​ជន ទាំង​តាម​អ៊ីនធឺណិត​ និង​ដោយ​ផ្ទាល់ បាន​ចំនួន​៦​ដង​រួច​មក​ហើយ​ គិត​មក​ទល់​នឹង​ពេល​នេះ​។ ការ​បញ្ចាំង​ភាព​យន្ត​ចុង​ក្រោយបង្អស់​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​ នៅ​ខេត្ត​រតនគិរី រួម​ជា​មួយ​នឹង​ការ​បញ្ចាំង​ភាពយន្ត​ “តោះ​ថត​ឯកសារ​កម្ពុជា​” ដើម្បី​រំលេច​ប្រភេទ​ភាពយន្ត​ឯកសាររបស់​កម្ពុជា​​។ 
 
​តាំង​ពី​ចាប់​ផ្ដើម​ជំនាន់​ថ្មី​របស់​ខ្លួន CSFF ត្រូវ​បាន​គាំ​ទ្រ​​ជា​ផ្លូវ​ការ​ដោយ​ ក្រសួង​ព័ត៌​មាន​ រោង​ភាព​យន្ត​ Legend Cinemas,ស ផលិត​កម្ម​ Kongchak, Snaeng Media, Sabay News និង​ Everything About Cambodia។
 
មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ ក៏​កំពុង​ស្វែង​រក​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញ​វត្ថុ​បន្ថែម​ទៀត ជា​ពិសេស​រង្វាន់​ជា​សាច់​ប្រាក់​ ដល់​ម្ចាស់​ដើង​ឯក​ទាំង​៥​​ប្រភេទ​។


 រូប​ផ្ដល់​ឱ្យ

ក្រុមភាពយន្តឈូករ័ត្ន ឬ Sunflower Film​ ​Alliance ដំណើរការតាំងពីចុងឆ្នាំ២០១៧មក ចាត់ទុកជាក្រុមយុវជនក្រោមការគ្រប់គ្រង ដោយអង្គការភាពយន្តឈូករ័ត្ន - Sunflower Film Organization - SFO ដែលចូលរួមដោយអ្នកស្ម័គ្រចិត្តជាច្រើនរូប ទូទាំងប្រទេស កម្ពុជាដែលស្រឡាញ់ ជំនាញ ភាពយ​ន្ត អាយុ​ ចន្លោះពី១៥ឆ្នាំដល់៤០ឆ្នាំ។ អង្គការនេះផ្ទាល់ បានចុះឈ្មោះជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាអង្គការមិនរក ប្រាក់ចំណេញ ចុះថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៩ តាមសេចក្តីប្រកាស លេខ ១៣៩៤ ប្រ.ក។
 

  រូប​ផ្ដល់​ឱ្យ

មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ បាន​ប្រកាស​បើក​ទទួល​ស្នាដៃ​ របស់​ផលិត​ករ​ភាព​យន្ត​ខ្នាត​​ខ្លី តាំង​ពី​ខែ​មីនា ឆ្នាំ​២០២២​។ នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា វេលាម៉ោង​ ២៣:៥៩​(ម៉ោង​នៅ​កម្ពុជា​) ជា​វេលា​ផុត​កំណត់​ទទួល​ស្នាដៃ​រឿង​ខ្លី​។ 
 
ក្រុមភាពយន្តឈូករ័ត្នបានផលិតគម្រោងខ្លួនឯង និងសហផលិត តាំងពីចុងឆ្នាំ២០១៧ ដែលរួមមានកម្មវិធី«កុនខ្ញុំ» សម្រាប់ទូរទស្សន៍ជាតិ​កម្ពុជា (ទទក) កម្រងរឿងពី«គ្រួសារ» និងភាពយន្តខ្លីៗដូចជារឿង “akumu”និងរឿងខ្លីៗមួយ​ចំនួនទៀត។ តាំងពីឆ្នាំ ២០១៩ ក្រុមនេះក៏បានរៀបចំកម្មវិធី«តោះថតភាពយន្តឯកសារនៅកម្ពុជា»  (Let’s Document Cambodia) ដោយបានបណ្តុះបណ្តាលយុវជន នៅភ្នំពេញ និងតាមខេត្តនានាបានមិនតិចជាង២០០នាក់ទេ។ 
 
ក្រុមភាពយន្តឈូករ័ត្ន មានគោលដៅដ៏ចម្បង គឺចង់ឱ្យមានការ​យល់ដឹង កាន់តែទូលំទូលាយអំពីការផលិត​ភាពយន្ត ដើម្បីកសាងឧស្សាហកម្ម ភាពយន្តកម្ពុជា ឱ្យរឹងមានដោយរៀបចំវគ្គបណ្តុះបណ្តាលខ្លីៗ  និងចាក់បង្ហាញស្នាដៃ តាមប្រព័ន្ធផ្សព្វផ្សាយនានា និងរោងភាពយន្ត ឬមហោស្រពនានា រួមទាំងមហោស្រពភាពយន្តខ្លីចតុមុខ។ មហោស្រពភាពយន្តខ្លីចតុមុខ ជាកម្មវិធីប្រចាំក្រុម ដែលរួម​ជាមួយ​សម្ព័ន្ធមិត្ត តាមបណ្តាខេត្តនៅកម្ពុជា ក៏ដូចជាដៃគូនៅ​ក្រៅស្រុក ដើម្បីនាំស្នាដៃយុវជនខ្មែរ ឱ្យមាន​ការទទួលស្គាល់នៅលើឆាកអន្តរជាតិ៕
 
ប្រសិន​បើ​លោក​អ្នក​មាន​បំណង​ចូល​រួម​ជា​មួយ​សមិទ្ធិករ​​ផ្សេង​ៗ​ទៀត នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​រឿង​របស់​ខ្លួន​ ជា​មួយ​ទស្សនិក​ជន​​ឱ្យ​បាន​ច្រើន​ សូម​ផ្ញើ​រឿង​របស់​លោក​អ្នក​ មក​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ តាម​រយៈ​ https://filmfreeway.com/CSFF ឬ http://csff.co/submission/។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលទៅ​កាន់​ទំព័រហ្វេសប៊ុក ឬគេហទំព័រ Chaktomuk Short Film Festival ឬ Chaktomuk Short Film Festival - Home | Facebook។ Telegram៖​ https://t.me/csffkh។ YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/ 
 
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រព តាម​រយៈ​លេខ : (+៨៥៥) ១៥ ២២ ៦៦ ០២/ ១២ ៦៨ ៤៩ ៥៥ និង​ អ៊ីមែល: [email protected]
 
 
 

Tag:
 សិល្បៈ​
  ភាព​យន្ត​
  រឿង​ខ្លី
© រក្សាសិទ្ធិដោយ thmeythmey.com