អន្តរជាតិ
លោក បៃឌិន៖ កាំភ្លើងជាឃាតករលេខមួយ ដែលសម្លាប់ក្មេងនៅអាម៉េរិក
03, Jun 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅយប់ថ្ងៃទី២ ខែមិថុនា បានលើកឡើងថា កាំភ្លើងជាឃាតករលេខមួយដែលបានសម្លាប់ក្មេងៗនៅក្នុងទឹកដីអាម៉េរិក បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍។ ក្នុងន័យនេះ លោក បៃឌិន បានជំរុញឱ្យសភាអាម៉េរិក ចាត់វិធានការប្រឆាំងនឹងការផ្ទុះអាវុធ ដែលកើតមានជាញឹកញាប់នៅអាម៉េរិក។

 
ករណីបាញ់សម្លាប់នៅលើទឹកដីអាម៉េរិក បានកើតមានជាញឹកញាប់។ នៅថ្ងៃទី២៤ ខែឧសភា ការបាញ់សម្លាប់បានកើតឡើងនៅសាលាបឋម Robb Elementary ដោយបានសម្លាប់កុមារយ៉ាងហោចណាស់ចំនួន ១៩នាក់ និងមនុស្សពេញវ័យ ២នាក់ទៀត។ បន្ថែមពីនេះ នៅថ្ងៃទី២ ខែមិថុនា មនុស្ស ៥នាក់ រួមទាំងឃាតករ ត្រូវបានសម្លាប់នៅក្នុងអាគារមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុង Tulsa រដ្ឋOklahoma។ 
 
ក្នុងសារទៅកាន់ប្រជាជាតិនៅយប់ថ្ងៃទី២ ខែមិថុនា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានជំរុញឱ្យសភាអាម៉េរិក ត្រូវចាត់វិធានការដើម្បីប្រឆាំងនឹងកាំភ្លើង ដែលបានឆក់ជីវិតមនុស្សច្រើននាក់ ជាពិសេសកុមារ។ បើតាមលោកបៃឌិន កុមារ នៅអាម៉េរិក ត្រូវបានសម្លាប់ដោយកាំភ្លើងច្រើនបំផុត។ 
 
«ទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បានបង្ហាញថា កាំភ្លើង ជាឃាតករទីមួយ ដែលសម្លាប់កុមារ...ច្រើនជាងគ្រោះថ្នាក់ចរាចរណ៍»។ លោក បៃឌិន បានសង្កត់ធ្ងន់បែបនេះ ពីសេតវិមានដោយបន្ថែមថា​ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ក្មេងៗជាច្រើនរូប ត្រូវបានសម្លាប់ច្រើនជាងចំនួនមន្ត្រីប៉ូលិស និងយោធាដែលបំពេញកាតព្វកិច្ចទៅទៀត។ 
 
លោកបៃឌិន បានលើកឡើងថា ការពង្រឹងច្បាប់គ្រប់គ្រងកាំភ្លើង មិនមែនជាការដកហូតសិទ្ធិរបស់ប្រជាជនអាម៉េរិកឡើយ ផ្ទុយទៅវិញ វាជាការការពារក្មេង និងការពារគ្រួសាររបស់ពួកគេ។
 
ដោយអត្រាប្រជាជន និងកុមារស្លាប់ច្រើនក្នុងហិង្សាដែលបង្កដោយកាំភ្លើងបែបនេះ ប្រធានាធិបតីអាម៉េរិក បានយល់ថា អាម៉េរិក មិនគួរបណ្តោយឱ្យមានរឿងបែបនេះ កើតឡើងចំពោះប្រជាជនអាម៉េរិកតទៀតឡើយ និងជំរុញឱ្យសមាជិកសភាមកពីបក្សសាធារណរដ្ឋបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ ដែលមានរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនៅអាម៉េរិក។ 
 
ក្នុងសារដែលថ្លែងនៅយប់ថ្ងៃទី២ ខែមិថុនានោះ មេដឹកនាំអាម៉េរិករូបនេះ បានអំពាវនាវឱ្យសភាលើកយកសំណើច្បាប់ជាច្រើន ដែលត្រូវបានជំទាស់ដោយសមាជិកសភាមកពីបក្សសាធារណរដ្ឋ មកពិភាក្សា និងបោះឆ្នោតឡើងវិញ។ ក្នុងនោះមានដូចជា ការហាមឃាត់ការលក់អាវុធនៅអាម៉េរិក ឬការដំឡើងអាយុពី១៨ឆ្នាំដល់២១ឆ្នាំក្នុងការទិញកាំភ្លើងវែងពាក់កណ្ដាលស្វ័យប្រវត្តិ រួមទាំងការលុបចោលបទបញ្ញត្តិដែលការពារក្រុមហ៊ុនផលិតកាំភ្លើងពីការប្តឹង ចំពោះអំពើហិង្សាផង។ 
 
យ៉ាងណាមិញ វាមិនមែនជារឿងងាយស្រួលឡើងក្នុងការអនុម័តច្បាប់ ខណៈដែលបក្សទាំងពីរមានសំឡេង៥០ស្មើគ្នានៅព្រឹទ្ធសភា តែសំឡេងត្រូវការមាន៦០កៅអី។
 
បើតាមលោកបៃឌិន ការបាញ់បោះដែលកើតមាន គឺគ្រប់គ្រាន់សម្រាប់ប្រជាជនអាម៉េរិកហើយ។ ត្រង់ចំណុចនេះ លោកប្រធានាធិបតី បានព្រមានថា បើសមាជិកសភា មិនអាចដាក់ចេញចំណាត់ការលើការរឹតត្បិតកាំភ្លើង អ្នកបោះឆ្នោត នឹងប្រើកំហឹងរបស់ខ្លួនជាបញ្ហាសំខាន់ សម្រាប់ការបោះឆ្នោតសភានៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។ 
 
សូមបញ្ជាក់ថា តាមទិន្នន័យរបស់ក្រុមស្រាវជ្រាវ Gun Violence Archive កាំភ្លើងបានសម្លាប់ប្រជាជន១៨០០០នាក់ នៅក្នុងឆ្នាំ២០២២ ដោយរួមទាំងអត្តឃាតផង។ បញ្ហានេះ បានធ្វើឱ្យអាម៉េរិកក្លាយជាប្រទេសអភិវឌ្ឍន៍មួយមានអត្រាសម្លាប់ ដោយកាំភ្លើងដ៏ខ្ពស់៕ 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com