កីឡាជាតិ
ជាតិ
គ្រូបង្វឹកជម្រើសជាតិកម្ពុជា ៖ យើងនឹងប្តូរយុទ្ធសាស្ត្រប្រកួត នៅពានរង្វាន់ AFC ASIAN CUP 2023
03, Jun 2022 , 3:20 pm        
រូបភាព
លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា(ប្រភព Cambo2023)
លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា(ប្រភព Cambo2023)
ដោយ៖ហៀក​ ឆក

កម្ពុជា នឹងប្តូរយុទ្ធសាស្ត្រ សម្រាប់ពានរង្វាន់ AFC ASIAN CUP 2023។ គ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Ryu Hirose ថ្លែងបែបនេះ នៅក្នុងសន្និសីទកាសែត ក្រោយជំនួបមិត្តភាពរវាងទីម័រខាងកើត នាពហុកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី ២ មិថុនា។


លោក Ryu Hirose ចាត់ទុកការលេងទល់នឹងទីម័រ ជាការប្រកួតសាកល្បងយុទ្ធសាស្រ្ត សម្រាប់ទម្រង់លេងរបស់កម្ពុជា។ សម្រាប់លោក Ryu ទីម័រខាងកើត ជាគូប្រកូតដ៏ល្អ។
 
«យើងប្រហែលជាអាចផ្លាស់ប្ដូរ យុទ្ធសាស្ដ្រខ្លះក្នុងការរៀបចំខ្លួនប្រកួត AFC Asian Cup Qualifiers 2023 និងការប្រកួតអន្ដរជាតិផ្សេងៗទៀត។ សម្រាប់ទីម័រខាងកើត គឺជាគូប្រកួតដ៏ល្អ ដែលបានសាកល្បងយុទ្ធសាស្ដ្រប្រកួត»។ សម្តីរបស់លោក Ryu Hirose គ្រូជម្រើសជាតិកម្ពុជា។
 
ដោយឡែកអ្នកចាត់ការទូរទៅជម្រើសជាតិ លោក Keisuke Honda ក៏មើលឃើញពីចំណុចខ្វះខាតរបស់កូនក្រុមខ្លួន ក្នុងការប្រកួតឈ្នះទីម័រខាងកើត ២-១ នេះដែរ។ ក្រោយចប់ការប្រកួត លោក Honda បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ពិតណាស់ យើងមិនទាន់ពេញចិត្តនៅឡើយទេ។ យើងនឹងផ្លាស់ប្ដូរទម្រង់លេងរបស់យើងនៅការប្រកួតប្រកួតក្រោយ»។ 


 កម្ពុជា ប្រកួតមិត្តភាពអន្តរជាតិជាមួយទីម័រខាងកើត នាកីឡដ្ឋានមរតកតេជោ កាលពីថ្ងៃទី២ មិថុនា ២០២២

កម្ពុជា នឹងត្រូវជួបឥណ្ឌា ថ្ងៃទី៨ មិថុនា នាកីឡដ្ឋាន Salt Lake ក្រុងKoltkata ប្រទេសឥណ្ឌា មុនពេលជួប ហុងកុង នាថ្ងៃទី ១១ មិថុនា។ ប្រកួតចុងក្រោយកម្ពុជា ជួប អាហ្វហ្គានីស្ថាន ថ្ងៃទី១៤ មិថុនា។
 
កីឡាករកម្ពុជា ២៣ រូប ក្រោមការដឹកនាំរបស់អ្នកចាត់ការទូរទៅជម្រើសជាតិ លោក Keisuke Honda, អ្នកចាត់ការក្រុម លោក ឈុំ ពិសិដ្ឋ និងលោក Ryu Hirose គ្រូជបង្គោលនៃក្រុមជម្រើសជាតិ។
 
អ្នកចាំទី៖ ហ៊ុល គឹមហុយ,កែវ សុខសិលា, ខ្សែការពារមាន សឿយ វិសាល (ប្រធានក្រុម), ទេស សម្បត្តិ, ឆេង ម៉េង, តាំង ប៊ុនឆៃ, កុក បូរីស និង ធារីចន្ថា ប៊ីន, ខណៈ ខ្សែបម្រើមាន ជូ ស៊ីនទី, ឡុង ភារ៉ាត់, អ៊ន ចាន់ប៉ូលីន, កែន ច័ន្ទសុភ័ក្ត្រ និងវីរៈ ដារ៉ា, ចំណែកខ្សែ ប្រយុទ្ធខាងលើមាន កែវ សុខផេង, សៀង ចន្ធា, សុះ ស៊ូហាណា, សារ ទី, ស៊ិន សុវណ្ណមករា និងប្រាក់ ធីវ៉ា។
 
គួបញ្ជាក់ថា ការប្រកួតវគ្គជម្រុះក្នុងពូល នៃពានរង្វាន់ AFC Asian Cup Qualifiers បានចាប់ផ្តើមកាលពីថ្ងៃទី ២៥ ឧសភា រហូតដល់ថ្ងៃទី ១៥ មិថុនា ដែលឥណ្ឌាជាម្ចាស់ផ្ទះក្នុងពូល D៕
 
 

Tag:
 បាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com