កីឡាជាតិ
ជាតិ
មិត្តភាពអន្តរជាតិ៖ ហុងដា មិនទាន់ពេញចិត្តលទ្ធផលប្រកួតឡើយ ទោះឈ្នះទីម័រខាងកើត ២-១
03, Jun 2022 , 12:29 pm        
រូបភាព
លោក Keisuke Honda ឈរគោរភ្លេងជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ កម្ពុជា និងទីម័រខាងកើត
លោក Keisuke Honda ឈរគោរភ្លេងជាតិកម្ពុជា ក្នុងជំនួបមិត្តភាពអន្តរជាតិ កម្ពុជា និងទីម័រខាងកើត
ដោយ៖ហៀក ឆក

ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិស្មាត រវាងក្រុមជម្រើសជាតិកម្ពុជា និង ទីម័រខាងកើត អ្នកចាត់ការទូទៅក្រុមកម្ពុជា Keisuke Honda បង្ហាញអារម្មណ៍មិនពេញចិត្តចំពោះលទ្ធផលប្រកួតឡើយ។ កម្ពុជាឈ្នះ ទីម័រខាងកើត ២-១។


នាកីឡដ្ឋានមរតកតេជោ ក្នុងជំនួបមិត្តភាពអន្តរជាតិមិត្តភាព រវាងកម្ពុជា និងទីម័រខាងកើត កាលពីល្ងាចថ្ងៃទី២ មិថុនា បានបញ្ចប់ក្នុងលទ្ធផល ២-១។ ទោះបីកម្ពុជាឈ្នះក្តី ក៏អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda មិនសប្បាយចិត្តឡើយ។
 
ក្រោយចប់ការប្រកួត លោក Honda បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ពិតណាស់ យើងមិនទាន់ពេញចិត្តនៅឡើយទេ។ យើងនឹងផ្លាស់ប្ដូរទម្រង់លេងរបស់យើងនៅការប្រកួតប្រកួតក្រោយ»។ 
 
អ្នកចាត់ការជម្រើសជាតិរូបនេះ មិនបានបង្ហាញហេតុផលពីអារម្មណ៍មិនពេញចិត្តខ្លួននេះឡើយ។ ប៉ុន្តែលោក Honda ទំនងជាចង់បង្ហាញពីអារម្មណ៍ខកចិត្ត ចំពោះទម្រង់លេងកូនក្រុមរបស់ខ្លួន នាជំនួបមិត្តភាពជាមួយទីម័រខាងកើតនេះ។
 
ចំពោះទម្រង់លេងរបស់ជម្រើសជាតិ ក្នុងជំនួបទីម័រខាងកើតនោះ មានគ្រប់គ្រងបាល់តែ៤២ភាគរយប៉ុណ្ណោះ ខណៈការបញ្ជូនបាល់ឱ្យគ្នា មិនសូវបានល្អ ហើយប៉ះខូចបាល់ច្រើន។ ជាពិសេសទម្រង់លេង ហាក់មិនសូវស៊ីចង្វាក់គ្នានៅលើទីលាន។ 
 
មិនតែប៉ុណ្ណោះ ក៏មានការផ្លាស់ប្ដូរទម្រង់លេង និងតួនាទីកីឡាករច្រើន សម្រាប់ការប្រកួតនេះដែរ។ នោះប្រហែលជាលោក Honda ចង់ធ្វើតេស្តសមត្ថភាពកីឡាករ មុនការប្រកួតពានរង្វាន់ AFC ASIAN CUP 2023 នៅប្រទេសឥណ្ឌា។
 
សម្រាប់ការប្រកួតមិត្តភាពនេះ ក្រុមទីម័រខាងកើត រកបាន១គ្រាប់មុន នៅនាទី ២១ ដោយកីឡាករខ្សែប្រយុទ្ធ Mouzinho ដែលទើបចុះកុងត្រាជាមួយ ក្រុមបាល់ទាត់ អង្គរថាយហ្គឺរ។
ជាង១០នាទីក្រោយមក ក្រុមកម្ពុជារកគ្រាប់បាល់តាមស្មើ ដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី ៣៩ និងគ្រាប់បាល់ទី២ នៅនាទី ៨៣ រកបានដោយកីឡាករ ជួន ចាន់ចាវ ដែលប្តូរចូលជំនួស ទេស សម្បត្តិ បន្ទាប់ពីការលើកបាល់ពិន័យ (FreeKick) ពីកីឡាករ ម៉ាត់ ណូរុណ ដែលប្តូរជំនួស កែវ សុខផេង។
 
គួរបញ្ជាក់ថា ក្រោយជំនួបមិត្តភាពនេះ ក្រុមកម្ពុជានឹងត្រូវជួបក្រុម ឥណ្ឌា នៅថ្ងៃទី ៨ មិថុនា ក្នុងព្រឹត្តការណ៍ពានរង្វាន់ AFC ASIAN CUP 2023៕
 
 

Tag:
 បាល់ទាត់
 មិត្តភាព
 ហុងដា
© រក្សាសិទ្ធិដោយ thmeythmey.com